ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ធ្វើ​ផ្លូវ​បេតុង ស្រាប់​ពលរដ្ឋ​បោះបង្គោល​មិន​ឱ្យ​ឈូស​ឆាយ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​មានផ្ទះ​រស់នៅ​តាម​ផ្លូវលំ​១​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខំ​តែ​សប្បាយ​រីករាយ ខណៈ​ទទួល​ដំណឹង​ថា អាជ្ញាធរ​មូលដ្ឋាន​នឹង​រៀបចំ​ធ្វើ​ផ្លូវ​បេតុង​ឱ្យ​ស្រួល​ធ្វើ​ដំណើរ​ទាំងអស់​គ្នា​។…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​មានផ្ទះ​រស់នៅ​តាម​ផ្លូវលំ​១​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខំ​តែ​សប្បាយ​រីករាយ ខណៈ​ទទួល​ដំណឹង​ថា អាជ្ញាធរ​មូលដ្ឋាន​នឹង​រៀបចំ​ធ្វើ​ផ្លូវ​បេតុង​ឱ្យ​ស្រួល​ធ្វើ​ដំណើរ​ទាំងអស់​គ្នា​។ លុះ​ក្រោយ​បន្តិច​មក ស្រាប់តែ​ឃើញ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាំ​បង្គោលរបង​នៅ​លើ​ផ្លូវ​ទៅ​វិញ ដោយ​ខំប្រឹង​តវ៉ា​ជជែក​យកឈ្នះ​មិន​ព្រមឱ្យ ធ្វើ​ផ្លូវ​ប៉ះ​ក្បាលដី​របស់​ខ្លួន​។ ហេតុការណ៍​ដែល​ប្រជាពលរដ្ឋ​យក​បង្គោលរបង​ថ្ម ទៅ​បោះ​នៅ​លើ​ចិញ្ចើម​ផ្លូវ មិន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ធ្វើ​ផ្លូវ​បេតុង​ជូន​ប្រើប្រាស់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ដោយ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​ខាងលើ មានការ​លំបាក​ធ្វើ​ដំណើរ​ចេញចូល ជា​ពិសេស​នៅ​រដូវវស្សា ទើប​អាជ្ញាធរ​ភូមិ បាន​ដាក់​សំណើសុំ​ទៅ​ខាង​អាជ្ញាធរ​សង្កាត់ ដើម្បី​ឱ្យ​រៀបចំ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​បេតុង សម្រាប់​ងាយស្រួល​ធ្វើ​ដំណើរ​ចេញចូល​ទៅ​ផ្ទះ​របស់​ខ្លួន​។ ប្រភព​បន្ត​ទៀត​ថា គ្រាន់តែ​លេចឮ​ដំណឹង​ថា អាជ្ញាធរ​មូលដ្ឋាន​នឹង​រៀបចំ​ធ្វើ​ផ្លូវ​ជូន​ពួក​គាត់ ដែល​មានផ្ទះ​នៅ​ផ្នែក​ខាងក្រោយ​ឆាប់​ៗ​នេះ ស្រាប់តែ​មាន​បុរស​ម្នាក់ ឈ្មោះ ខ្លឹម សា​រ៉ាត់ អាយុ​៦៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ផា​ន អាយុ​៥៩​ឆ្នាំ បាន​យក​បង្គោលរបង​ថ្ម​ទៅ​បោះ​នៅ​លើ​ផ្លូវ បណ្តាល​ឱ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។ ចំណែក​ផ្លូវ​នៅ​ខាងក្រោយ​វិញ ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ រិ​ទ្ធ ប្រពន្ធ​ឈ្មោះ តក់ រី បាន​យក​បង្គោលរបង​ថ្ម​បិទផ្លូវ​ជិត មិន​អាច​ឱ្យ​អាជ្ញាធរ​ធ្វើ​ផ្លូវ​កើត​នោះ​ឡើយ​។

ដូច្នេះ​ពួក​គាត់​ម្នាក់​ៗ ដែល​រស់នៅ​ផ្នែក​ខាងក្រោយ​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​អាជ្ញាធរ​រៀបចំ​ធ្វើ​ផ្លូវ​បេតុង សម្រាប់​ឱ្យធ្វើ​ដំណើរ​ស្រួល​ទាំងអស់​គ្នា​ហើយ បែរជា​មាន​អ្នក​គិត​ឃើញ​ប្លែក​ៗ​ទៅ​វិញ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ប៉ក់ សំ​អឿ​ន អតីត​មេ​ភូមិ​អូរ​ស្ងួត បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ដី​ផ្លូវ​ខាងលើ គឺ​លោក​បាន​សុំ​ម្ចាស់​ដី​ឱ្យ​ប្រគល់​ជូន​រដ្ឋ​ម្ខាង​ចំនួន​៤​ម៉ែត្រ សរុប​ទៅ​គឺ​៨​ម៉ែត្រ ហើយ​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​ដែរ ដោយ​មិន​មានការ​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ ឬ​បិទ​ដូច​ពេល​នេះ​ទេ​។ លោក​បន្ត​ទៀត​ថា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គ្រាន់តែ​ឮដំណឹង​ថា អាជ្ញាធរ​រៀបចំ​ធ្វើ​ផ្លូវ​បេតុង ប្រហែលជា​មាន​អ្នក​ចាក់ចុច​ដល់​ម្ចាស់​ដី ទើប​នាំ​គ្នា​ជីក​ដាំ​បង្គោល​បង្ខិត​ចូល​ទៅ​លើ​ដី​ផ្លូវ​ទៅ​វិញ​។

ចំណែក​លោក ឆៀ ហឿ​ន មេ​ភូមិ​អូរ​ស្ងួត ទើប​ឡើង​កាន់​តំណែង​ថ្មី បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​ដែរ​ថា កាលពី​ព្រឹក​មិ​ញ ខាង​អាជ្ញាធរ​សង្កាត់​ចុះ​ទៅ​ធ្វើការ​ដោះស្រាយ​រួចរាល់​អស់ហើយ ដោយ​ខាង​ម្ចាស់​ដីស​ម្រេច​ប្រគល់​ដី​ផ្នែក​ខាងលិច​២​ម៉ែត្រ និង​ផ្នែក​ខាងកើត​ផ្លូវ​៣​ម៉ែត្រ ដើម្បី​ឱ្យ​អាជ្ញាធរ​រៀបចំ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​បេតុង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ខាងលើ​ងាយស្រួល​ធ្វើ​ដំណើរ​។ ចំណែក​ដី​ផ្លូវ​ផ្នែក​ខាងក្រោយ ដែល​ត្រូវ​គេ​ហ៊ុំ​របង​លួស ខាង​លោក​នឹង​ឱ្យ​គេ​រើ​ចេញ​ពេល​ដែល​អាជ្ញាធរ​ត្រូវការ​ដី​ធ្វើ​ផ្លូវ​នៅ​ថ្ងៃ​ខាង​មុខ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ