ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជិត​1​ម៉ឺន​នាក់​ដែល​ត្រូវ​​ធ្វើ​ច​ត្តា​ឡី​ស័ក ​រក​មិនឃើញ​កូ​វី​ដ​​19​ទេ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​កម្ម​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ជា សុ​មេធី អភិ​បាលខេត្ត…

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​កម្ម​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ជា សុ​មេធី អភិ​បាលខេត្ត បានឱ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ទូ​ទាំង​ខេត្ត ដែល​មាន​ចំនួន​ជិត​១​ម៉ឺន​នាក់​នោះ គឺ​ពុំ​មាន​នរណា​ម្នាក់​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ទេ ។

ឯកឧត្តម​អភិបាលខេត្ត​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ នៅ​ខេត្តព្រៃវែង​ទាំងមូល​ពុំ​ទាន់​មាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​បន្ត​និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ថែម​ទៀត ។ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​តែ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បានជា​ប្រចាំ អំពី​វិធានការ​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​និង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ-១៩ នៅ​ទូ​ទាំង​ខេត្ត តាម​រយៈ​វិទ្យុ ទូរទស្សន៍ បិទ​ផ្ទាំង​ផ្សព្វផ្សាយ បណ្តាញ​សង្គម និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​តាម​ភូមិ​ជាដើម ។

ឯកឧត្ដម​អភិបាលខេត្ត​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជូន​សំណាក​ប្រជាពលរដ្ឋ​សង្ស័យ​ទៅ​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ សរុប​បាន​ចំនួន​៣.៧៩៥​នាក់ ហើយ​ជា​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ ។ ដោយឡែក អ្នក​ដែល​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​មាន​ចំនួន​៨.៦៧៩​នាក់ ក្នុង​នោះ​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៨.២៩១​នាក់ និង​កំពុង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣៩៨​នាក់ ។

បើ​ទោះបីជា​នៅ​ទូ​ទាំង​ខេត្ត​ពុំ​ទាន់​មាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ខាង​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ នៅ​តែ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ទី​សាធារណៈ និង​តាម​ទីប្រជុំជន​សំខាន់​ៗ​ជា​រៀងរាល់ថ្ងៃ​ក្តី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា វិធានការ​នោះ​ហាក់​ពុំ​សូវ​មានការ​តឹងរ៉ឹង​នៅ​ឡើយ​ទេ ។

គេ​ឃើញ​ហាង​ខារ៉ាអូខេ​មួយ​ចំនួន​នៅ​ក្រុង​ព្រៃវែង និង​នៅ​ស្រុក​ពាម​រក៍ នៅ​តែ​បន្ត​បើក​ទទួលភ្ញៀវ​ចូល​ទៅ​ផឹកស៊ី​ច្រៀង​រាំ​យ៉ាង​គគ្រឹកគគ្រេង​ជា​ធម្មតា ហាក់​មិន​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ទាល់តែ​សោះ ។ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ជា​ច្រើន បាន​សំណូមពរ​ឱ្យ​ខាង​អា​ជ្ញា​ធរ និង​សមត្ថកិច្ច​ទាំងអស់ មេត្តា​ជួយ​ពិនិត្យ​និង​ចាត់វិធានការ​ចំពោះ​ហាង​ខារ៉ាអូខេ​ទាំងនោះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ