រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានធ្ងន់ៗទៅដល់រថយន្តធុនធំដឹកធ្ងន់ៗលើសចំណុះបណ្តាលឱ្យខូចផ្លូវ និងបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ស្នាមរបួស អាយុជីវតប្រជាពលរដ្ឋ គឺត្រូវតែធ្វើការផាកពិន័យឱ្យខ្លាំងក្លា ហើយសមត្ថកិច្ចប៉ូលិស-ប៉េអឹម ត្រូវតែរឹតបន្តឹងការងារនេះបន្ថែមទៀត កុំបន្ធូរបន្ថយ កុំបណ្តែតបណ្តោយឱ្យរថយន្តធំទាំងនោះ ឬរថយន្តតទ្រុង តកន្ទុយ ខុសលក្ខណៈបច្ចេកទេស ធ្វើព្យុះធ្វើភ្លៀងដឹកលើសចំណុះ បំផ្លាញផ្លូវ បង្កគ្រោះថ្នាក់ដល់គេឯង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១១ និងទិសដៅការងារ២០១១ កាលពីរសៀលថ្ងៃទី១៦ មីនា ២០១១ នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ។ សម្តេចបានសង្កត់ធ្ងន់ថា ប៉ូលិស-ប៉េអឹម មិនចាំបាច់ចាប់តាមផ្លូវទេ នាំតែពិបាកកាត់ទ្រុង កាត់កន្ទុយ និងផាកពិន័យ…ត្រូវទៅចាប់ដល់ក្រុមហ៊ុនតែម្តង ទើបវាច្បាស់លាស់…គឺយើងចាប់មិនឱ្យរថយន្តចេញទៅតាមផ្លូវ...បើកន្ទុយវែងកាត់ចេញ, ទ្រុងខ្ពស់កាត់ចេញ, ខុសបច្ចេកទេសអ្វី កែតម្រូវបច្ចេកទេសហ្នឹង ហើយផាកពិន័យឱ្យខ្លាំង…បើម្ចាស់ក្រុមហ៊ុនតវ៉ា ឬមិនអនុវត្តតាម គឺត្រូវបិទក្រុមហ៊ុនតែម្តង…ហើយពេលនោះក្រសួងយុត្តិធម៌ត្រូវចូលរួមអនុវត្តផ្លូវច្បាប់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់សមត្ថកិច្ច ៕
ចែករំលែកព័តមាននេះ