ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារលិខិត​ឆ្លើយឆ្លង ថ្នាក់ដឹកនាំ​បក្ស​ទាំង​3​បង្ហាញ​ពី​គោល​ជំហរ​ដើម្បី​ប្រទេស​ជាតិ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ៗ​បាន​ផ្ញើ​សារ​តប​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​គោលបំណង​ចង់​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ​ដូច​ៗ​គ្នា ។ បន្ថែម​លើ​នេះ សម្រាប់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ៗ​បាន​ផ្ញើ​សារ​តប​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​គោលបំណង​ចង់​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ​ដូច​ៗ​គ្នា ។ បន្ថែម​លើ​នេះ សម្រាប់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រំឭក​គ្នា​ទាក់ទង​នឹង​ការ​បន្ត​វប្បធម៌​សន្ទនា​ផង​ដែរ ។

លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​មួយ​ច្បាប់​អបអរ​ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​បាន​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បោះ​ឆ្នោត​គាំទ្រ​ជូន​សម្តេច ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក សម រ​ង្ស៊ី សរសេរ​ថា «​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី​រីករាយ​ក្រែ​លែង និង​អំណរ​សាទរ​ដ៏​កក់ក្តៅ​ជាទី​បំផុត​ចំពោះ សម្តេច ដែល​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៨ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ឆ្នោត​ជ្រើសរើស​តាំង​សម្តេច​ជា​ប្រធាន​គណបក្ស » ។

លោក សម រ​ង្ស៊ី បញ្ជាក់​ថា «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​រីក​ចម្រើន​រឹង​មាំ​ជា​លំដាប់ ហើយ​ចំណងទាក់ទង និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​នៃ​វប្បធម៌​សន្ទនា​វាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ  នឹង​ចាក់​ឫស​ចាក់​គល់​កាន់តែ​ជ្រៅ ហើយនឹង​បន្ត​ពង្រឹងពង្រីក​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ក្នុង​គោលដៅ​រួម គឺ​ដើម្បី​សន្តិភាព ស្ថិរភាព សេរីភាព យុត្តិធម៌ និង​ការ​បង្រួម​បង្រួម​ជាតិ សម្រាប់​ជា​ប្រយោជន៍​ប្រទេស​ជាតិ​យើង និង​ប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​» ។

សម្រាប់​លិខិត​របស់​លោក សម រ​ង្ស៊ី ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន សរសេរ​លិខិត​ឆ្លើយ​តប​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​លិខិត​ចុះ​ថ្ងៃ​ទី​២៣ មិថុនា របស់​ឯកឧត្តម​ដែល​បាន​អបអរសាទ​និង​ជូនពរ​ខ្ញុំ ក្នុង​ពេល​ដែល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៨ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ឆ្នោត​ជ្រើសរើស​ខ្ញុំ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា » ។

សម្តេច​គូសបញ្ជាក់​ថា «​ជា​ការ​ពិត​ណាស់​ថា កិច្ចព្រមព្រៀង​ស្តី​ពី​វប្បធម៌​សន្ទនា​រវាង​គណបក្ស​យើង​ទាំង​ពីរ បាន​នាំ​មក​នូវ​លទ្ធផល​ដ៏​ល្អ​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ ។ ខ្ញុំ​សង្ឃឹមថា គណបក្ស​យើង​ទាំង​ពីរ នឹង​នៅ​តែ​ពង្រឹង​កិច្ចសហការ​គ្នា​ដោយ​ស្មារតី​ស្មោះត្រង់ លើ​ការ​អនុវត្ត​វប្បធម៌​សន្ទនា​នេះ​នៅ​តាម​បណ្តា​ថ្នាក់​បន្ត​ទៀត  ដើម្បី​សុខដុមរមនា​សម្រាប់​ប្រជាពលរដ្ឋ​យើង​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​» ។

ជាមួយនឹង​ការ​ទទួល​តំណែង​ជា​ប្រធាន​គណៈ បក្ស​គណបក្ស​ប្រជាជន​កម្ពុជា​នោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ដែល​ជា​គណបក្ស​មិន​មាន​អាសនៈ​ក្នុង​សភា​និង​តែងតែ​គាំទ្រ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ក៏​បាន​សរសេរ​លិខិត​ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ។

ក្នុង​លិខិត​នោះ សម្តេចក្រុមព្រះ​លើក​ឡើង​ថា «​ខ្ញុំ​មាន​ហឫទ័យ​សោមនស្ស និង​កិត្តិយស សូម​តាង​នាម​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច សម្តែង​នូវ​អំណរ​សរសើរ និង​សេចក្តី​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​ត្រូវ​បាន​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បោះ​ឆ្នោត ជ្រើសរើស​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ដោយ​បញ្ញាញាណ​ដ៏​ឈ្លៀសវៃ ភ្លឺស្វាង​ប្រកបដោយ​ទេព​កោសល្យ ប៉ិន​ប្រសប់ ពោរពេញ​ដោយ​បទ​ពិសោធន៍ សម្តេច​ប្រធាន​នឹង​ទទួល​បាន​ជោគជ័យ​គាប់ប្រសើរ ក្នុង​ការ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្ពោះទៅ​កាន់​វឌ្ឍនភាព ក៏​ដូច​ជា​បម្រើ​ពលរដ្ឋ​ខ្មែរ និង​ឧត្តម​ប្រយោជន៍​ជាតិខ្មែរ តទៅ​អនាគត »​។

សម្តេចក្រុមព្រះ​សង្កត់ធ្ងន់​ថា « ខ្ញុំ​មាន​សុទិដ្ឋិនិយម ព្រមទាំង​ជឿជាក់​យ៉ាង​ប្រាកដ​ថា ទំនាក់​ទំនងជា​ប្រពៃណី​និង​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច នឹង​ត្រូវ​រឹត​បន្តឹង​ពង្រឹងពង្រីក​ជា​បន្តបន្ទាប់ កាន់តែ​រឹង​មាំ និង​ប្រសើរ​ថែម​ទៀត ដើម្បី​ទិស ដៅ​រួម​គ្នា​គោរព​ការពារ​រដ្ឋធម្មនុញ្ញ របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ថែរក្សា​សន្តិភាព  ដែល​ជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដែល​សម្តេច​តេ​ជោ និង​ខ្ញុំ បាន​ចាប់ដៃ​គ្នា​នាំ​មក​ជូន​ជាតិ​មាតុភូមិ » ៕