ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកញៀនល្បែងជល់មាន់ នៅច្រកតំបន់ស្វាយអាង៉ោង អត់ខ្លាចឆ្លងកូវីដ១៩ ទេ!

3 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង​៖​ បើទោះបីជាថ្មីៗនេះ ប្រទេសកម្ពុជាបានរកឃើញ មានការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ហើយរាជរដ្ឋាភិបាល បានប្រកាសណែនាំអោយប្រជាពលរដ្​ឋទូទាំងប្រទេស ចូលរួមអនុវត្តវិធានការសុខាភិបាល អោយបានតឹងរឹងក្តី ក៏ក្រុមអ្នកញៀនល្បែង…

ព្រៃវែង​៖​ បើទោះបីជាថ្មីៗនេះ ប្រទេសកម្ពុជាបានរកឃើញ មានការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ហើយរាជរដ្ឋាភិបាល បានប្រកាសណែនាំអោយប្រជាពលរដ្​ឋទូទាំងប្រទេស ចូលរួមអនុវត្តវិធានការសុខាភិបាល អោយបានតឹងរឹងក្តី ក៏ក្រុមអ្នកញៀនល្បែង នៅខេត្តព្រៃវែង មិនខ្វល់យកត្រចៀកស្តាប់ និងអនុវត្តតាមដែរ។ ពួកគេនៅតែបន្តប្រមូលផ្តុំគ្នា លេងល្បែងជល់មាន់យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ នៅក្នុងកាស៊ីណូ អត់ឈ្មោះ១កន្លែង នៅមាត់ច្រកតំបន់ស្វាយអាង៉ោង ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីអ្នកស្រុក ដែលរស់នៅជិតមាត់ច្រកនោះ បានអោយដឹងថា ក្រុមអ្នកញៀនល្បែង ដែលចូលទៅលេងជល់មាន់ បៀរ អាប៉ោង នៅក្នុងកាស៊ីណូ អត់ឈ្មោះនោះ ១ថ្ងៃៗ មិនក្រោម ១០០នាក់នោះទេ ក្នុងនោះ មានទាំងខ្មែរ និងវៀតណាម ហើយមនុស្សទាំងនោះ មិនដឹងមកពីណាទេ ឃើញតែដឹកជញ្ជូនគ្នា មកជារៀងរាល់ថ្ងៃ។ ក្នុងចំណោមមនុស្សទាំងនោះ មិនដឹងថា មានអ្នកផ្ទុកជំងឺកូវីដ ឬអត់នោះទេ គួរអោយបារម្ភណាស់។

ប្រជាពលរដ្ឋនៅជិតច្រកព្រំដែន​តំបន់ស្វាយអាង៉ោងនោះ បានរៀបរាប់ទាំងព្រួយ​បារម្ភថា ឥឡូវនេះ ជំងឺកូវីដ បានឆ្លងដល់ក្នុងសហគមន៍ហើយ បើក្រុមអ្នកញៀន​ល្បែងទាំងនេះ នៅតែប្រមូលផ្តុំគ្នាលេងរាល់ថ្ងៃបែបនេះ បើឆ្លងកូវីដទៅ តើនរណា​ទទួលខុសត្រូវ? ហើយបើឆ្លងមែននោះ តើពួកគាត់គិតយ៉ាងម៉េចទៅ? ពួកគាត់ខ្លាចណាស់ បារម្ភណាស់ ដេកមិនលក់ទេ…។

ដោយឡែក មន្ត្រីប្រចាំការ នៅមាត់ច្រកតំបន់ស្វាយអាង៉ោងនោះ បានអោយដឹងថា កាស៊ីណូអត់ឈ្មោះនេះ មានមេការម្នាក់ឈ្មោះ តី ហើយគេបានជួលអោយបុរសម្នាក់ ឈ្មោះ អូន នៅអ្នកលឿង ជាអ្នកបើកលេង ក្នុងរូបភាពលួចលាក់ តែគេបានរត់ការបង់លុយអោយសមត្ថកិច្ចអស់ហើយ តាំងពីថ្នាក់ស្រុក រហូតដល់ខេត្ត រួមទាំងក្រុមអ្នកកាសែតត្បាញអាយមួយចំនួន នៅក្នុងខេត្តព្រៃវែង​ផងដែរ។

ប្រភពដដែលនេះ បានបន្តទៀតថា ធាតុពិត កាស៊ីណូ១នេះ ក៏មានអាជ្ញាប័ណ្ណ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរ។ ប៉ុន្តែច្បាប់កាស៊ីណូនៅប្រទេសកម្ពុជា មិនអនុញ្ញាតអោយជនជាតិខ្មែរ ចូលលេងទេ គឺគេអោយចូលលេងតែជនបរទេស​ប៉ុណ្ណោះ។ ប៉ុន្តែដោយសារវត្តមានជំងឺ​កូវីដ១៩ ទើបគ្មានជនបរទេសណា អាចឆ្លងដែនចូលមកលេងបាន ទើបកាស៊ីណូទាំងអស់ ត្រូវបង្ខំចិត្តបិទទ្វារ។

ចំណែកកាស៊ីណូនៅច្រកស្វាយអាង៉ោងនេះ ក៏បានបិទទ្វារដូចកាស៊ីណូដទៃទៀតដែរ។ ប៉ុន្តែកាលពីជាង១ខែមុននេះ កំពូលអ្នកជល់មាន់ម្នាក់ឈ្មោះ អូន នៅអ្នកលឿង បានមកទាក់ទងសុំជួលសង្វៀនក្នុងកាស៊ីណូ លេងជល់មាន់ និងបានរត់ការបង់លុយ​អោយអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ទើបគេអាចដំណើរការលេងបានយ៉ាងរលូន រហូតដល់ពេលនេះ ទោះបីជាជម្ងឺកូវីដ១៩ កាចសាហាវយ៉ាងណា ក៏គេអត់ខ្លាចដែរ សំខាន់អោយតែបានជល់មាន់។

ចំពោះករណីនេះ កោះសន្តិភាព បានព្យាយាមទាក់ទងទៅខាងសមត្ថកិច្ច និងអាជ្ញាធរតាំងពីថ្នាក់ស្រុក រហូតដល់ខេត្ត ដើម្បីសុំការបំភ្លឺ ប៉ុន្តែចម្លើយ ដែលទទួលបាន គឺត្រឹមតែជាការដោះសារ និងឆ្លើយដោលដាក់គ្នា យករួចខ្លួនប៉ុណ្ណោះ។

ខាងសមត្ថកិច្ចអះអាងថា រឿងគេប្រមូលផ្ដុំគ្នាលេងល្បែងក្នុងកាស៊ីណូ មិនអាចទៅចាប់​បានទេ ព្រោះកាស៊ីណូគេមានច្បាប់។ ចំណែកបញ្ហាទប់ស្កាត់កូវីដ អោយសួរទៅខាង​អាជ្ញាធរវិញ ព្រោះនេះ ជាតួនាទីអាជ្ញាធរ។ ដល់ពេលសួរទៅខាងអាជ្ញាធរ បែរជាឆ្លើយ​ថា អត់ដឹងដែរ ចាំអោយសមត្ថកិច្ចចុះទៅពិនិត្យមើល…៕ ​សុំ ពៅពិសិដ្ឋ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ