ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​លក់​គ្រឿង​ទេស​ទាំង​ព្រលឹម​​អុរ​​ព្រោះ​ចាក់​សាំង​យក​ចង្កៀង​ទៅ​បំភ្លឺ

15 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ លំនៅ​ឋាន​ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី​មួយ​ខ្នង ត្រូវ​​ភ្លើង​​ឆាប​ឆេះ​គ្រឿង​ក្នុង​អស់​គ្មាន​​សល់​ ​ដោយ​សារ​ម្ចាស់​ផ្ទះ​​យក​ប្រេង​​សាំង​ក្នុង​ប៊ីដុង​ចាក់​ចូល​ទៅ​ក្នុង​ដប ហើយ​​យក​ចង្កៀង​​បំភ្លឺ​​បណ្តាល​ឱ្យ​ភ្លើង​ឆាប​ឆេះ​​ឡើង​​។ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨ មីនា វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក នៅ​ជាប់​ផ្លូវ​ជាតិ​លេខ៣ ក្នុង​ភូមិ​ត្រាវ​អែម ឃុំ​ពពេល ស្រុក​ត្រាំ​កក់។

លោក​អ៊ួន សុខុម អធិ​ការ​រង​នគរ​បាល​ស្រុក​ត្រាំកក់ ​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​​ឈ្មោះ​លឹម តេង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ប្រពន្ធ​ឈ្មោះ​នួន វ៉ន អាយុ​៥៤​ឆ្នាំ ​ប្រកប​របរ​លក់​គ្រឿង​ទេស​ និង​ប្រេង​សាំង។ ​ផ្ទះ​នោះធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី មាន​បណ្តោយ​១២​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្ពស់​​២​ជាន់ ត្រូវ​​ភ្លើង​ឆេះ​​ទំនិញ​សព្វ​សារ​ពើ និង​​ទ្រព្យ​​សម្បត្តិ​ក្នុង​ផ្ទះ​អស់​គ្មាន​សល់។

លោក​អធិ​ការ​រង​ស្រុក​បន្ត​ទៀត​ថា ​បុរស​ម្ចាស់​ផ្ទះ​នាម៉ោង​៥​និង​៣០​នាទី​ព្រឹក​បាន​ចាក់​សាំង​ពី​ប៊ីដុង​ចូល​ដប​ ដោយ​​យក​ចង្កៀង​​បំភ្លឺ​​ខុស​ពី​រាល់​ដង​ប្រើ​ពិល​ទើប​បណ្តាល​ឱ្យ​​ភ្លើង​ឆាប​ឆេះ​​បែប​នេះ។ លោក​អធិ​ការ​រង​បន្ត​ថា ​នៅ​ម៉ោង​៦​និង​១៥​នាទី​​ព្រឹក​ រថយន្ត​ពន្លត់​អគ្គី​ភ័យ​ទៅ​ដល់​​ តែ​ផ្ទះ​បាន​ឆេះ​អស់​ទៅ​ហើយ។ ពេល​នោះ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​បាញ់​ទឹក​អស់​១​​រថយន្ត​ប៉ុណ្ណោះ​ភ្លើង​ក៏​​អស់។ ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​បាត់​បង់​រួម​មាន ប្រាក់​​៣.៨៨០​​ដុល្លារ ​និង​១​លាន​៤​សែន​រៀល មាស​១​តម្លឹង​៣​ជី ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង ទូរ​ទស្សន៍​២​គ្រឿង កង់​៣​គ្រឿង ទូរ​ស័ព្ទ​៥​គ្រឿង ព្រម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត។

​​អ្នក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​​និយាយ​ថា ពេល​ភ្លើង​កំពុង​​ឆេះ​​ពួក​គាត់​​នាំ​គ្នា​​ជួយ​ដង​ទឹក​ជះ​​ពន្លត់​ តែ​មិន​អាច​ពន្លត់​បាន​​ទេ គឺ​ជួយ​យក​បាន​តែ​ស្រូវ​​ប៉ុណ្ណោះ ព្រោះ​ភ្លើង​ឆេះ​ខ្លាំង​ពេក។ ពិត​ណាស់​ពាក្យ​ចាស់​លោក​ពោល​​ថា «ស៊ូ​លិច​​ទូក​កណ្តាល​ទន្លេ កុំ​ឱ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ» ព្រោះ​វា​រលាយ​សូន្យ​បង់​អ្វី​ៗ​ទាំង​អស់៕