ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​ជរា​ពិការ​3​នាក់​បងប្អូន​ស្រេកឃ្លាន​យុត្តិធម៌

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ លោកយាយ​ឆេ​ង គ្រឿន អាយុ​៧៥​ឆ្នាំ ជា​ជន​ជរា​ពិការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ក្រោយ​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ចុះ​អន្ត​វត្ត​សេចក្តីសម្រេច​រក្សា​ការពារ​បណ្តេញ​ឱ្យ​លោកយាយ​ចាស់ជរា​ពិការ​៣នាក់​បងប្អូន និង​ចៅ

ខេត្តកណ្តាល ៖ លោកយាយ​ឆេ​ង គ្រឿន អាយុ​៧៥​ឆ្នាំ ជា​ជន​ជរា​ពិការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ក្រោយ​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ចុះ​អន្ត​វត្ត​សេចក្តីសម្រេច​រក្សា​ការពារ​បណ្តេញ​ឱ្យ​លោកយាយ​ចាស់ជរា​ពិការ​៣នាក់​បងប្អូន និង​ចៅ ចៅ​ទូត ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ក្រោម​ដើមឈើ​ហាលភ្លៀង​ហាលខ្យល់​ស្រែ​កថា អយុត្តិធម៌​ណាស់ ។ ប៉ុន្មាន​ថ្ងៃនេះ ម្ចាស់បំណុល​បាន​ដាក់​កម្លាំង​មក​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​យក​ដី និង​ផ្ទះ​របស់​គាត់​ដោយ​អយុត្តិធម៌​បំផុត ដែល​អ្នក​ច្បាប់​ទាំង​ទ្បា​យ​ត្រូវ​តែ​ជួយ​ឈឺឆ្អាល ។

ដោយសារ​ទ្រាំទ្រ​ការ​ឈឺចាប់​ទាំង​ផ្លូវ​កាយ​ផ្លូវចិត្ត​ពុំ​បាន លោកយាយ​ក៏​ធ្លាក់ខ្លួន​ឈឺ​កាន់តែ​ធ្ងន់ ទើប​ពេល​នេះ​សុំ​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ផ្តល់​ក្តី​មេត្តា​ជួយ​រក​យុត្តិធម៌ ឱ្យ​លោកយាយ​និង​ប្អូន​ៗ ព្រមទាំង​ចៅ​-​ចៅ​ទូត បាន​ដី​និង​ផ្ទះ​មក​គ្រប់គ្រង​ស្នាក់​នៅ​ស្របច្បាប់​វិញ​ផង ។

នៅ​ថ្ងៃ​ទី​២១ មិថុនា ២០១៥ វេលា​ម៉ោង​៧​ព្រឹក ឈ្មោះ ខ្លូត វុន ម្ចាស់បំណុល​បាន​នាំ​កម្លាំង​មក​រាំងរបង​ព័ទ្ធ​ដី​និង​ផ្ទះ លែងឱ្យ​លោកយាយ​ដងទឹក​ប្រើប្រាស់​ទៀត​ហើយ ។ ដូច្នេះ​លោកយាយ​គ្មាន​ជម្រក គ្មាន​ទឹក​ប្រើប្រាស់​ទ្បើ​យ លោកយាយ​រង​គ្រោះ​បែប​នេះ​ដូច​ស្លាប់​ទាំង​រស់ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ មិថុនា វេលា​ម៉ោង​៩​ព្រឹក លោក សំ​រិ​ទ្ធី វាសនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​លេខ​៤៩(​ជ​) ចុះ​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០១៥ និង​ចុះហត្ថលេខា​ដោយ​លោក ឆែ វិវឌ្ឍនៈ ចៅក្រម​សាលាដំបូង​ខេត្ត បាន​ដេញ​គ្រួសារ​របស់​លោកយាយ ឆេ​ង គ្រឿន អាយុ​៧៥​ឆ្នាំ លោកយាយ ឆេ​ង លន អាយុ​៦៥​ឆ្នាំ លោកយាយ ឆេ​ង ច​ន្ថា អាយុ​៥៥​ឆ្នាំ ជា​ជន​ចាស់ជរា​ពិការ ព្រមទាំង​ចៅ​-​ចៅ​ទូត​សរុប​៨​នាក់ ឱ្យ​ចុះ​ចាក​ចេញពីផ្ទះ​ដោយ​អយុត្តិធម៌ ។

លោកយាយ ឆេ​ង គ្រឿន ជា​ជន​រង​គ្រោះ​នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក បាន​រៀបរាប់​ដំណើររឿង​ក្តី​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១១ ប្អូនថ្លៃ​ឈ្មោះ ភុំ អុ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ បាន​ទៅ​ខ្ចី​ចងការ​ប្រាក់​ពី​ឈ្មោះ ខ្លូត វុន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ចំនួន​១៥.០០០​ដុល្លារ (​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) ដោយ​យកការប្រាក់​ក្នុង​១​ខែ​ចំនួន​៧៥០​ដុល្លារ ។ ឈ្មោះ ភុំ អុ​ន ជា​ប្អូនថ្លៃ​បាន​យក​ប្លង់​ដី​និង​ផ្ទះ​របស់​គាត់​«​ឆេ​ង គ្រឿន​» យក​ទៅ​ដាក់បញ្ចាំ​ឱ្យឈ្មោះ​ខ្លូត វុន ដើម្បី​យក​ប្រាក់ ដោយ​កាលនោះ​គាត់​ជា​ម្ចាស់​ដី​ម្ចាស់ផ្ទះ​មិន​បាន​ដឹងផង ។ ម្យ៉ាង​រូប​គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ពិការ​មួយ​ចំហៀង​ខ្លួន ដេក​ដួល​មិនដឹង​ថា​ប្អូនថ្លៃ​យក​ប្លង់​ដី​និង​ផ្ទះ​ទៅ​បញ្ចាំ​គេ​ទេ ។ លុះ​មាន​ទំនាស់​ប្តឹងប្តល់​គ្នា​ទើប​ដឹង ហើយ​មក​ដល់​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៥ ស្រាប់តែ​លោក​ចៅក្រម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​នគរបាល​មក​ដេញ​ឱ្យ​គាត់​និង​ប្អូន​ៗ ចៅ​-​ចៅ​ទូត​រើ​អីវ៉ាន់​ចុះ​ចេញពីផ្ទះ​ដោយ​អយុត្តិធម៌ ។ ហើយ​បែរជា​ឈ្មោះ ខ្លូត វុន ចោទ​ថា គ្រួសារ​លោកយាយ​ជួល​ដី​និង​ផ្ទះ​រស់នៅ ហើយ​ផុតកំណត់​កិច្ចសន្យាជួល​មិន​ព្រម​ចេញ ទើប​ឈ្មោះ ខ្លូត វុន សុំ​ដីកា​រក្សា​ការពារ​បង្ខំ​ឱ្យ​គ្រួសារ​លោកយាយ​ចាក​ចេញពីផ្ទះ ។ គាត់​ថា តើ​ឱ្យ​រូប​គាត់​និង​គ្រួសារ​៨​នាក់ ក្នុង​បន្ទុក​ដែល​ជា​ជន​ពិការ​ងងឹតភ្នែក ទៅ​ស្នាក់​នៅឯណា គឺ​អយុត្តិធម៌​ណាស់ ។

គាត់​ស្រែ​កថា ពេល​នេះ​គ្រួសារ​គាត់​គ្មាន​ផ្ទះ​ស្នាក់​នៅទេ ដូច្នេះ​មាន​តែ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ទេ សូម​មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ផង ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ ឈ្មោះ ភុំ អុ​ន អាយុ​៥៦​ឆ្នាំ ជា​ប្អូនថ្លៃ​រស់នៅ​ភូមិ​ក្បាលជ្រោយ​បានឱ្យ​ដឹង​ថា រូប​គាត់​មាន​ប្រពន្ធ​ឈ្មោះ​ឆេ​ង ច​ន្ថា អាយុ​៥៥​ឆ្នាំ រស់នៅ​ជាមួយ​បងស្រី «​ឆេ​ង គ្រឿន​» ។ លុះ​បង​ៗ​មាន​ជំងឺ​ខ្យល់គរ​ស្លាប់​មួយ​ជំ​ហៀ​ង​ខ្លួន ម្នាក់​ពិការ​ជើង​ងងឹតភ្នែក គ្មាន​ប្រាក់​ព្យាបាល​ក៏​បាន​យក​ប្លង់​ដី​ប្លង់​ផ្ទះ​របស់​បងថ្លៃ​ឈ្មោះ ឆេ​ង គ្រឿន ទៅ​បញ្ចាំ​លោក ខ្លូត​វុន ចំនួន​១​ម៉ឺន​៥​ពាន់​ដុល្លារ​មែន ។ ហើយ​ខ្លូត​វុន បាន​យកការប្រាក់​ក្នុង​មួយ​ខែ​៧៥០​ដុល្លារ​គឺ​បាន​បង់ការ​ប្រាក់​ចាប់ពី​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១១ ដល់​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៣​សរុប​គឺ​២៧​ខែ​គុណ​៧៥០​ដុល្លារ ស្មើ​២០.២៥០​ដុល្លារ ។ គាត់​ថា ការ​ប្រាក់​ខ្ពស់​ពេក ចំនួន​ប្រាក់​ជំពាក់​តែ​១៥.០០០​ដុល្លារ ការ​ប្រាក់​ដល់​ទៅ​២០.២៥០​ដុល្លារ ទើប​រូប​គាត់ ភុំ អុ​ន សុំ​ឱ្យឈ្មោះ ខ្លូត វិ​ន បន្ធូរបន្ថយ​ការ​ប្រាក់ និង​សុំ​ឈប់​បង់ការ​ប្រាក់ សុំ​សង​តែ​ដើម​វិញ ។ ម្យ៉ាង​កូន​គាត់​មាន​គ្រោះថ្នាក់​ចរាចរណ៍​របួសធ្ងន់​ខ្វះ​ប្រាក់​ព្យាបាល ហើយ​ក៏​ស្លាប់​ទៀត ទើប​សុំ​ពន្យារពេល និង​សុំ​សង​តែ​ប្រាក់​ដើម​វិញ ក៏​មាន​ទំនាស់ មិន​នឹក​ស្មានថា លោក ខ្លូត វុន បែរជា​បន្លំ​ធ្វើ​កិច្ចសន្យា​ទិញ​លក់ និង​កិច្ចសន្យាជួល​ដី និង​ផ្ទះ​របស់​គេ​ទៅ​វិញ ពិតជា​អយុត្តិធម៌​ណាស់ ។

បាន​រៀបរាប់​ទៀត​ថា បើ​គាត់​លក់​ដី​ផ្ទះ​ឱ្យឈ្មោះ ខ្លូត វុន មែន​ហេតុ​អ្វី​គាត់​ចាំបាច់​បង់ការ​ប្រាក់​រហូត​២៧​ខែ​គិត​ជា​ប្រាក់​សរុប​២០.២៥០​ដុល្លារ ហើយ​ខកខាន​បង់ការ​ប្រាក់​ចាប់ពី​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០១៣ ស្រាប់តែ​នៅ​ឆ្នាំ​២០១៤ បាន​ប្តឹង​ទៅ​សាលាដំបូង​ខេត្តកណ្តាល ។ ក៏​ប៉ុន្តែ​លោក​ចៅក្រម​បាន​កោះហៅ​សាកសួរ បាន​តែ​២​លើក ហើយ​មិន​ចាត់ការ​ទើប​ពឹង​លោក​មេធាវី ចាន់ ណា ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ទៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៥ ។ ក៏​ប៉ុន្តែ​ពុំ​ទាន់​ឃើញ​សាលាឧទ្ធរណ៍​កោះហៅ​ផង ស្រាប់តែ​គេ​ចុះ​មក​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​ដេញ​ម្ចាស់ផ្ទះ ឱ្យ​រើ​អីវ៉ាន់​ចាក​ចេញពីផ្ទះ ដោយ​អយុត្តិធម៌​ទៅ​វិញ​។ លោកយាយ​សូម​សម្តេច​តេ​ជោ ហ៊ុន សែន ជាទី​គោរព មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឱ្យ​ក្រុម​គ្រួសារ​ចាស់ជរា​ពិការ​បាន​ដី​និង​ផ្ទះ​មក​គ្រប់គ្រង​ស្នាក់​នៅ​ស្របច្បាប់​វិញ​ផង ។ គាត់​ថា ពេល​នេះ​គ្មាន​ផ្ទះ​ស្នាក់​នៅទេ គឺ​ដេក​ក្រោម​ដើមឈើ ហើយ​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ភ្លៀង​ខ្យល់​ផ្គរ​រងារ​ខ្លាំង បណ្តាល​ឱ្យ​លោកយាយ ឆេ​ង គ្រឿន មាន​ជំងឺ​កាន់តែ​ធ្ងន់ ។ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ពី​លោក ខ្លូត វុន ជា​ម្ចាស់បំណុល ៕