ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ថ្ងៃប៉ូលិស​ចរាច​រ​ចាប់​ម៉ូតូ​១០៦គ្រឿង​ដែល​ប្រើ​ប្រាស់​ខុស​លក្ខណៈបច្ចេក​ទេស

15 ឆ្នាំ មុន

ខេត្ត​តា​កែវ ៖ យុទ្ធ​នា​ការ​​​ក្តៅ​គគុក​​ចាប់​ម៉ូតូ​​មិនពេញ​លក្ខណៈច្បាប់​ចរា​ចរ​បាន​​ធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃ​ គឺ​​ថ្ងៃ​ទី​១៧ និង​១៨ មីនា ២០១១​ ដោយ​សមត្ថ​កិច្ច​នគរ​បាលចរា​ចរ​​ខេត្ត ​។ លោក​វរ​សេនីយ៍​ឯក​ អ៊ុន សារិន ស្នង​ការ​រង​ទទួល​បន្ទុក​​នាយ​ការិយា​ល័យ​កណ្តាល​សណ្តាប់​ធ្នាប់​ខេត្ត​ថ្លែង​​ថា យុទ្ធ​នា​ការ​ចាប់​ម៉ូតូ​មិន​ពេញ​លក្ខណៈ​ច្បាប់​នេះ​​អនុ​វត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍​ត្រី​អ៊ុក សំណាង ស្នង​ការ​នគរ​បាល​ខេត្ត​តា​កែវ។ ការអនុវត្ត​ការ​ងារ​នេះ​នៅ​​​គោល​ដៅ២ គឺ​នៅ​មុខ​វិទ្យា​ល័យ ជា​ ស៊ឹម តា​កែវ ដែល​តាម​ការ​សង្កេត​កូន​សិស្ស​មួយ​ចំនួន​ធំ​អត់​ពាក់​មួក​សុវត្ថិ​ភាព​ និង​ម៉ូតូ​​អត់​ដាក់​កញ្ចក់​ និង​​គោល​ដៅ​មួយ​ទៀត​នៅ​តាម​ផ្លូវ​វិមាន​ឯក​រាជ្យ​ដែល​ជា​ផ្លូវ​ធំ​មាន​ការ​ធ្វើ​ដំណើរ​ទៅ​មក​ច្រើន។

លោក​អ៊ុន សារិន ឱ្យ​ដឹង​ថា ពេញ​មួយ​ថ្ងៃ​ទី​១៧ មីនា កំលាំង​របស់​លោក​​​ចាប់​ម៉ូតូ​អត់​គោរព​ច្បាប់​ចរា​ចរ​បាន​ចំនួន​៨៦​គ្រឿង​យកទៅ​​​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ និង​​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា​ ចាប់​បាន​ចំនួន​២០​គ្រឿង​ទៀត​សរុប​១០៦​គ្រឿង​។​

លោក​ឧត្តម​សេនីយ៍​ត្រី​អ៊ុក សំណាង​ ស្នង​ការ​នគរ​បាល​ខេត្ត​មាន​ប្រសាសន៍​ថា ដោយ​អនុវត្ត​តាម​ការ​ណែ​នាំ​ពី​ក្រសួង​មហា​ផ្ទៃ​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឱ្យ​កំលាំង​ជំនាញ​ចុះ​ផ្សព្វ​ផ្សាយ​ណែ​នាំ​ ចែក​សៀវ​ភៅ​ច្បាប់​ចរា​ចរ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ជា​ច្រើន​លើក​ តែ​នៅ​តែ​មាន​អ្នក​មិន​អនុ​វត្ត​​តាម​ច្បាប់​ដដែល​ ​ភាគ​ច្រើន​សិស្ស​សាលា​ និង​​សមត្ថ​កិច្ច​តែម្តង​ ។

លោក​ស្នង​ការ​ថ្លែង​ថា «ការ​ចាប់​ម៉ូតូ​អត់​គោរព​ច្បាប់​នេះ​យើង​ធ្វើ​អត់​យោគ​យល់​ឡើយ​»​។ លោក​បន្ត​ថា ​​នៅ​ដើម​ខែ​មីនា​នេះ​សមត្ថ​កិច្ច​បាន​ចុះ​ចាប់​ម៉ូតូ​នៅ​ចំណុច​ស្ថានីយ​រថ​ភ្លើង​បាន​ចំនួន​៤៧​គ្រឿង​ ព្រម​ទាំង​​ហៅ​ម្ចាស់​ទៅ​​ណែ​នាំ​ពី​ច្បាប់​ចរា​ចរ​រួច​ទើប​ប្រគល់​ម៉ូតូ​ឱ្យ​​វិញ ។ លើក​នេះ​នឹង​ហៅ​ម្ចាស់​ម៉ូតូ​ទាំង​អស់​នោះទៅ​​ណែ​នាំ​ច្បាប់​ចរា​ចរ​ រួច​ផាក​ពិន័យ​ទៅ​តាម​ច្បាប់​ចរា​ចរ​ និងឱ្យធ្វើ​កិច្ច​សន្យាផង​ដែរ​​ ៕