ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិការ​ជើង​ម្ខាង​ប្រឹង​អូស​រទេះ​ដើរ​រើស​អេ​ត​ចាយ​ទាំង​លំបាក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដៃ​ម្ខាង​កាន់​ឈើច្រត់​ជំនួស​ជើង​ពិការ ដៃ​ម្ខាង​ប្រឹង​ទាញ​អូស​រទេះ​អេ​ត​ចាយ​ទៅ​មុខ​ទាំង​លំបាក គឺជា​បុរស​ម្នាក់​ដែល​តស៊ូ​ដើម្បី​ជីវិត​ខ្លួនឯង និង​ក្រុម​គ្រួសារ ។

រាជធានី​ភ្នំពេញ ៖ ដៃ​ម្ខាង​កាន់​ឈើច្រត់​ជំនួស​ជើង​ពិការ ដៃ​ម្ខាង​ប្រឹង​ទាញ​អូស​រទេះ​អេ​ត​ចាយ​ទៅ​មុខ​ទាំង​លំបាក គឺជា​បុរស​ម្នាក់​ដែល​តស៊ូ​ដើម្បី​ជីវិត​ខ្លួនឯង និង​ក្រុម​គ្រួសារ ។

តំបន់​វត្ត​សន្សំ​កុសល ឬ​បឹង​ទំពុន គឺជា​កន្លែង​ដែល​បុរស​ពិការ​តែងតែ​ទៅ​គ្រប់​ច្រកល្ហក ស្វែងរក​វត្ថុ​មាន​តម្លៃ​សម្រាប់​គាត់ គឺ «​របស់​អេ​ត​ចាយ​» ។
ក្រោម​អាកាសធាតុ​វេលា​រសៀល​ក្តៅហែង​នៃ​ខែមិថុនា ឆ្នាំ​២០១៥ បុរស​ស្វិតជើង​ម្ខាង​ស្រេ វី​រៈ ប្រឹង​អូស​រទេះ​ដោយ​មានកូន​ប្រុស​តូច​នៅ​លើ​នោះ​ស្វះ​ស្វែងរក​របស់​អេ​ត​ចាយ​ដែល​គេ​ទុក​ចោល​នៅ​តាម​ផ្លូវ​។ ក្រៅពី​នោះ​គាត់​ទទួល​ទិញ​ពី​តាម​ផ្ទះ​នានា ។ ជា​រៀងរាល់ថ្ងៃ វី​រៈ តែងតែ​ធ្វើ​បែប​នេះ ។

វា​មិន​ស្រួល​ទេ ដៃ​ម្ខាង​កាន់​ឈើច្រត់ ដៃ​ម្ខាង​ប្រឹង​អូស​រទេះ​ទៅ​មុខ ប៉ុន្តែ​បុរស​ពិការ​ទុក​ភាព​ខ្ជិលច្រអូស​ចោល ប្រឹង​រំកិល​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​ពី​៧​ទៅ​៨​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ដោយពេល​ខ្លះទៅ​ដល់​ម្តុំ​ពេទ្យ​រុ​ស្ស៊ី​ឯណោះ ។ ហត់​ត្រង់​ណា​ឈប់​សម្រាក​បន្តិច​កន្លែង​នោះ ដើម្បី​មាន​កម្លាំង​បន្តដំណើរ​តទៅ​ទៀត​បាន ។

ពិការ​ភាព ការ​តស៊ូ និង​ទឹកមុខ​ស្លូតបូត ញ៉ាំ​ង​ឱ្យ​អ្នក​អាណិតអាសូរ​ខ្លះ​ផ្តល់​របស់​អេ​ត​ចាយ​ឱ្យ​បុរស​ពិការ​ដោយ​មិន​យក​ប្រាក់​ទេ ។
បូជា​កម្លាំងកំហែង​ស្ទើរ​អស់ពី​ខ្លួន​ក្នុង មួយ​ថ្ងៃ​ៗ ប៉ុន្តែ​ត្រឹមតែ​៥​ពាន់​រៀល​ទៅ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ ដែល​ស្រេ វី​រៈ ទទួល​បាន ថ្ងៃ​ខ្លះ​កូន​តូច​លើ​រទេះ​ស្រេកឃ្លាន​យំទារ​ទិញ​នំចំណី​ច្រើន​លើក ដូច្នេះ​ប្រាក់​កម្រៃ​ដែល​បុរស​ពិការ​រកបាន​បង់​ទៅ​វិញ​មួយ​ចំណែក​ទៅ​ហើយ ។ កូន​តូច​ស្រេកឃ្លាន​ត្រូវ​តែ​បំពេញ​ឱ្យ​គេ​ដោយ​ក្តី​អាណិត​ក្នុង​ភាព​ជា​ឪពុក ជា​ជាង​គិត​ពី​ខ្លួនឯង ទោះជា​ស្រេកឃ្លាន​យ៉ាង​ណា​ក្តី ។

រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ស្រេ វី​រៈ ភ្ជាប់​ជីវិត​នឹង​ការ​អូស​រទេះ​អេ​ត​ចាយ ប៉ុន្តែ​វា​គ្មាន​អ្វី​ប្រសើរ​ឡើង​សម្រាប់​គាត់​ទេ ក្រីក្រ​លំបាក​នៅ​តែ​ក្រីក្រ​លំបាក ។ ថ្ងៃ​ខ្លះ ពេល​ខ្លះ បុរស​ពិការ ព្រមទាំង​ប្រពន្ធ និង​កូន​តូច​២​នាក់​ទៀត ស្ទើរតែ​ដាច់​បាយ ដ្បិត​របស់​អេ​ត​ចាយ​ត្រូវ​អ្នកមាន​ជីវិត​ស្រ​ដៀង​គាត់​ច្រើន​នាក់​ទៀត​ដណ្តើម​យក​អស់ ។

សម្លឹង​មើល​ជើង​ពិការ ស្រេ វី​រៈ ស្រណោះ​ខ្លួន ប៉ុន្តែ​មិន​អាច​កែប្រែ​អ្វី​បាន​ឡើយ ដូច្នេះ​មាន​តែ​ជម្នះ​ដោយ​ប្រឹង​តស៊ូ​ដើម្បី​ជីវិត​រស់នៅ ។ អ្នកខ្លះ​ពិការ​ជើង​ដូច​លោក​បណ្តោយ​ខ្លួន ឬ​ផ្តេកផ្តួល​តាម​ភាព​ពិការ ដោយ​ដាក់​ជីវិត​ទៅ​ជា​អ្នក​សុំទាន​គេ តែ​ស្រេ វី​រៈ មិន​អាច​ធ្វើ​ដូច​នោះ​កើត​ទេ ។ បុរស​ពិការ​និយាយ​ថា ៖ «​របរ​រើស​អេ​ត​ចាយ​នេះ​ប្រសើរ​ជាង​ដើរ​សុំទាន​គេ ។ សុំទាន​គេ​បាន​លុយ​ដោយ​ការ​លើកដៃ​សំពះ​គេ សម្រាប់​ខ្ញុំ​លើកដៃ​មិន​រួច ហាមាត់​មិន​រួច​ទេ ខ្មាស​គេ​ណាស់ ។

ខំប្រឹង​ប្រែង​ដោយ​កម្លាំង​ញើស​ឈាម​ខ្លួនឯង​បាន​ប៉ុនណា​យក​ប៉ុណ្ណឹង​ចុះ ភាព​លំបាក​ខ្ញុំ​ស៊ាំ​អស់​ទៅ​ហើយ​» ។
ចំពោះ​ស្ត្រី​ជា​ភរិយា​របស់​បុរស​ពិការ​ស្រេ វី​រៈ ក៏​ប្រកប​របរ​រើស​អេ​ត​ចាយ​ដូច​ប្តី​ដែរ ។ ជា​រៀងរាល់ថ្ងៃ​ពួក​គេ​ចេញ​ទៅ​ធ្វើការ​ដោយ​ចែករំលែក​យក​កូន​ម្នាក់​មួយ​ទៅ​តាម ។

បុរស​ពិការ​ចង់​ផ្លាស់​ប្តូរ​អាជីព​ឱ្យ​ប្រសើរ​ជាង​សព្វថ្ងៃ​ដែរ ប៉ុន្តែ​វា​ហួស​ពី​លទ្ធភាព​អាច​ធ្វើ   បាន ។ មាន​ជំនាញ​ជួសជុល​ម៉ូតូ​ដោយ​ធ្លាប់​រៀន​រយៈពេល​៦​ឆ្នាំ ប៉ុន្តែ​ស្រេ វី​រៈ គ្មាន​ដើមទុន​បើកមុខ​របរ​នេះ​ទេ ។

ប្រាថ្នា​បើក​មុខរបរ​ជួសជុល​ម៉ូតូ ព្រោះ​បុរស​ពិការ​មិន​រំពឹង​របរ​រើស​អេ​ត​ចាយ​ធ្វើ​ឱ្យ​ជីវភាព​ប្រសើរ​ឡើង​ទេ ដូច្នេះ កូន​ៗ​ក៏​គ្មាន​អនាគត​ល្អ​ដែរ ។ បើ​មាន​មុខរបរ​សមរម្យ ស្រេ វី​រៈ ចង់ឱ្យ កូន​ៗ​រៀនសូត្រ​ឱ្យ​បាន​ខ្ពស់ ហើយ​មានការ​ងារ​ល្អ​ធ្វើ​នា​ពេល​អនាគត​គេច​ផុត​ពី​ជីវិត​លំបាកលំបិន​ដូច​រូប​លោក ។

គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន​ស្នាក់​អាស្រ័យ ដូច្នេះ​ស្រេ វី​រៈ និង​ក្រុម​គ្រួសារ​ជ្រកកោន​នៅ​កន្លែង​ចង្អៀត​មួយ​បែងចែក​ពី​កន្លែង​ស្តុក​ទុក​របស់​អេ​ត​ចាយ​នៅ​ខាងក្រោយ​វត្ត​សន្សំ​កុសល ។ គ្មាន​អនាម័យ គ្មាន​បរិយាកាស​ល្អ​ទេ តែ​ទីនោះ​វិសេសវិសាល​ណាស់​សម្រាប់​គ្រួសារ​គ្មាន​ផ្ទះសម្បែង​ដូច​ស្រេ វី​រៈ ។ ប្រសើរ​ជាង​ជួល​ផ្ទះ​គេ​ដែល​ត្រូវ​បង់ថ្លៃ​ជម្រក​ដ៏​រខេករខាក​នោះ​បាន​ពី​ការ​ដោះ​ដូរ​ទឹកចិត្ត​អធ្យាស្រ័យ​ពី​ថៅកែ ហើយ​ពួក​គេ​គ្រាន់តែ​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង​ខ្លះ​ប៉ុណ្ណោះ ។

រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ លោក​ស្រេ វី​រៈ និង​នារី​ដែល​មាន​និស្ស័យ និង​សេចក្តី​ស្នេហា​ចំពោះ​គ្នា​បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ ។ អ្នក​ទាំង​ពីរ​មានកូន​ប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់​នៅ តូច​ៗ​ពុំ​ទាន់​អាច​ជួយ​អ្វី​ពួក​គេ​បាន​នៅឡើយ​ក្រៅពី​យំទារ​នំ​ឆី ។

លោក​ស្រេ វី​រៈ អាយុ​៣៧​ឆ្នាំ ហើយ​ជើង​ឆ្វេង​បាន​ស្វិត ធ្វើ​ឱ្យ​លោក​រស់នៅ​ក្នុង​ភាព​ពិការ​រយៈពេល​៣០​ឆ្នាំ​មក​ហើយ ។ ដោយសារ​ការ​ចាក់​ថ្នាំ​ពុំ​បាន​ត្រឹមត្រូវ​នាំ​ឱ្យ​មាន​ប្រតិកម្ម​ទើប​ជើងល្អ​ពី​កំណើត​របស់​លោក​វី​រៈ ស្វិត​ពិការ​។ មានកំណើត​នៅ​ស្រុក​ស្អាង លោក​ស្រេ វី​រៈ មាន​បងប្អូន​ចំនួន​៤​នាក់ ក្នុង​នោះ​លោក​ជា​កូន​ទី​២ ។

បុរស​ជា​ឪពុក​បាន​ចាក​ចេញពី​កូនប្រុស​ពិការ​ស្រេ វី​រៈ និង​ក្រុម​គ្រួសារ​ដោយសារ​មរណភាព​អស់​រយៈពេល​១៧​ឆ្នាំ​មក​ហើយ សល់​តែ​ស្ត្រី​ជា​ម្តាយ​ដែល​ពេល​ខ្លះ​មាន​ជំងឺ តម្រូវ​ឱ្យ​វី​រៈ ត្រូវ​ជួយ​រ៉ាប់រង ។

ដោយ​ខ្លួន​ពិការ ហើយ​ទៅ​ថ្ងៃ​មុខ​ចាស់​ថមថយ​កម្លាំង​មិន​អាច​ប្រកប​របរ ឬ​ធ្វើ​ការងារ​លំបាក​ដូច​សព្វថ្ងៃ​បាន លោក​ស្រេ វី​រៈ រំពឹង​លើ​កូន​ទាំង​២ ដូច្នេះ​ហើយ​ប្រាថ្នា​ឱ្យ​ពួក​គេ​រៀន​បាន​ខ្ពង់ខ្ពស់ និង​មានការ​ងារ​ធ្វើ ៕