ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ចំនួន​7​ស្វែងរក​ដៃគូ​វិនិយោគ​នៅ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​នៅ​ឯ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា លោក ព្រាប សាកល ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ជេ​អេស​គ្លូ​ប៊​ល បាន​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​នៅ​ឯ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា លោក ព្រាប សាកល ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ជេ​អេស​គ្លូ​ប៊​ល បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ផ្នែក​អាហារ និង​ភេសជ្ជៈ គ្រឿងសំអាង គ្រឿងបន្លាស់​រថយន្ត​ម៉ាស៊ីនភ្លើង និង​ឧបករណ៍​បិទ​បើក​ធុង​ហ្គា​ស  មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ចំនួន​៧ ចង់​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ។

លោក​បាន​បន្ដ​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ មាន​បំណង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ នៅ​ក្នុង​ជំនួប​នេះ​ក៏​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មក​ពី​សហគ្រាស​ធុន​តូច​និង​មធ្យម​ចំនួន​៥០​ចូលរួម​ដើម្បី​ស្វែង​យល់​ពី​ដៃគូ ឈាន​ទៅ​បណ្ដាក់ទុន​រកស៊ី​ជាមួយ​គ្នា​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា តាម​បទ​ពិសោធន៍​កន្លង​មក ក្នុង​នាម​ជា​អ្នកសម្របសម្រួល​កិច្ចការ​នេះ គឺ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ពី​១៥​ទៅ​២០​បាន​ចាប់​ដៃគូ​វិនិយោគ​រវាង​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​នៅ​ក្នុង​ជំនួប​នា​ពេល​នេះ យើង​រំពឹង​ថា នឹង​ទទួល​បាន​ជោគជ័យ​ពី​៨០%​ទៅ​៩០% ព្រោះ​ក្រុមហ៊ុន​ទាំង​៧​នេះ​មាន​ផលិតផល​កំពុង​មាន​សក្តានុពល​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ។

លោក សូ ពិសិដ្ឋ ប្រធាន​ផ្នែក​គ្រប់គ្រង​របស់​ក្រុមហ៊ុន សុខ​ម៉ា ពិសិដ្ឋ អភិវឌ្ឍន៍ មាន​ប្រសាសន៍​ក្នុង​ជំនួប​នេះ​ថា យើង​មាន​បំណង​ចង់​ចាប់​ដៃគូ​ទៅ​លើ​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ផលិត​អាហារ​បំប៉ន និង​ក្រុមហ៊ុន​ផលិតផល​ឧបករណ៍​ប្រព័ន្ធ​ទឹក ។ ទោះបីជា​បែប​ណា ការ​ចាប់​ដៃគូ​នេះ យើង​ពុំ​ទាន់​កំណត់​ថា នឹង​នាំ​ចូល​ផលិតផល​ទាំងនេះ​មក​ទីផ្សារ​កម្ពុជា​ពេល​ណា​នៅឡើយ​ទេ ព្រោះ​យើង​ត្រូវការ​សិក្សា​ស្វែង​យល់​ពី​ទីផ្សារ​ជា​មុន​សិន ថា​តើ​ផលិតផល​ទាំងនេះ​មានការ​គាំទ្រ និង​មានការ​ប្រកួតប្រជែង​កម្រិត​ណា មុន​នឹង​សម្រេច​បោះ​ដើមទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ។

លោក​លើក​ឡើង​ថា កន្លង​មក​យើង​មិន​ធ្លាប់​មានបទពិសោធន៍​ទៅ​លើ​ផ្នែក​ចំណីអាហារ​ទេ ដូចនេះ​នៅ​ដំណាក់កាល​ដំបូង ប្រសិនបើ​ក្រុមហ៊ុន​ទី​មួយ​មាន​បំណង​ចង់​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​កម្ពុជា​មែន​នោះ ពួក​គាត់​គួរ​ជួយ​ទៅ​លើ​ការ​ធ្វើ​ទីផ្សារ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​វិទ្យុ កាសែត និង​ទូរទស្សន៍ ជាដើម ដើម្បី​ឲ្យ​អតិថិជន​នៅ​កម្ពុជា​បាន​យល់​ដឹង ។ លោក​ថា បើ​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​មាន​ឆន្ទៈ​ពិត​នោះ ការ​ចាប់​ដៃគូ​ធ្វើ​អាជីវកម្ម​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​មានការ​យល់​ដឹង​ច្រើន​ពី​សុខភាព ហើយ​ចំណីអាហារ​ដែល​នាំ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង សុទ្ធតែ​ជា​អាហារ​ទ្រទ្រង់​សុខភាព​សម្រាប់​អ្នក​បរិភោគ ខណៈ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​បាន​យល់​ដឹង​ពី​សុវត្ថិភាព​ចំណីអាហារ​៕