រាជធានីភ្នំពេញ ៖ កាលពីថ្ងៃសុក្រ ទី៤ មីនា ឆ្នាំ២០១១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានជំនួបលើកទី១ រវាងលោកក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម (អ.វ.ត.ក) និងលោកអ៊ុន ទឹម អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហ៊ឹម ឆែម ។ មានវត្តមានក្នុងឱកាសនោះដែរ ក៏មានលោករោង ឈង ប្រធានអង្គការគាំពារជនរងគ្រោះនៃ អ.វ.ត.ក លោកពេជ អង្គ សហមេធាវីនាំមុខជាតិ និងលោកតាន់ វិសាល ប្រធានគម្រោងវិធានការក្រៅបច្ចេកទេសតុលាការនៃអង្គភាពគាំពារជនរងគ្រោះ ។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងស្នើសុំការចូលរួមពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាក់ទិននឹងសំណងផ្លូវចិត្ត និងសំណងសមូហភាព ដែលស្នើឡើងដោយដើមបណ្តឹងរដ្ឋប្បវេណី ។ ការស្នើសុំសហការនេះ គឺដើម្បីធានាបានការកសាងសំណង់និមិត្តរូបមួយស្របតាមគោលការណ៍វប្បធម៌ និងប្រពៃណីជាតិខ្មែរ ដើម្បីការឯកភាព និងបញ្ចៀសបាននូវការភ័ន្តច្រឡំចំពោះគម្រោងសំណងដែលស្នើឡើងដោយអង្គការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិល ។
ក្នុងន័យនេះ លោកក្រាញ់ តូនី បានជម្រាបជូនលោកអ៊ុន ទឹមថា អង្គការគាំពារជនរងគ្រោះនៃ អ.វ.ត.ក ដែលមានលោករោង ឈង ជាប្រធាន បាននិងកំពុងសិក្សាពីគម្រោងសំណងដែលស្នើឡើងដោយដើមបណ្តឹងរដ្ឋប្បវេណីចំនួនជាង២.០០០នាក់ ក្នុងសំណុំរឿង០០២ ។ មានប្រសាសន៍ឆ្លើយតប លោកអ៊ុន ទឹម បានស្វាគមន៍ និងត្រៀមសហការជាមួយ អ.វ.ត.ក ដើម្បីឱ្យការសាងសង់គម្រោងនិមិត្តរូបមានលក្ខណៈសមស្រប ដោយក្រសួងនឹងចូលរួមយោបល់សម្រេចមុននឹងអនុវត្តគម្រោងសំណងនានា ។
សូមជម្រាបថា ក្នុងអំឡុងពេលពីរខែដើមឆ្នាំ២០១០នេះ អង្គភាពគាំពារជនរងគ្រោះបានរៀបចំវេទិកាថ្នាក់តំបន់ចំនួន៣លើករួចមកហើយ នៅខេត្តក្រចេះ កំពត និងស្វាយរៀង ហើយនឹងរៀបចំវេទិកាថ្នាក់តំបន់ចំនួន៣ទៀត នៅក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីផ្សព្វផ្សាយ និងផ្តល់ឱកាសឱ្យដើមបណ្តឹង រដ្ឋប្បវេណីនៃសំណុំរឿង០០២ ទាំងជាង២.០០០នាក់ បានចូលរួមគ្រប់ៗគ្នា ពិភាក្សាអំពីបញ្ហាសំណងផ្លូវចិត្ត និងសំណងសមូហភាព ដែលដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិទាមទារនៅក្រោមច្បាប់របស់ អ.វ.ត.ក។
តាមការឱ្យដឹងរបស់លោកតាន់ វិសាល សំណងផ្លូវចិត្ត និងសំណងសមូហភាព សម្រាប់ជនរងគ្រោះ នៃរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានចែកចេញជា២ទិដ្ឋភាព ៖
១-សំណងផ្លូវចិត្ត និងសំណងសមូហភាព ក្នុងប្រព័ន្ធតុលាការ ៖ ត្រូវតែសម្រេចដោយអង្គជំនុំជម្រះនៃ អ.វ.ត.ក និងមានលក្ខណៈរូបីដូចជា កសារកសាងស្តូប ឬសំណង់បូជនីយដ្ឋានដើម្បីរំឭកដល់ជនរងគ្រោះ ការកសាងសាលារៀន ឬ មន្ទីរពេទ្យ ឬការបោះពុម្ពសៀវភៅបញ្ជីឈ្មោះជនរងគ្រោះ ឬសំណងដទៃទៀតដែលមិនមានលក្ខណៈបុគ្គល ។ មុននឹងដាក់ជូនតុលាការ គម្រោងសំណងទាំងអស់ដែលទាមទារដោយដើមបណ្តឹងរដ្ឋប្បវេណី នឹងត្រូវសិក្សាលម្អិតជាមុនដោយផ្នែកពាក់ព័ន្ធនានាជុំវិញវត្ថុបំណង លទ្ធភាពថវិកា ទម្រង់នៃសំណង។ល។ ទាល់តែដំណើរការក្តីត្រូវបញ្ចប់ជាស្ថាពរ ទើបអង្គតុលាការសម្រេចទៅលើសំណងផ្លូវចិត្ត និងសំណងសមូហភាព សម្រាប់ជនរងគ្រោះ ។
២-សំណងផ្លូវចិត្ត និងសំណងសមូហភាព ក្រៅប្រព័ន្ធតុលាការ ៖ មានដូចជា ការផ្តល់សេវាសុខភាពផ្លូវចិត្ត ផ្តល់សេវាអប់រំក្រៅប្រព័ន្ធ រៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតកម្មវិធីស្តារនីតិសម្បទា ឬការសង់ស្តូបជាដើម ។ សំណងនេះអាចធ្វើបានដោយអង្គការក្រៅរដ្ឋាភិបាល ឬសមាគមជនរងគ្រោះ តាមរយៈការរៃអង្គាសថវិកាពីម្ចាស់ជំនួយឬពីឯកត្តជន និងពុំចាំបាច់រង់ចាំសេចក្តីសម្រេចរបស់តុលាការឡើយ ក៏ប៉ុន្តែត្រូវតែមានការចូលរួមពិភាក្សា និងផ្តល់យោបល់ពីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ។
គម្រោងវិធានការក្រៅបច្ចេកទេសតុលាការនៃអង្គភាពគាំពារជនរងគ្រោះ នឹងសហការជាមួយសហមេធាវីនាំមុខ និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ដែលតំណាងឱ្យផលប្រយោជន៍របស់ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិល សមាគមជនរងគ្រោះ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការផ្តល់សំណងដល់ជនរងគ្រោះនៃរបបខ្មែរក្រហមមានប្រសិទ្ធភាព ។ ការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក នឹងបន្តជួបជាមួយក្រសួងពាក់ព័ន្ធដទៃទៀតនាពេលអនាគត ទាក់ទិននឹងទិដ្ឋភាពសំណងនេះ ៕
ចែករំលែកព័តមាននេះ