រាជធានីភ្នំពេញ ៖ រោងចក្រកាត់ដេរចេខេ(JK) ស្ថិតនៅក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កែ ត្រូវជន១ក្រុមធ្វើសកម្មភាពចូលលួចយកអាវ និងរ៉ូបអស់ចំនួន១៤.០០០រ៉ូប អាវកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា និងធ្វើឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២២ ខែមីនា ដោយប្រធានរដ្ឋបាលបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចប៉ុស្តិ៍។ ការចូលធ្វើសកម្មភាពលួចក្នុងរោងចក្របែបនេះគេសង្ស័យថា មានការឱ្យដៃពីខ្មោចស្រុកទើបពួកចោរអាចធ្វើសកម្មភាព និងដឹកយកអាវបានយ៉ាងស្រួលបែបនេះ។
តាមពាក្យបណ្តឹងរបស់ឈ្មោះខុន ណារ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្រធានរដ្ឋបាលរោងចក្រកាត់ដេរចេខេ បានឱ្យសមត្ថកិច្ចដឹងថា មានជន១ក្រុមបានធ្វើសកម្មភាពចូលលួចនៅក្នុងរោងចក្របណ្តាលឱ្យបាត់បង់អាវ និងរ៉ូបចំនួន១៤.០០០។ ក្រុមចោរបានធ្វើសកម្មភាពនៅវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រហើយនៅព្រឹកថ្ងៃទី២២ ខែមីនា ទើបដឹងនៅពេលដែលជនជាតិចិន និងបុគ្គលិកចូលធ្វើការ។ តាមព័ត៌មានឱ្យដឹងថា នៅយប់កើតហេតុនោះមានសន្តិសុខចំនួន៤នាក់យាម ហើយសន្តិសុខចំនួន២នាក់បាននៅផ្នែកខាងមុខរោងចក្រ។ បន្ទាប់ពីភ្ញាក់ផ្អើលចោរចូលលួចសំភារក្នុងរោងចក្រ មានសន្តិសុខឯកជនចំនួន២នាក់បានគេចខ្លួនបាត់ដែលគេសង្ស័យថា ក្រុមនេះអាចពាក់ព័ន្ធក្នុងសកម្មភាពចូលលួចនោះ។
មានការលើកឡើងថា បើសិនគ្មានការបើកដៃឱ្យពីខ្មោចក្នុងទេ ចោរមិនអាចធ្វើសកម្មភាពបានឡើយ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចខណ្ឌឫស្សីកែវកំពុងធ្វើការស្រាវជ្រាវជុំវិញការចូលលួចអាវរោងចក្រជាទ្រង់ទ្រាយធំបែបនេះ៕
ចែករំលែកព័តមាននេះ