ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ស្ត្រី​ចែក​ចាយ​​ថ្នាំ​ញៀន​​ដក​ហូត​យ៉ាម៉ា៧០គ្រាប់​​ និង​​ខេ​ទឹក​កក​​១៨ថង់​តូច

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​​​ប៉ែត ៖ នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២១ មីនា​ សមត្ថ​កិច្ច​ប៉ូលិស​ដឹក​នាំ​កម្លាំង​​ផ្ទាល់​លោក​​អនុ​សេនីយ៍​ឯក ​អ៊ុំ ​សុផល អធិ​ការ​​ក្រុង​ប៉ោយ​ប៉ែត បាន​បង្ក្រាប​ទីតាំង​​ចែក​ចាយ​ថ្នាំ​​ញៀន​មួយ​កន្លែង​​ស្ថិត​នៅ​ប្លុក​ផ្ទះ​ល្វែង​ក្នុង​ភូមិ​បាលិលេយ្យ សង្កាត់​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត និង​បាន​​ឃាត់​ខ្លួន​ស្ត្រី​ជា​អ្នក​ចែក​ចាយ​ម្នាក់ ព្រម​ទាំង​​ដក​ហូត​​វត្ថុ​តាង​បាន​​មួយ​ចំនួន​ផង​ដែរ ។

​តាម​ការ​បំភ្លឺ​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ការ​បង្ក្រាប​​ទីតាំង​​ចែក​ចាយ​ថ្នាំ​​ញៀន​​​​នេះ គឺ​ធ្វើ​​ឡើង​តាម​បទ​បញ្ជា​របស់​តុលា​ការ​ និង​ជា​បញ្ជា​​​របស់​លោក​ស្នង​ការ​ ។ ស្ត្រី​ដែល​ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ឈ្មោះ​ប្លែន ភា អាយុ​៣៧​ឆ្នាំ ជា​អ្នក​ជួល​បន្ទប់​​ស្នាក់​នៅ​ និង​ចែកចាយ​​ថ្នាំ​ញៀន ។ ​ក្នុង​ការ​​ឃាត់​ខ្លួន​នោះ​សមត្ថ​កិច្ច​បាន​ដក​ហូត​វត្ថុ​តាង​មាន​ថ្នាំញៀន​ប្រភេទ​ខេ​ទឹក​កក​ចំនួន​១៨​ថង់​តូច ​យ៉ាម៉ា​​៧០​គ្រាប់ ​​លុយ​​សៀម​៥១.៤០០​បាត និង​​លុយ​ខ្មែរ​​២៥០.០០០​រៀល​ ។

លោក​អនុ​សេនីយ៍​ឯក អ៊ុំ ​សុផល អធិ​ការ​ក្រុង​ប៉ោយ​ប៉ែត បាន​ឱ្យ​ដឹង​ថា ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​​នេះ​គឺ​សមត្ថ​កិច្ច​​របស់​លោក​បាន​ធ្វើ​ការ​បង្ក្រាប​​ជា​បន្ត​បន្ទាប់​ដល់​ទីតាំង​​អ្នក​ចែក​ចាយ​​ ដោយ​អនុ​វត្ត​តាម​គោល​ការណ៍​របស់​ថ្នាក់​ដឹក​នាំ​​ដែល​បាន​ដាក់​បទ​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​​ធ្វើ​ដូច​​ភ្លៀង​រលឹម​តែ​ម្តង សម្រាប់​​ក្រុង​ប៉ោយ​ប៉ែត​នេះ ។ ចំពោះ​​ជន​សង្ស័យ​​ចែក​ចាយ​​ថ្នាំ​ញៀន​ និង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ដែល​សមត្ថ​កិច្ច​ដក​ហូត​​បាន​នោះ​ នឹង​ត្រូវ​​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​តុលា​ការ​ដើម្បី​ចាត់​ការ​បន្ត ៕