ខេត្តតាកែវ ៖ រយៈពេល៣ថ្ងៃកន្លងមកនេះ អាជ្ញាធរ និងសមត្ថកិច្ចក្រុងដូនកែវ បានបើកយុទ្ធនាការយ៉ាងសកម្មដើម្បីរៀបចំសណ្តាប់ធ្នាប់ និងដេញប្រជាពលរដ្ឋណាដែលដាក់គ្រែលក់ដូរបែបអនាធិបតេយ្យនៅលើចិញ្ចើមថ្នល់សាធារណៈនៅទីប្រជុំជនក្នុងក្រុងប្រយោជន៍ឱ្យមានសោភ័ណភាព ដោយមានប៉ូលិសប៉េអឹម និងក្រុមប្រឹក្សាឃុំចូលរួម ហើយសកម្មភាពបញ្ចេញសាច់ដុំរបស់អាជ្ញាធរក្រុងនេះត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការនិយាយរិះគន់ថា ការដែលលោកអភិបាលក្រុងចេញបទបញ្ជាឱ្យរៀបចំសណ្តាប់ធ្នាប់នេះ គឺជាការពង្រឹងបាននូវសោភ័ណភាពកុំឱ្យមានភាព អនាធិបតេយ្យ តែការធ្វើសកម្មភាពនោះ ហាក់បីដូចជាភ្លេចផ្លូវនៅជុំវិញផ្សារតាកែវ ដែលមេភាស៊ីយកធ្វើជាអាជីវកម្ម។
តាមប្រភពពីមន្ត្រីប៉េអឹមដែលបានចូលរួមរៀបចំសណ្តាប់ធ្នាប់នៅ ក្នុងក្រុងដូនកែវ បានឱ្យដឹងថា សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណៈនៅក្នុងក្រុងដូនកែវនេះ គឺធ្វើតែទៅលើប្រជាពលរដ្ឋណាដែលមានការលក់ដូរបន្តិចបន្តួចនៅលើចិញ្ចើមថ្នល់ប៉ុណ្ណោះ រីឯថ្នល់ជុំវិញផ្សារដែលមេភាស៊ីយកធ្វើជាកន្លែងលក់ផ្លែឈើ និងផ្ញើកង់ម៉ូតូយកលុយនោះត្រូវបានហាមមិនឱ្យប៉ះពាល់ឡើយ ។ បើទោះបីជាផ្លូវសាធារណៈនៅជុំវិញផ្សារគេបានរំលោភយកធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យយ៉ាងណាក៏ដោយ ។
ប្រភពដដែលបានបន្តថា ចំពោះភាពអនាធិបតេយ្យដែលមេភាស៊ីផ្សារតាកែវ បានយកផ្លូវជុំវិញផ្សារធ្វើអាជីវកម្មនោះ មានរយៈពេលជាច្រើនឆ្នាំមកហើយ មិនដែលឃើញអាជ្ញាធរក្រុង មានសមត្ថកិច្ចណាចុះទៅរៀបចំសណ្តាប់ធ្នាប់ទេ បើទោះបីជាកន្លងមកមានប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរយ៉ាងណាក៏ដោយ ហើយនៅពេលនេះកិច្ចសន្យាជាមួយរដ្ឋ និងសៀវភៅបន្ទុកដែលមានកំណត់ឱ្យយកលុយពីកង់ និងម៉ូតូដែលផ្ញើ កង់តម្លៃ២០០រៀល និងម៉ូតូ៥០០រៀល តែបច្ចុប្បន្នគេយកលុយពីកង់១គ្រឿងតម្លៃ៥០០រៀល និងម៉ូតូតម្លៃ១.០០០រៀល ៕
ចែករំលែកព័តមាននេះ