ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគីសៀមមានការប៉ុនប៉ងធ្វើប៉ុស្តិ៍លើតំបន់សជាថ្មី អាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាបដិសេធ ព្រោះព្រំដែនមិនទាន់ច្បាស់

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​​ ៖ កម្ពុជា​បាន​បដិសេធ​ភ្លាមៗ​​ខណៈ​​ភាគីសៀម​​គ្រោង​សាង​សង់​​ស្នាក់​ការគយ​​និង​ប៉ុស្តិ៍​​​តម្រួត​នៅ​ច្រក​ស្រុកតាប្យា​ ​​ខេត្ត​​ស្រះ​កែវ​​ ឈមនឹង​​ច្រក​​បឹង​ត្រកួន​ ស្ថិត​ក្នុង​ភូមិ​បន្ទាយ​មាន​រិទ្ធ ​ឃុំ​គោក​រមៀត ស្រុក​ថ្ម​​ពួក ​ខេត្ត​បន្ទាយ​មានជ័យ ។ ​ការ​​បដិសេធ​​​​របស់​កម្ពុជា​បាន​បង្ហាញ​​យ៉ាង​ច្បាស់​ថា ចំណុច​ព្រំដែន​​មិន​ទាន់​​ច្បាស់​លាស់​​ គឺ​មិន​​អាច​ឱ្យ​មាន​ការ​​សាង​សង់​​​​ ​ដោយ​ទុក​​ឱ្យជំនាញ​បច្ចេកទេស​​របស់​គណៈ​​កម្មការ​ព្រំ​ដែន​​​ចុះ​សិក្សា​​​ពិនិត្យ​​​មើល​សិន ។ ​ភាគី​សៀម​​​​​បាន​​អញ្ជើញ​​អាជ្ញាធរ​​និង​សមត្ថ​កិច្ច​កម្ពុ​ជា​ពិនិត្យ​មើល​ទីតាំង​ដែល​ពួកគេ​មាន​គម្រោង​​​សាង​សង់​​។

​នៅព្រឹក​ថ្ងៃទី​៣ មីនា ​​​គណៈកម្មការ​​​មួយ​ក្រុម​​របស់​កម្ពុ​ជា​ដឹកនាំ​ដោយ​លោក​អុឹម ភ័ណសុផល អភិបាល​រង​ខេត្ត ​​ក្នុង​នោះ​មាន​វត្ត​មាន​លោក​ឧត្តម​សេនីយ៍​ត្រី​ឌី ផេន នាយករង​​​​ទីចាត់​ការ​ការ​ងារ​​​ព្រំដែន​នៃអគ្គ​បញ្ជាការ​និង​ជា​ប្រធាន​ការិយាល័យ​​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​​-ថៃ ព្រម​ទាំង​សមត្ថ​កិច្ច​ជាច្រើន​នាក់​បានចូលទៅទឹកដី​សៀម​តាម​ការ​អញ្ជើញ​ពី​ភាគី​សៀម​ដើម្បី​ទៅពិនិត្យ​​មើល​ទីតាំង​ដែល​ភាគី​សៀម​គ្រោង​​​សាង​សង់​​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​​​ ព្រម​ទាំង​​ប៉ុស្តិ៍​​​តម្រួត​។

ក្រោយ​​​​ការ​​វិល​ត្រឡប់​​​មក​ដល់​ទឹក​ដី​​កម្ពុជា​​​វិញ លោកអ៊ឹម ​ភាន់សុផល ​អភិបាល​រង​​ខេត្ត​បាន​ប្រាប់​ថា ​​ដោយ​មាន​សំណូមពរ​​ពី​អភិបាល​ខេត្ត​ស្រះកែវ​​សុំ​សាង​សង់​ស្នាក់​ការ​​គយ​​និងរដ្ឋា​ករ​ ព្រម​ទាំង​ប៉ុស្តិ៍​​ត​ម្រួត​របស់​​គេ​នៅ​ក្នុង​ស្រុក​​​តាប្យា​ ដែល​​នៅ​ទល់​មុខ​ច្រក​តំបន់​បឹង​ត្រកួន​របស់​កម្ពុជា ខាង​ភាគី​​សៀម​ក៏​បាន​អញ្ជើញ​​អាជ្ញាធរ​​​​​និង​សមត្ថ​កិច្ច​​កម្ពុជា​​ទៅពិនិត្យ​​មើល​​​ទីតាំង​ដែល​​គ្រោង​សាង​សង់​នោះ ។ ប៉ុន្តែ​​​​ក្រុម​ការងារ​​របស់​លោក​បាន​ប្រាប់​​ទៅ​ភាគី​​សៀម​វិញ​ថា​ មិន​មាន​សិទ្ធិ​​សម្រេច​​​​ទេ​ និង​បាន​សុំ​ពេល​មួយ​រយៈ​សិន​​ដើម្បី​ធ្វើ​របាយ​ការណ៍​​ដាក់​ជូន​​គណៈ​កម្មការ​​ព្រំដែន​ថ្នាក់​ជាតិ​​​និង​ឱ្យ​ជំនាញ​​​បច្ចេក​ទេស​​មក​ពិនិត្យ​មើល​​សិន។ ចំណុច​ដែល​ភាគី​សៀម​គ្រោង​​សាង​សង់​នោះ​ ត្រូវ​បាន​អភិបាល​រង​​ខេត្ត​ប្រាប់​ថា មាន​ចម្ងាយ​​ប្រហែល​​២២០​ម៉ែត្រ​ពី​បង្គោល​ឡាក់​លេខ​​​៣៦ ។​

លោក​អភិបាល​រង​ខេត្ត​បន្តទៀតថា ខាង​លោក​បាន​​ប្រាប់​​ភាគី​​សៀម​ថា លោកគ្មាន​សិទ្ធិ​សម្រេចទេ ហើយ​​ខាង​​អាជ្ញាធរ​​សៀម​គឺ​លោក​អភិបាល​ខេត្ត​ស្រះកែវ​បាន​អះអាង​ថា  កន្លែង​​ដែលត្រូវ​សាង​សង់​នោះ​​មិន​ប៉ះពាល់​ចំណុច​ដែល​មានការ​​ប្រទាំង​ប្រទើស​គ្នា​ឡើយ ។​

​ចំណែក​លោក​​ឧត្តម​សេនីយ៍​​ត្រី​ឌី ​ផេន ​បាន​ប្រាប់​​តាម​ទូរស័ព្ទ​​ថា ការ​អញ្ជើញ​​ទៅ​ចូលរួម​ពិនិត្យ​ទីតាំង​ដែល​ខាងភាគី​​សៀម​​គ្រោង​​សាង​សង់​​នោះ ​មិន​មែន​ជា​ការ​អញ្ជើញ​​ផ្លូវ​ការ​​ទេ ហើយ​​លោក​ប្រាប់​ថា ក្រោយ​ការ​ពិនិត្យ​ទីតាំង​​​ក៏​មាន​ការជួប​ប្រជុំ​​គ្នា​មួយ​ផងដែរ និង​ក្រោយ​​​កិច្ច​ប្រជុំ​បាន​​ទទួល​​ទាន​អាហារ​រួម​គ្នាក្នុង​ទឹកដី​​សៀម​ ។ បើ​គេចាំ​មិនភ្លេច​ទេ​ កាលពី​ឆ្នាំទៅ​មិញ​​ ភាគី​សៀម​បាន​យកគ្រឿង​​ចក្រ​​មកធ្វើ​ការ​​​ឈូស​ឆាយ​​នៅចំណុច​នោះ​ម្តង​ហើយ​ ដោយ​មិន​បាន​​ប្រាប់​ភាគី​កម្ពុជា​ទេ ហើយ​ក៏​មាន​ការ​​រារាំង​សកម្មភាព​នោះ​ម្តង​ហើយ​​ដែរ​ព្រោះ​តែ​ចំណុច​នោះ​ជា​តំបន់​​​ប្រទាញ​ប្រទង់​មិន​​ទាន់​ច្បាស់​លាស់​ពីបន្ទាត់​ព្រំដែន ៕