ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធលូ ៤ខ្សែ ចំណាយជាង ៨៨លានរៀល កំពុងដំណើរការ​សាងសង់ នៅសង្កាត់កំពង់ចាម

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ប្រព័ន្ធលូ ចំនួន ៤ខ្សែ កំពុងដំណើរការសាងសង់ ដែលមាន​ទីតាំងស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ថវិកា ដែលចំណាយ​លើការសាងសង់​ប្រព័ន្ធលូនេះ…

ខេត្តកំពង់ចាម៖ ប្រព័ន្ធលូ ចំនួន ៤ខ្សែ កំពុងដំណើរការសាងសង់ ដែលមាន​ទីតាំងស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ថវិកា ដែលចំណាយ​លើការសាងសង់​ប្រព័ន្ធលូនេះ គឺបានមកពីការដេញថ្លៃគម្រោងនៅសាលា​សង្កាត់កំពង់ចាម ដែលមានទឹកប្រាក់សរុបជាង ៨៨លានរៀល។

ប្រព័ន្ធលូនោះ នៅក្រោយសាលាបឋមសិក្សាឧត្តរ។ ជាទំនៀម នៅពេល​ភ្លៀងធ្លាក់មកម្ដងៗ ទឹកតែងតែហូរចាក់មកទីនេះ ហើយ​ត្រូវហូរបាចសាច រហូតដល់ជិះម៉ូតូ និងរថយន្តធុនតូច ពិបាកឆ្លងកាត់​។​

លោក សៅ រ៉េត វ័យ ៥៧ឆ្នាំ រស់នៅក្នុងភូមិទី១៥ បាន​ឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែធ្នូ​ថា នៅត្រង់ចំណុចមុខផ្ទះរបស់គាត់ ពេលដែលមានភ្លៀងធ្លាក់មកម្ដងៗ ក្នុងរដូវវស្សា ផ្លូវ​ពីរខ្សែ ត្រូវបានទឹកហូរមកកាត់តាមមុខផ្ទះរបស់គាត់ ឡើងបាចសាច ព្រោះតែគ្មាន​ប្រព័ន្ធលូបង្ហូរទឹក។ ចំណែកផ្លូវនៅត្រង់មុខកន្លែងលាងរថយន្ត ត្រូវបានទឹកភ្លៀង​ហូរកាត់ផ្លូវដក់ទឹក ដោយសារតែខ្វះប្រព័ន្ធលូ។

លោក សៅ រ៉េត ​បន្ត​ថា ពេលណាដែលភ្លៀងធ្លាក់មកខ្លាំង សូម្បីតែម៉ូតូ និងរថយន្តធុន​តូច បើកកាត់ផ្លូវនេះ ក៏ពិបាក។ មិនស្រួលអាចរលត់ម៉ាស៊ីន ក៏ថាបាន។ ប៉ុន្តែ​​មកដល់ចុងឆ្នាំ២០២០ គាត់បានឃើញគេចុះមកជីកដាក់ប្រព័ន្ធលូជាច្រើនខ្សែ ត្រង់កន្លែង ដែលមិនមានលូ។ នេះគឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ។

លោក សៅ រ៉េត មានជំនឿថា នៅឆ្នាំក្រោយ ពេលដែលមានភ្លៀងធ្លាក់មក នឹងកាត់បន្ថយទឹកមិនឲ្យលិចផ្លូវមួយផ្នែកធំ ហើយផ្លូវថ្នល់ នឹងមានសោភ័ណភាព ដោយមានរៀបចំដាក់ខឿនបេតុងថែមទៀតផង។ រូបលោក និងអ្នកភូមិឯទៀត ពិតជាសប្បាយរីករាយ ដោយឃើញសមិទ្ធិផលបានក៏កើតឡើង។

លោក ប្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម ប្រាប់ឱ្យដឹង​ថា ចំពោះថវិការៀបចំដាក់​ប្រព័ន្ធលូបង្ហូរទឹក នៅក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ជាប់នឹងសាលាបឋមសិក្សាឧត្តរ បានមកពីការដេញថ្លៃនាពេលកន្លងមក គឺរៀបចំដាក់ប្រព័ន្ធលូចំនួន ៤ខ្សែ ប្រវែង ៤៩១ម៉ែត្រ ដែលគ្រោងនឹងប្រើប្រាស់ថវិកាប្រមាណជាង ៨៨លានរៀល កសាងដោយក្រុមហ៊ុនឯកជនឈ្មោះ ថេង រីតា។

លោកចៅសង្កាត់កំពង់ចាម បញ្ជាក់ថា ចំពោះដំណើរការសាងសង់ មកដល់ពេលនេះ បានប្រព័ន្ធលូចំនួន ២ខ្សែ និងកំពុងបន្តរៀបចំដាក់បន្ថែមទៀត ហើយសកម្មភាពរាង​យឺតបន្តិច ដោយសារតែក្រុមការងារជីកដីប៉ះទុ​យោទឹក ខ្សែភ្លើង។ ទោះជាបែបនេះក្តី អាជ្ញាធរ នឹងជំរុញឱ្យក្រុមហ៊ុន ជួយពន្លឿនការសាងសង់ឱ្យបានឆាប់រួចរាល់ មុនផែនការកំណត់។ ​ទឹក ដែលហូរចូលក្នុងប្រព័ន្ធលូនេះ នឹងធ្លាក់ទៅក្នុងបឹងកុក។

លោកចៅសង្កាត់​ បន្តថា ក្រៅពីនេះ ក៏មានរៀបចំដាក់ការ៉ូការ៉ូឡានៅ​ខឿនចិញ្ចើមផ្លូវ​ នៅជាប់សាលាបឋមសិក្សាឧត្តរ និងមួយកន្លែងទៀត ក្រោយស្នាក់ការបក្សខេត្ត។ សម្រាប់ថវិកា ឆ្នាំ២០២១ ដែលមានប្រមាណជាង ១០០លានរៀល នឹងត្រូវរៀបចំ ដាក់ឲ្យដេញថ្លៃ ដើម្បីអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសង្កាត់កំពង់ចាម ឱ្យមានការរីកចម្រើន៕  ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ