ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជំរុញ​ឱ្យ SMEs ផលិត​ទំនិញ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​​ប្រកួតប្រជែង​ក្នុង​តំបន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ហៅ​កាត់​ថា SMEs ឱ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ជា​ពិសេស​ប្រទេស​ជិតខាង​នោះ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​សហគ្រិន​ក្នុង​វិស័យ​នេះ​ងាក​មក​ផលិត​នូវ​ទំនិញ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ និង​ផលិត​នូវ​ទំនិញ​ដែល​មាន​ស្ដង់ដារ និង​គុណភាព​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ហៅ​កាត់​ថា SMEs ឱ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ជា​ពិសេស​ប្រទេស​ជិតខាង​នោះ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​សហគ្រិន​ក្នុង​វិស័យ​នេះ​ងាក​មក​ផលិត​នូវ​ទំនិញ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ និង​ផលិត​នូវ​ទំនិញ​ដែល​មាន​ស្ដង់ដារ និង​គុណភាព​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ។

បើ​តាម​ឯកឧត្តម ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​មាន​ប្រសាសន៍​ថា ក្នុង​សម័យ​បច្ចេកវិទ្យា​រីក​ចម្រើន សហគ្រាស​មិន​អាច​ផលិត​នូវ​ទំនិញ ដោយ​ប្រើ​បច្ចេកវិទ្យា​ដូច​ពី​មុន​បាន​ទៀត​ទេ ព្រោះ​វា​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដែល​គេ​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​នោះ​ទេ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា « នៅ​ពេល​បច្ចេកវិទ្យា​កន់​តែ​រីក​ចម្រើន គេ​ត្រូវធ្វើ​អ្វី​ៗ​ត្រូវការ​ទៅ​តាម​បច្ចេកវិទ្យា​ដូច​គ្នា ដូច្នេះ​ហើយ​រដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ជាមួយនឹង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដើម្បី​ឱ្យ​មានការ​ធ្វើ​ពិពិធ​កម្ម​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ » ។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​តាម​រយៈ ការ​ធ្វើ​សិក្ខាសាលា​បណ្ដុះបណ្ដាល​នានា ដើម្បី​ឱ្យ​សហគ្រិន​បាន​យល់​ពី ការ​ធ្វើ​ពិពិធ​កម្ម ពី​ការ​អភិវឌ្ឍ​វិស័យ​នេះ​ឱ្យទាន់​នឹង​ប្រទេស​ជិតខាង ក៏​ដូច​ជា​ទទួល​បាន​អ្វី​ដែល​ថ្មី​សម្រាប់​អភិវឌ្ឍន៍​សហគ្រាស​របស់​ខ្លួន ។

លោក​ឧកញ៉ា សៀ ឬ​ទ្ធី វិនិយោគិន​ខ្មែរ​មួយ​រូប​ដែល​បាន​វិនិយោគ​លើ​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ SMEs បានឱ្យ​ដឹងផង​ដែរ​ថា បណ្ដុំ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​នឹង​ជួយ​ដល់​សហគ្រិន​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ពី​សហគ្រាស​តូច​ទៅ​ធំ ពី​សហគ្រាស​ដែល​មិន​មាន​ស្ដង់ដារ​ទៅ​ជា​សហគ្រាស​ដែល​មាន​ស្តង់ដារ ហើយ​ក៏​មាន​ភាព​ងាយស្រួល​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​ផង​ដែរ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា សួន​បណ្ដុំ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​នឹង​ជួយ​ដល់​សហគ្រិន​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​នឹង​រួចរាល់​នៅ​ចុងឆ្នាំ ២០២១ ហើយ​វា​ជា​ពេលវេលា​និង​ឱកាស​សម្រាប់​សហគ្រិន​អភិវឌ្ឍន៍​អាជីវ​ម្ម ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ពង្រឹងគុណភាព សម្រាប់​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង​បាន​ផង​ដែរ ។

ចំណែក​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា វិស័យ​SMEs នៅ​កម្ពុជា មាន​អាយុកាល​ក្មេងខ្ចី​នៅឡើយ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ជិតខាង​និង​ពិភពលោក​។ ជាក់ស្ដែង​វិស័យ SMEs ប្រទេស​ខ្លះ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ ខ្លះ​ទៀត​មាន​អាយុកាល​កន្លះ​សតវត្សរ៍ តែ​គេ​នៅ​តែ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​បន្ត​ទៀត ដើម្បី​ឱ្យទាន់​នឹង​បច្ចេកវិទ្យា​រីក​ចម្រើន ។

លោក​បណ្ឌិត បាន​មាន​និយាយ​បន្ត​ទៀត​ថា «​វិស័យ SME គឺ​មាន​សារសំខាន់​ណាស់ បើ​ទោះបី ជា​ប្រទេស​នោះ​រីក​ចម្រើន​ប៉ុនណា​ក៏​គេ​នៅ​តែ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​វិស័យ​នេះ​ដែរ ។ ក្នុង​នោះ​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​ដូច​គ្នា មើល​យើង​មើលឃើញ​ថា អ្វី​ដែល​រដ្ឋាភិបាល​និង​អ្នក​ពាក់ព័ន្ធ​កំពុង​ធ្វើ​នឹង​អាច​ជំរុញ​ឱ្យ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​កាន់តែ​មាន​សន្ទុះ​មួយ​កម្រិត​ទៀត » ។

លោក​ឧកញ៉ា​តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​ក៏​បានឱ្យ​ដឹង​ថា វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម គឺ​ពិតជា​ត្រូវការ​ជួយ​ជ្រោមជ្រែង​ពី​គ្រប់​ភាគី ទាំង​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​វិស័យ​នេះ​មាន​សន្ទុះ​និង​បាន​ចូលរួម​ចំណែក​សេដ្ឋកិច្ច​បន្ថែម​ទៀត ។

​គួរ​បញ្ជាក់​ថា វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​កសាង​សេដ្ឋកិច្ច ដោយ​បាន​រួមចំណែក​ដល់​ការ​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ ប្រាក់​ចំណូល និង​ចំណូល​សម្រាប់​រដ្ឋ​ផង​ដែរ ។​ផលិតផល​ពី​សហគ្រាស​ធុន​តូច​និង​មធ្យម​ក៏​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា និង​លើ​ទីផ្សារ​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ