ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្តើម​សាកល្បង​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បានឱ្យ​ដឹង​ថា ដោយ​មើលឃើញ​នូវ​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា ក្រុម ហ៊ុន ហ៊ុន​ទី បាន​ចាប់ផ្តើម​បោះទុន​វិនិយោគ លើ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ការ​លាង​សម្អាត ការ​វេច​ខ្ចប់ ការ​បង្កើត​ឃ្លាំង​ស្តុក​ត្រជាក់ និង​ការ​នាំ​ចេញ ផលិតផល​កសិកម្ម​កម្ពុជា​នៅ​ឆ្នាំ ២០១៧ ហើយ​មក​ទល់​ថ្ងៃ​ទី ២​ខែធ្នូ​នេះ ក្រុមហ៊ុន​បាន​សាកល្បង​ដឹក​ជញ្ជូន​ស្វាយ​ស្រស់​មួយ Container ត្រូវ​ដឹក​ជញ្ជូន​ឆ្លងកាត់​ប្រទេស​វៀតណាម​ទៅ​កាន់​ប្រទេស​ចិន ។

យោង​តាម​ឯកឧត្តម​រដ្ឋមន្ត្រី តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០២០ នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បញ្ចប់​នៃ​ការ​សាងសង់ និង​ដំឡើង​ឧបករណ៍​សម្លាប់​ស មាស​ភាព​ចង្រៃ (​ពងរុយ​) នៅ​ក្នុង​ផ្លែស្វាយ​រួចរាល់​មក ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដឹក​ជញ្ជូន​ស្វាយ ពី​ចម្ការ​មក​សម្អាត និង​វេច​ខ្ចប់ ដោយ​បាន​ចាប់ផ្តើម​បណ្តុះបណ្តាល​កម្មករ​ចំនួន ៧០​នាក់ ជាបឋម ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេល​បី​ថ្ងៃ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​មួយ Container ហើយ ក្រុមហ៊ុន​មាន​ក្តី​សង្ឃឹមថា ក្រោយ​ពី​ទទួល​បាន​បទ​ពិសោធន៍​ពី​ការ​លាង​សម្អាត និង​វិច​ខ្ចប់ នឹង ជួយ​ដល់​ក្រុមហ៊ុន​បង្កើន​ល្បឿន​នៃ​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​នា​ពេល​ខាង​មុខ ។ ពាក់ព័ន្ធ​និង​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន សម្រាប់​កម្ពុជា​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​មុន​ធ្វើការ​នាំ​ចេញ​ទៅ​ចិន ។

សូម​បញ្ជាក់​ថា ពិធីសារ​រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អគ្គ​រដ្ឋបាល គយ​ចិន ស្តី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ កាន់​ប្រទេស​ចិន​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី ៩ ខែមិថុនា ឆ្នាំ ២០២០ ។ ចំពោះ​វឌ្ឍន ភាព​នៃ​ការ​អនុវត្ត​ពិធីសារ​នេះ យើង​ទទួល​បាន​លទ្ធផល​ជា​បន្តបន្ទាប់ អគ្គនាយកដ្ឋាន​កសិកម្ម បាន​ទទួល​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ចំនួន ៤៨​ក្រុមហ៊ុន ម្ចាស់​ចម្ការ និង​សហគមន៍​កសិកម្ម ។

ដំណាក់កាល​ទី ១ អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ វាយតម្លៃ លើ​កសិដ្ឋាន​ដែល​មាន​សក្តានុពល​ខ្ពស់ និង​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់ ប្រទេស​ចិន​ចំនួន ៥ និង​ទីតាំង​វេច​ខ្ចប់​ដែល​បាន​សាងសង់​រួចរាល់​ចំនួន ១ និង​បាន​ផ្ញើ​ជូន GACC កាលពី​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ ២០២០​។

ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ឱ្យ​បាន​ល្អ សម្រាប់​ការ​នាំ​ចេញ​ផ្លែ ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន អគ្គនាយកដ្ឋាន​កសិកម្ម បាន​និង​កំពុង​អនុវត្ត សកម្មភាព​មួយ​ចំនួន​នៅ​តាម​ទីតាំង​ចម្ការ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ ឱ្យ​បំពេញ​បាន​នូវ​លក្ខ ខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន ។ សកម្មភាព​ទាំងនោះ​រួម​មាន (១) បណ្តុះ បណ្តាល​បច្ចេកទេស​ស្តី​ពី​ការ​អនុវត្ត​កសិកម្ម​ល្អ (២) បណ្តុះបណ្តាល​បច្ចេកទេស​ស្តី​ពី​ការ​គ្រប់ គ្រង​សមាសភាព​ចង្រៃ (៣) បណ្តុះបណ្តាល​បច្ចេកទេស​ស្តី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ (៤) អង្កេត​តាមដាន និង​រៀបចំ​ប្រព័ន្ធ​ព្យាករណ៍​សមាសភាព ចង្រៃ​នៅ​តាម​ចម្ការ​ដែល​បាន​ចុះបញ្ជី​នាំ​ចេញ និង (៥) ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ដំ ណាំ​ស្វាយ ។ បន្ទាប់​ពី​សកម្មភាព​ទាំង ៥ ខាងលើ បាន​ដំណើរការ​ចប់​សព្វគ្រប់ ក្រុមការងារ ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នឹង​វាយតម្លៃ​ចម្ការ​ស្វាយ​ដើម្បី​ចុះបញ្ជី​កសិដ្ឋាន​ការ​អនុវត្ត កសិកម្ម​ល្អ និង​ចុះបញ្ជី​ជា​កសិដ្ឋាន​សម្រាប់​នាំ​ចេញ​ស្វាយ​ទៅ​កាន់​ប្រទេស​ចិន រួច​ផ្ញើ​ជូន​ភាគី ចិន​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​ចុង​ក្រោយ ។

ឯកឧត្តម​លើក​ឡើង​ថា គិត​ត្រឹម​ថ្ងៃ​ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ មាន​ក្រុម ហ៊ុន​ចំនួន ៤ ដែល​បាន​និង​កំពុង​ប្រតិបត្តិការ​សាងសង់​ទីតាំង​វេច​ខ្ចប់​ដោយ​មាន​បំពាក់​ហេ​ដ្ឋា រចនាសម្ព័ន្ធ​សម្រាប់​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដែល​ក្នុង​នោះ​រួម​មាន ៖១ ក្រុមហ៊ុន​បឹង​កេ​ត ផ្លេ​ន​ធី​ង & អ៊ិ​ន​ដាស​ស្ទៀល ឯ​.​ក មា​នទី​តាំងនៅ​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​និង​កំពុង​ដំឡើង​ម៉ាស៊ីន Hot Water Treatment ដែល​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែធ្នូ ឆ្នាំ ២០២០ ខាង​មុខ​នេះ​, ២ ក្រុមហ៊ុន បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័​រ ហា​យ​-​ថេ​ក ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក មាន​ទី តាំងនៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ បាន​និង កំពុង​ដំ ឡើង​ម៉ាស៊ីន Vapor Heat Treatment ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ ២០២០​នេះ​, ៣ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មា​នទី​តាំងនៅ​ភូមិ​ទី ៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​និង​កំពុង​ដឹក​សម្ភារៈ​ពី​ប្រទេស​ចិន​មក​សាងសង់ ដែល​គ្រោង នឹង​បញ្ចប់​នៅ​ដើមឆ្នាំ ២០២១, ៤ ក្រុមហ៊ុន អាល់ ហ្សា​ហ្ស៊ី​លេ​ន ហ្វ៊ូ​ដ ភី​ធី​អ៊ី (​ម្ចាស់​ក្រុមហ៊ុន HUNTY CO., LTD) មា​នទី​តាំងនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ បាន​និង​កំពុង​ដំឡើង​ម៉ាស៊ីន Hot Water Treatment គ្រោង​នឹង​បញ្ចប់​នៅ​កំឡុង​ខែធ្នូ ឆ្នាំ ២០២០ ខាង​មុខ​នេះ ។

ដោយឡែក​ក្រុមហ៊ុន​ចំនួន ៧ ផ្សេង​ទៀត​ដែល​មាន​ផែនការ​បំពាក់​ឧបករណ៍ ឬ​សម្ភារៈ ឱ្យ​បាន​មុន​ដំណាច់ឆ្នាំ ២០២០​នេះ បាន​ផ្អាក​បណ្តោះអាសន្ន​ដោយសារ​វិបត្តិ​ជំងឺ Covid 19 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ