ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋប្រុសស្រីចំនួន៧៣នាក់ តំណាងឱ្យ៧៣គ្រួសារនៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននាំគ្នាធ្វើដំណើរមកកាន់មុខភូមិគ្រឹះសម្តេចតេជោហ៊ុន សែន នាក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១៧ មីនា ដើម្បីសុំឱ្យសម្តេចតេជោជួយអន្តរាគមន៍ដល់ពួកគាត់ក្នុងរឿងទំនាស់ដីធ្លីនៅផ្សារត្រែងត្រយឹង។ អ្នកភូមិចោទប្រកាន់ថា អាជ្ញាធរបានឃុបឃិតជាមួយក្រុមហ៊ុនមួយយកដីនោះពីប្រជាពលរដ្ឋទៅឱ្យក្រុមហ៊ុនធ្វើស្ថានីយប្រេង ដែលដីនោះពួកគាត់បានរស់នៅតាំងពីឆ្នាំ១៩៩៣មក។
ក្រុមអ្នកតវ៉ាបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១១ ខាងមុខនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ នឹងដឹកនាំកម្លាំងសមត្ថកិច្ចចំរុះចុះទៅអនុវត្តសាលក្រមរដ្ឋប្បវេណី គឺបណ្តេញ និងរុះរើលំនៅឋានរបស់ពួកគាត់ចេញពីដីទំហំ៧០អា នេះយកទៅឱ្យក្រុមហ៊ុន ហេតុនេះទើបធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចបាត់ដីលំនៅឋានរបស់ពួកគាត់។ ពួកគាត់បានឱ្យដឹងទៀតថា កន្លងមកពួកគាត់ធ្លាប់បានស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ស្រុក ខេត្តរហូតដល់ស្ថាប័នព្រះមហាក្សត្រ ហើយចំណារបានត្រឡប់មកវិញ គឺត្រឹមតែឱ្យស្ថាប័នមានការពាក់ព័ន្ធទាំងនោះជួយពិនិត្យឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។ ពួកគាត់ចោទសួរថា ចុះហេតុអ្វីបានជាសាលាដំបូងខេត្តកំពង់ស្ពឺកាត់ក្តីទៅឱ្យខាងក្រុមហ៊ុនឈ្នះទៅវិញ។
ពួកគាត់បានបញ្ជាក់ទៀតថា ទាំងអស់គ្នាបានរស់នៅលើដីនោះចាប់តាំងពីឆ្នាំ១៩៩៣មក ដែលកាលនោះតំបន់ត្រែងត្រយឹងស្ថិតនៅជាតំបន់ប្រទាញប្រទង់រវាងក្រុមខ្មែរក្រហម និងកងកំលាំងរាជរដ្ឋាភិបាល។ កាលពីមុន តំបន់នោះស្ថិតនៅក្នុងតំបន់ភ័យខ្លាច អសន្តិសុខ ពុំមានមន្ទីរពេទ្យ សាលារៀន អណ្តូងទឹក និងខ្វះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយក៏គ្មានក្រុមហ៊ុនណាមានកម្មសិទ្ធិដែរនៅលើដី នេះ ចំណែកពួកគាត់ទ្រាំរស់នៅយ៉ាងលំបាកលំបិនរងទុក្ខវេទនាព្រោះពុំមានដីតាំងទីលំនៅផ្សេងពីនេះឡើយ។ កន្លងមក មេឃុំត្រែងត្រយឹងចាស់ឈ្មោះដុច កង បានដឹងឮ និងទទួលស្គាល់ពិតប្រាកដ ហើយកាលនោះទីតាំងភូមិសាស្ត្រគឺជាដីស្រែ ដីព្រៃដែលពុំមានជាលក្ខណៈដីឡូត៍ទេ។
ក្រោយមកទៀត ប្រទេសជាតិយើងមានការរីកចម្រើន ឯនៅតំបន់ត្រែងត្រយឹងនេះក៏មានការអភិវឌ្ឍដែរ ហើយពួកគាត់ខិតខំកសាងជីវភាពបានល្អប្រសើររហូតដល់ដីតំបន់នេះមានហាងឆេងស្រាប់តែលេចមុខក្រុមហ៊ុនមួយមកប្តឹងប្តល់ជាមួយប្រជាពលរដ្ឋថា ជាដី របស់គេ ឯអាជ្ញាធរខេត្តក៏ជួយកាន់ជើងខាងក្រុមហ៊ុនទៅវិញ បើទោះបីជាពួកគាត់មានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំក៏ដោយ។ ប្រជាពលរដ្ឋបញ្ជាក់ទៀតថា ពួកគាត់សង្ឃឹមលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអាចជួយរកយុត្តិធម៌ដល់ពួកគាត់ទាំងអស់គ្នាជាប្រជាពលរដ្ឋស្លូតត្រង់ដែលកំពុងរងការរំលោភបំពានទាំងអយុត្តិធម៌នេះ ៕
ចែករំលែកព័តមាននេះ