ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​ការយាម​កាមឱ្យ​បាន​២៤ម៉ោង​លើ​២៤ម៉ោងតាម​ប៉ុសិ៍្ត​នីមួយៗ

15 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖​ កម្លាំង​នគរបាល​ត្រូវ​តែ​​បង្កើន​ការ​យាម​ប្រចាំ​ការ​ឱ្យ​បាន​២៤ម៉ោង ​លើ​២៤ម៉ោង ​ទាំង​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ​​អធិការដ្ឋាន​នគរបាល​ស្រុក ​និង​ប៉ុស្តិ៍​រដ្ឋ​បាល​​នីមួយៗ​ដែល​មាន​សារ​សំខាន់​​ណាស់ ​ព្រោះសភាព​ការណ៍​បទល្មើស​កើត​ឡើង​មិន​កំណត់​ពេល​វេលា​ទេ ។ ​ប្រសិន​ណា​បើ​មិន​អនុ​វត្ត​​ឱ្យ​​បាន​​ទេ​ គឺ​មិន​អាច​បំរើ​សេវា​សាធារណៈ​​ជូន​​ប្រជា​​ពល​រដ្ឋ​បាន​ទេ»​។ ​នេះ​ជា​ប្រសាសន៍​​របស់​​លោក​​ឧត្តម​សេនីយ៍ឯក​ជួន សុវណ្ណ ​អគ្គស្នង​​ការ​រង​នគរ​បាល​ជាតិ និងតំណាងឱ្យលោកនេត សា​វឿន អគ្គស្នង​ការនគរបាលជាតិ ថ្លែងនៅក្នុង​​ពិធីប្រកាសផ្ទេរ​ភារកិច្ច តែងតាំងមុខ​តំណែង និងដំឡើងឋានន្តរ​ស័ក្តិ​មន្ត្រីនគរ​បាល​ជាតិ នារសៀលថ្ងៃទី២៣ មីនា ២០១១ នៅ​សាល​ប្រជុំនៃស្នងការដ្ឋាននគរ​បាលខេត្ត ។

លោកឧត្តមសេនីយ៍ត្រីនួន សាមិន ស្នងការ​នគរបាលខេត្ត មានប្រសាសន៍ដោយគូសបញ្ជាក់​ថា ជាក់ស្តែងនៅក្នុងឆ្នាំ២០១០ បទ​ល្មើស​ដែល​កើតមានឡើងនៅក្នុងភូមិសាស្រ្តខេត្តត្រូវ​បាន​បង្រ្កាប បង្ការទប់ស្កាត់​ និងកាត់​បន្ថយបាន​រហូត​ដល់ទៅចំនួន១១៧ករណីគួរ​ឱ្យកត់​សំគាល់ ។ ទាំងនេះអាស្រ័យដោយការខិតខំ​ប្រឹង​ប្រែងឥតរួញរារបស់កងកម្លាំងគ្រប់ជំនាញ​និង​គ្រប់លំដាប់ថ្នាក់ខេត្ត-ស្រុក ប៉ុសិ៍្ត និង​អាស្រ័យ​ដោយមានការដឹកនាំដ៏ត្រឹមត្រូវ ព្រម​ទាំង​ការ​យកចិត្តទុកដាក់ជួយឧបត្ថម្ភពីក្រសួងមហា​ផ្ទៃ អគ្គស្នងការនគរបាលជាតិ គណៈ​បញ្ជា​ការឯក​ភាពខេត្ត និងការចូលរួមសហការពី​អាជ្ញា​ធរ​មូលដ្ឋាន អង្គភាពប្រដាប់អាវុធទាំងអស់ ធ្វើ​​ឱ្យកងកំលាំងយើងសំរេចបាននូវតួ​នាទី​ភារ​កិច្ចរបស់ខ្លួន ។

លោកឧត្តមសេនីយ៍ត្រីនួន សាមិន បាន​បន្ត​ថា ដោយបានទទួលការយក​ចិត្តទុក​ដាក់​ពី​ថ្នាក់​លើ សំរេចតែងតាំងថ្នាក់​ស្នង​ការរងជានារី​ចំនួន​១រូប អនុប្រធានការិយា​ល័យ​កណ្តាលចំនួន១រូប នាយការិយាល័យ​ចំនួន១រូប អធិការនគរ​បាល​ស្រុកចំនួន១រូប នាយ​រង​ការិយាល័យចំនួន​៤​រូប ផ្ទេរភារកិច្ចថ្នាក់នាយការិ​យាល័យជំនាញចំនួន​១រូប ថ្នាក់នាយរងការិយាល័យជំនាញចំនួន​១រូប ដំឡើងឋានន្តរស័ក្តិតាមលក្ខន្តិកៈដោយ​ឡែករបស់មន្ត្រីនគរបាលជាតិចំនួន៥រូប ។ ការ​បំពាក់ឋានន្តរ​ស័ក្តិនៅក្នុងពិធីនេះសរុបមានចំនួន​៥រូបគឺ ថ្នាក់វរ​សេ​នីយ៍​ទោចំនួន១រូប ថ្នាក់វរ​សេនីយ៍ត្រីចំនួន១រូប អនុសេនីយ៍ឯកចំនួន២រូប ថ្នាក់អនុសេនីយ៍​ទោចំនួន១រូប  ។

លោកស្រីវរសេនីយ៍ត្រីអៀម វណ្ណី ស្នងការ​រង តំណាងនាយនគរបាលដែលទើបតែងតាំង​មុខតំណែង និងបំពាក់ឋានន្តរស័ក្តិថ្មីបាន​ប្តេជ្ញា​ចិត្តថា រយៈពេលកន្លងមកនេះ ក្នុង​ការ​ងារ​បំពេញភារកិច្ចជូនអង្គភាព ក៏ដូចជារាជរដ្ឋា​ភិបាល យើងខ្ញុំបានយកចិត្តទុកដាក់ខិត​​ខំ​ប្រឹង​ប្រែងអនុវត្ត និងទទួលខុសត្រូវរាល់គ្រប់ផែន​ការការងារដែលអង្គភាពបានប្រគល់ឱ្យប្រកប​ដោយជំហរមោះមុត ស្មារតីស្មោះត្រង់បម្រើ​ផល​ប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋ​ទទួល​បានលទ្ធផលល្អជាបន្តបន្ទាប់ ។ ឆ្លើយតប​នឹងសមានចិត្តសកម្មភាពដ៏ល្អប្រពៃនិងឧត្តុង្គឧត្តម្ភរបស់ថ្នាក់លើ សូមប្តេជ្ញាចិត្តស្មោះត្រង់​ដាច់ខាតចំពោះជាតិ សាសនា ព្រះ​មហាក្សត្រ គោរពនិងប្រតិបត្តិការឲ្យបានល្អតាមរដ្ឋធម្ម​នុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា គោ​រព​និងអនុវត្តឲ្យ​បានល្អនូវ​កម្មវិធីនយោបាយរបស់រាជ​រដ្ឋា​ភិបាល ស្មោះត្រង់ចំពោះអង្គភាព ថ្នាក់ដឹកនាំ និង​គោរពឲ្យបានល្អរាល់បទ​បញ្ជា​ផ្សេងៗ បំពេញកាតព្វកិច្ចជានាយនគរបាល​ជាតិដ៏ល្អ​រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ យកចិត្តទុកដាក់ខិតខំប្រឹងប្រែង​បំពេញ​​ភារ​កិច្ចរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់សង្គម ជូនប្រជាពលរដ្ឋបម្រើផល​ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ឯកជួន សុវណ្ណ អគ្គ​ស្នងការរងនគរបាលជាតិបានមាន​ប្រសាសន៍​កោត​សសើរចំពោះ​កង​កម្លាំង​នគរបាល​ខេត្ត​កំពង់ចាមដែលសម្រេចបាន​លទ្ធផល​ល្អ​ប្រសើរ​​ក្នុង​ការងាររក្សាសន្តិសុខសណ្តាប់​ធ្នាប់សាធា​រណៈ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌដោយ​បាន​កាត់បន្ថយនូវបទល្មើសជាអតិបរមាគួរឱ្យកត់សំគាល់ ។

លោកអគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា ជោគជ័យទាំងនេះបានមកដោយ​ការ​ខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកប​ដោយ​ស្មារតីទទួលខុសត្រូវនិងប្រកបដោយពលី​កម្ម មិនថាថ្ងៃយប់ ក្តៅឫត្រជាក់ លំបាកស្មុគ​ស្មាញ​យ៉ាងណាក្តី ពីសំណាក់នាយ-នាយរង ពលនគរ​បាលជាតិដែលបានឈ្មុសឈ្មុលគ្រប់ឧបសគ្គ នូវរាល់បេសកមក្មដ៏ពិសិដ្ឋរបស់ខ្លួន ។ កត្តា​សំខាន់នោះត្រូវតែចាត់តាំងអនុវត្តគោល​នយោ​បាយភូមិ-ឃុំមានសុវត្ថិភាពដែលមាន​លក្ខណៈ​​សម្បត្តិចំនួន៥យ៉ាងនោះគឺ គ្មានអំពើរឆក់ប្លន់ គ្មានគ្រឿងញៀន ល្បែងស៊ីសង ។ល។ ត្រូវ​តែ​រៀបចំប្រទាក់ក្រឡាឱ្យបានល្អនៅពេលណា​ដែល​មានសភាពការណ៍កើតឡើងនោះ ដូច្នេះ​ជនល្មើសមិនអាចគេច​ពីសំណាញ់​ច្បាប់បានទេ៕