រាជធានីភ្នំពេញ ៖ ផ្លូវជុំវិញផ្សារធំថ្មីដែលកន្លងមកមានសភាពខូចខាត និងទឹកដក់ស្ទើរគ្រប់កន្លែងនោះ ពេលនេះ ត្រូវបានសាលារាជធានីភ្នំពេញ ធ្វើការជួសជុលរួចរាល់ និងកំពុងចាក់អ៊ុតកៅស៊ូលើផ្លូវជុំវិញផ្សារទៅតាមលំនាំដើម បន្ទាប់ពីតូបក្នុងផ្សារត្រូវបានសាងសង់ និងជួសជុលរួចរាល់ ហើយបើកឱ្យដំណើរការលក់ដូរធម្មតា ចំណែកឯតូបលក់ដូរបណ្តោះអាសន្នតាមផ្លូវជុំវិញផ្សារនោះក៏តម្រូវឱ្យរើចូលទៅខាងក្នុងវិញរួចរាល់ហើយដែរ ។ ផ្លូវជុំវិញផ្សារធំថ្មីនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ជាសោភ័ណភាពលំអរាជធានី និងប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទៅទិញទំនិញ ឬក៏លក់ដូរទំនិញផ្សេងៗដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយរបស់រាជធានីភ្នំពេញ ។
បន្ទាប់ពីស្ថាបនាគ្រឹះខាងក្រោមរបស់ផ្លូវរួចក្នុងពេលនេះកំពុងដំណើរការចាក់អ៊ុតកៅស៊ូដែលការអ៊ុតកៅស៊ូអនុវត្តដោយក្រុមហ៊ុន Ly Service ក្នុងទំហំ៩.៤០០ម៉ែត្រការ៉េ ដែលមានទទឹងផ្លូវ១៦ម៉ែត្រ។ តំណាងក្រុមហ៊ុននេះបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូផ្លូវខាងលើនេះនឹងធ្វើឱ្យរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរឆាប់ៗខាងមុខនេះ ហើយការស្ថាបនាធ្វើឡើងតាមគម្រោងរបស់សាលារាជធានីភ្នំពេញ បន្ទាប់ពីរុះរើតូបបងប្អូនអាជីវករបណ្តោះអាសន្នលើចិញ្ចើមផ្លូវឱ្យចូលទៅខាងក្នុងរួចមក ។ គួររំលឹកថា ការជួសជុលកែលំអផ្សារធំថ្មីនេះក្រោមជំនួយរបស់រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ហើយបន្ទាប់ពីស្ថាបនាផ្លូវជុំវិញផ្សារធំថ្មីរួចសាលារាជធានីភ្នំពេញមានគម្រោងរៀបចំបង្កើតផ្សាររាត្រីសម្រាប់លក់ពេលយប់នៅជុំវិញផ្សារធំថ្មីនេះបន្ថែមទៀត ដើម្បីឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទិញទំនិញនៅពេលយប់បានដោយស្រួល ៕


ចែករំលែកព័តមាននេះ