ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ត្រេកអរ​ពេល​ប៉ូលិស​ផ្អាក​ផាកពិន័យ​ទេ !

3 ឆ្នាំ មុន
  • ភ្នំពេញ

ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ការ​អនុវត្ត​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរា​ចរណ៍ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ។ ពោល​គឺ​ប៉ូលិស​ចរាចរណ៍​មិន​ថា នៅ​ភ្នំពេញ​និង​នៅ​តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស បាន​ផ្អាក​ស្ទាក់​ចាប់​ផាកពិន័យ​លើ​យានយន្ត​ទាំងអស់…

ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ការ​អនុវត្ត​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរា​ចរណ៍ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ។ ពោល​គឺ​ប៉ូលិស​ចរាចរណ៍​មិន​ថា នៅ​ភ្នំពេញ​និង​នៅ​តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស បាន​ផ្អាក​ស្ទាក់​ចាប់​ផាកពិន័យ​លើ​យានយន្ត​ទាំងអស់ ដែល​ល្មើសច្បាប់​ចរាចរណ៍ ។ ប៉ុន្តែ​សមត្ថកិច្ច​ចរាចរណ៍​ទាំងអស់ នៅ​តែ​អនុវត្ត​តួនាទី និង​ដាក់​ពង្រាយ​ឈរជើង​តាម​ផ្លូវ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ។

ការ​សម្រេច​ដូច្នេះ អនុវត្ត​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​នអគ្គ​ស្នងការ​នគរបាល​ជាតិ និង​ការ​ណែនាំ​ផ្ទាល់មាត់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

សារ​សំឡេង​របស់​លោក​ឧត្ត​សេន​យ៍​ឯក ស ថេ​ត លើក​ឡើង​ថា ក្នុង​រយៈពេល​១៥​ថ្ងៃនេះ ឯកឧត្តម នេ​ត សា​វឿ​ន ស្នើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​អនុវត្ត​ទៅ​លើ​អនុក្រឹត្យ​លេខ​៣៩ សូម​ធ្វើការ​ផ្អាក​ការ​ផាកពិន័យ បណ្ដោះអាសន្ន​សិន ទាំង​ការ​ពិនិត្យ​ជា​អាកុល នៅ​ពេល​យប់ ដោយ​រង់ចាំ​ក្រោយ​ថ្ងៃ​ទី​១៦ នឹង​ធ្វើការ​ពិចារណា​ឡើង​វិញ ។

លោកស្នងការ​បាន​បញ្ជាក់​ថា ទោះបី​ត្រូវ​ផ្អាក​ការ​ផាកពិន័យ​ជា​បណ្ដោះអាសន្ន​មែន ប៉ុន្ដែ​មន្ដ្រី​នគរបាល​ចរាចរណ៍​ទាំងអស់ ត្រូវ​ប្រចាំការ​នៅ​គោលដៅ​របស់​ខ្លួន​ដដែល ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ។

ការ​សម្រេច​ផ្អាក​ស្ទាក់​ចាប់​ផាកពិន័យ​លើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​នេះ អាច​ជា​ដំណឹង​រីករាយ​របស់​ក្រុម​អ្នក​ល្មើសច្បាប់​ចរាចរណ៍​មួយ​ក្តាប់​តូច ពិសេស​ក្រុម​អ្នក​ផឹកស៊ី​ពេល​យប់​ជាដើម ។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ដំណឹង​នេះ មិន មែន​គួរតែ​រីករាយ​នោះ​ឡើយ បើសិន​ជា​អ្នកបើកបរ​យានយន្ត​ទាំងឡាយ ភ្លេចខ្លួន ហើយ​បែរជា​ជិះសេះ​លែងដៃ លែង​ពាក់មួក​សុវត្ថិភាព ពេល​បើកបរ និង​ជិះ​ម៉ូតូ ឬ​ក៏​បើកបរ​លឿន​ៗ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បូក​រួម​ទាំង​ផឹកស៊ី​ស្រវឹង ហើយ​នៅ​តែ​បើក​ម៉ូតូ​ឡាន​នោះ ។

ការ​សម្រេច​របស់​មេ​ប៉ូលិស ផ្អាក​មិន​ចាប់​ផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​រយៈ​ពេល​កន្លះ​ខែ​នេះ ដើម្បី​ចូលរួម​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ជៀសវាង​ការ​កកស្ទះ​តាម​ផ្លូវ ពិសេស​ភ្លើងស្តុប ដែល​ជា​វិធានការ​មួយ សម្រាប់​កាត់​បន្ថយ និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩ ។

ដូច្នេះ​ទោះបីជា​ប៉ូលិស​មិន​ចាប់ មិន​ផាកពិន័យ​ក៏​ដោយ តែ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទាំង​អស់ រាប់​ទាំង​អ្នក​ដើរ និង​ទាំង​អ្នក​ជិះ​កង់ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ខ្លួនឯង ដើម្បី​ធានា​សុវត្ថិភាព​ផង និង​បង្ហាញ​ពី​សេចក្តី​ថ្លៃថ្នូរ សីលធម៌​សង្គម​ដ៏​ល្អ​របស់​ខ្មែរ​យើង​ផង ។ ម្យ៉ាង​ក៏​កុំ​ឲ្យ​ធ្លាប់ខ្លួន ពេល​ប៉ូលិស​ចុះ​ចាប់​វិញ អ្នក​ចូល​ចិត្ត​ល្មើសច្បាប់​ចរាចរណ៍​មួយ​ក្តាប់​តូច មិន​ព្រម​ឈប់​ពេល​ភ្លើងស្តុប​ក្រហម ឬ​មិន​ពាក់មួក​សុវត្ថិភាព ពេល​ជិះ​ម៉ូតូ​ជាដើម ច្បាស់​ជា​ត្រូវ​ខាត​ពេល​ផង និង​ត្រូវ​អស់​លុយ​យ៉ាងច្រើន​ទៀត ។

មួយវិញទៀត ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​គ្រប់​រូប ពិសេស​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​រាល់ថ្ងៃ កុំ​ភ្លេច​ថា កូ​វី​ដ មិន​ទាន់​សម្លាប់​នរណា​នៅ​ប្រទេស​យើង​នៅឡើយ​ទេ មក​ដល់​ពេល​នេះ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ថ្ងៃ​ៗ ជា​មធ្យម​បាន​សម្លាប់​មនុស្ស​មិន​តិច​ជាង​៥​នាក់​ហើយ​របួស​ជាង​១០​នាក់​ផ្សេង​ទៀត ។

និយាយ​ដូច្នេះ មិនមែន​ថា មិន​ឲ្យ​បងប្អូន​មិន​ខ្លាច​កូ​វី​ដ​ទេ ។ តែ​សូម​ឲ្យ​បងប្អូន​ជនរួមជាតិ​យើង​ទាំងអស់​ខ្លាច​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ដូច​ខ្លាច​កូ​វី​ដ​ដែរ ព្រោះ​ចូរ​កុំ​ភ្លេច​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ក៏​អាច​កើតឡើង​គ្រប់​មនុស្ស​គ្រប់​រូប គ្រប់ពេលវេលា គ្រប់​ផ្លូវ​ធ្វើ​ដំណើរ បើសិនជា​យើង​ម្នាក់​ៗ មិន​ប្រុង​ប្រយ័ត្ន និង​មិន​គោរព​ច្បាប់​ចរាចរណ៍ ។

ម្យ៉ាង បើ​យើង​គោរព​ច្បាប់​ហើយ​យើង ប្រុង​ប្រយ័ត្ន​ហើយ តែបើ​អ្នកបើកបរ​យានយន្ត​ផ្សេង​​ទៀត​ធ្វេសប្រហែស និង​មិន​គោរព​ច្បាប់​ចរាចរណ៍ ក៏​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ទេ ថែម​ទាំង​បង្ក​វិនាសកម្ម​ដល់​អ្នក​ផ្សេង​ថែម​ទៀត​ផង ៕​ ដោយ៖ មុត ស្រីពៅ

អត្ថបទសរសេរ ដោយ