ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​​រាជធានីភ្នំពេញបំបែក​សំណុំ​រឿង​​ចោរ​ប្លន់​ប្រាក់​ក្រុមហ៊ុន​​ប្រេង​សាវីម៉ិច​៦​ម៉ឺន​ដុល្លារ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្លាំង​នគរបាល​​ការិ​យា​ល័យ​​ព្រហ្មទណ្ឌកម្រិត​ស្រាល​​នៃ​ស្នងការ​​​ដ្ឋាន​នគរ​​បាល​​រាជធានីភ្នំពេញ​​បានខិតខំស្រាវជ្រាវ​​ទាំង​​ថ្ងៃ​​ទាំង​យប់ ​ក្រោយ​ពី​មាន​​សកម្ម​ភាព​ប​ទល្មើស​​​ប្លន់​គ្រឿង​​អលង្ការប្រាក់​តាម​ផ្ទះហាង​កាត់សក់​​យាន​ដ្ឋាន​​ជួសជុល​រថយន្ត​​ និង​តាម​រថយន្ត​​ដោយ​ប្រើ​​​រូប​ភាព​​​ប្លែកៗ ដើម្បី​បំភ័ន្ត​​​ភ្នែក​សមត្ថកិច្ច​​​ ពាក្យ​​ចាស់​បានពោល​ថា «កុក​ភ្លេច​ជុង ប៉ុន្តែ​ជុង​មិន​ភ្លេច​កុកនោះទេ» ជាក់ស្តែង​​​កាលពី​​យប់ថ្ងៃទី​​១៨ មីនា ​២០១១ ​ជនសង្ស័យ​​​ជា​មេ​ខ្លោង​​​ក្នុងអំពើ​​​​ប្លន់ប្រដាប់អាវុធ​​​ម្នាក់ និង​បក្សពួក​២​នាក​់ទៀត​​ត្រូវបាន​ក្របួច​​ជាប់​នៅលើ​​​កំណាត់​ផ្លូវ​​​លេខ​​៨១ ស្ថិត​ក្នុង​​សង្កាត់ផ្សារ​​ថ្មីទី​២ ​ខណ្ឌ​ដូនពេញ ខណ​ៈ​ពេល​ជន​នោះ​​កំពុងតែ​ជិះ​រថយន្ត​​ហ្ស៊ីប ហើយ​ដក​ហូត​បាន​អាវុធ​ខ្លី​​​ចំនួន​៣​ដើមទៀត​ផង ។​

ក្រោយពី​​សមត្ថកិច្ច​​តាមប្រមាញ់​មេ​ខ្លោង​​​ប្លន់​​ប្រដាប់អាវុធ​​​​ និង​ដក​ហូត​​អាវុធ​ដល់ទៅ​​​៣ដើម​រួចមក នៅ​យប់ថ្ងៃ​ដដែល​ បក្សពួក​​ចោរ​ប្លន់​​​ម្នាក់ទៀត​​​ត្រូវ​បាន​ក្របួច​​ជាប់​លើ​​កំណាត់​ផ្លូវ​​មួយក្នុង​សង្កាត់​ស្ទឹង​មានជ័យ ​​ខណ្ឌ​មានជ័យ ​។ ​ជន​សង្ស័យ​​ជាមេ​ខ្លោង​​​​ឈ្មោះ​ណិល និង​​​​​ម្នាក់​ទៀត​​ឈ្មោះ​​ពេជ្រ ​ពួកគេ​​មានអាយុជាង​​​២០​ឆ្នាំ ។ ឈ្មោះ​​ពេជ្រ នេះ​​បាន​ធ្វើ​​សកម្ម​​​ប្លន់​​​គ្រឿង​អលង្ការ​​​របស់​លោកជួង​ ជី ហៅ​កុយ ​​ទទួល​បាន​ផល​ចំណែក​​៣.៥០០​ដុល្លារ ​​ចំណែក​​ជនសង្ស័យ​​ឈ្មោះណិល ជា​មេ​ខ្លោង​​ក្នុង​ការធ្វើ​​សកម្ម​ភាព​ប្លន់​​ប្រាក់​ចំនួន​​៦ម៉ឺន​ដុល្លារ កាលពី​​ថ្ងៃទី​៧ កុម្ភៈ ​​២០១១ ​វេលាម៉ោង​​៩​និង​​១០នាទី​​​ព្រឹក​នៅ​លើ​​កំណាត់​វិថី​ព្រះស៊ីសុវត្ថិ ​​សង្កាត់ស្រះចក ​ខណ្ឌ​ដូន​ពេញ ខណៈ​​​បុរស​​ម្នាក់ជា​បុគ្គលិក​ក្រុម​ហ៊ុនប្រេង​​​​សាវី​ម៉ិច ​បើក​រថយន្ត​​ម៉ាក​វីហ្គោ ​ពណ៌ទឹកប្រាក់ ពាក់​ស្លាកលេខ ​ភ្នំពេញ 2K-1688 មក​ដល់​​មុខក្រុម​​ប្រឹក្សា​​​អភិវឌ្ឍន៍​​កម្ពុជា (CDC) ​ក៏​មាន​ជន​ប្រដាប់​​​អាវុធ​​​២នាក់ជិះ​ម៉ូតូម៉ាក​ C125 ពណ៌​ខ្មៅ ​​ស៊េរី​​២០១០ ​​គ្មាន​ពាក់​ម៉ាស់ បាន​បើក​ម៉ូតូ​​​កៀរ​​​​រថយន្ត​​ឱ្យឈប់​​​ និង​ដក​កាំភ្លើង​​​​ភ្ជង់​គំរាម​​មិន​ឱ្យ​​ស្រែក​​ រួច​បាញ់​មួយគ្រាប់ ​ព្រមទាំង​​​​វាយ​បំបែក​​​កញ្ចក់​​ទ្វារ​រថ​យន្ត​​​ខាង​ឆ្វេង​​​យកស្បោង​លុយជិះ​ម៉ូតូ​​​គេ​ច​បាត់​​ដោយមិន​​​រំខាន​ដល់​​នគរ​បាល​ប៉ុស្តិ៍​​នោះទេ ។

ជនសង្ស័យ​​រូប​នេះក៏​ជា​​​​​អ្នកធ្វើ​​​​សកម្ម​ភាព​​ប្លន់​គ្រឿង​​អលង្ការ​​ពីនាយ​​ទាហានម្នាក់​​ដែល​កំពុង​​អង្គុយ​កាត់​​សក់​នៅ​ក្នុង​​ហាង​មួយ​ទល់​មុខ​​កំពង់​ផែថ្ម ​វិថី​ព្រះ​​ស៊ីសុវត្ថិ ​សង្កាត់ស្រះចក ​ខណ្ឌ​ដូន​ពេញ ​​ក្នុងអំឡុង​ខែ​តុលា ​២០១០ និង​បាញ់​​​គំរាម​​មួយគ្រាប់​​​មុន​នឹង​ចាក​ចេញទៅ​ ។

សូមបញ្ជាក់​ថា ​ក្រោយ​ពេលប៉ូលិស​​សួរនាំ ​ឈ្មោះណិល ​បានសារ​ភាព​ចង្អុល​បង្ហាញ​​​មុខ​មាត់​​​គ្នា​របស់​​​​គេ​​​ម្នាក់ទៀត ​គឺជា​កូន​​ប្រុស​នាយក​រង​​ក្រុមហ៊ុន​​ប្រេង​សាវីម៉ិចតែម្តង ​​ហើយ​ប៉ូលិស​​​​បាន​ទៅ​​ចាប់​ខ្លួនដល់​​ក្រុមហ៊ុន​​កាលពីព្រឹកថ្ងៃទី​​​១៩ មីនា ២០១១ ។ កូនប្រុស​នាយក​​រង​ក្រុម​ហ៊ុន​​ប្រេង​សាវីម៉ិច​​នេះមិន​​​ទាន់ត្រូវ​បាន​សមត្ថ​កិច្ច​​ប្រាប់ឈ្មោះ​ទេ ​ដោយទុក​ស្រាវជ្រាវ​​​ចាប់​បក្ស​ពួក​​បន្ត​..​. ប៉ុន្តែគេ​​ថា ជននេះ​​ជា​រនុក​​ក្នុង​ជា​អ្នក​​​​ឱ្យ​ដំណឹង​​ទៅក្រុម​​​ចោរ​​ប្លន់​​ប្រដាប់អាវុធ ៕​