ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី១៣ មិថុនា ២០១៥ លោកអ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមដំណើរដោយលោក ខូយ រីដា អភិបាលរង និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាទៅជួយឧបត្ថម្ភដល់គ្រួសារសពយុវសិស្សអនុវិទ្យាល័យទាចំរ៉ាត់ដែលត្រូវរន្ទះបាញ់ស្លាប់០២នាក់ និងរបួសធ្ងន់-ស្រាល១៦នាក់កាលពីរសៀលថ្ងៃទី១២ មិថុនា ២០១៥កន្លងទៅនេះ ខណៈពេលកំពុងរត់លេងបាល់ទាត់ក្រោមមេឃកំពុងរលឹម។
លោកអ៊ុយ សំអាត បានថ្លែងថា សម្ភារៈថវិកា និងគ្រឿងឧបភោគ បរិភោគដែលយកមកផ្តល់ជួនគ្រួសារសពយុវសិស្សទាំង០២នាក់ និងរបួស១៦នាក់ ក្នុងករណីរន្ទះបាញ់ដល់លំនៅដ្ឋាននាពេលនេះគឺជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។
អំណោយមនុស្សធម៌ឧបត្ថម្ភជួនគ្រួសារសពទាំងពីរ មួយគ្រួសារទទួលបានអង្ករ ១០០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស និងថវិកា២លានរៀល។ ដោយឡែកលោកខូយ វ៉េតប្រធានក្រុមហ៊ុនម៉ូតូហុងដាសាខាខេត្តពោធិ៍សាត់បានជួយឧបត្ថម្ភថវិការបន្ថែម២០ម៉ឺនរៀល និងលោកជំទាវម៉ៅ ស៊ីធន់ នាយិកាក្រុមហ៊ុនលក់ឧបករណ៍ការពាររន្ទះជួយឧបត្ថម្ភថវិកា១០ម៉ឺនរៀល ក្នុងម្នាក់ៗផងដែរ។ចំពោះអ្នករងរបួស១៦នាក់នៅក្នុងមន្ទីរពេទ្យខេត្តក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកដោះគោឆៅ០២យួរ ស្ករស០២គីឡូក្រាម និងឃីត០១កញ្ចប់ មានមុង០១ ក្រមា០១ សារុង០១ ភួយ០១ និងថវិកា០៥ម៉ឺនរៀល ក្នុងនោះ៤នាក់របួសធ្ងន់បន្ថែមថវិកា៥ម៉ឺនរៀលផងដែរ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ