ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ដី​ឡូ​តិ៍​អស់​លុយ​ហើយ​តម្រូវ ឱ្យ​បង់លុយ​ថែម​តម្លៃ​ធ្វើ​ផ្លូវ​ទៀត?

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពលរដ្ឋ​និយាយ​ថា ទិញ​ដី​អស់​លុយ​ហើយ​ឥឡូវ​គេ​តម្រូវ​ឱ្យ​បង់លុយ​ថ្លៃធ្វើ​ផ្លូវ​បេតុង​ទៀត ហើយ​បើ​ពលរដ្ឋ​គ្មាន​លទ្ធភាព​បង់​ទេ ម្ចាស់​គម្រោង​ពុះ​ដី​ឡូត៍​លក់​នឹង​ដាក់​គ្រឿងចក្រ​កាយ​ផ្តាច់​ផ្លូវ​ចូល​ផ្ទះ ក្រោម​លេស​កាយ​យក​លូ ។បញ្ហា​បញ្ច្រាសស្រកី​នេះ ពិតជា​កំពុង​ធ្វើ​ឱ្យមានការ​លាតត្រដាង​មួយ​ដោយសារ​តែ​ការ​ហួសចិត្ត ។…

ខេត្តកណ្តាល ៖ ពលរដ្ឋ​និយាយ​ថា ទិញ​ដី​អស់​លុយ​ហើយ​ឥឡូវ​គេ​តម្រូវ​ឱ្យ​បង់លុយ​ថ្លៃ
ធ្វើ​ផ្លូវ​បេតុង​ទៀត ហើយ​បើ​ពលរដ្ឋ​គ្មាន​លទ្ធភាព​បង់​ទេ ម្ចាស់​គម្រោង​ពុះ​ដី​ឡូត៍​លក់​នឹង​ដាក់​គ្រឿងចក្រ​កាយ​ផ្តាច់​ផ្លូវ​ចូល​ផ្ទះ ក្រោម​លេស​កាយ​យក​លូ ។បញ្ហា​បញ្ច្រាសស្រកី​នេះ ពិតជា​កំពុង​ធ្វើ​ឱ្យមានការ​លាតត្រដាង​មួយ​ដោយសារ​តែ​ការ​ហួសចិត្ត ។

ការ​កាយ​យក​លូ​គេ​អត់​លុប​ដី​វិញ​ទេ គឺ​គេ​ទុក​ចោល​រាប់​ខែ ធ្វើ​ឱ្យ​ពលរដ្ឋ​២​គ្រួសារ ក្នុង​នោះ​១​គ្រួសារ​ដែល​គាត់​មាន​មុខរបរ​លក់ដូរ​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹមជីវិត​ជួប​ការ​លំបាក​ជា​ខ្លាំង ជាពិសេស​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ​ទឹក​ដក់​បែក​ភក់​ធុំក្លិន​ស្អុយ​សាយភាយ គ្មាន​ភ្ញៀវ​ឯណា​ហ៊ាន​មក​អង្គុយ​ហូប​អាហារ​ឡើយ ។ ដោយ​មិន​អាច​ទ្រាំទ្រ​បាន គាត់​បាន​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ចាក់​បេតុង​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​សម្រាប់​ធ្វើ​ផ្លូវ​ដើរ​ចូល​ផ្ទះ ក៏​ត្រូវ​ម្ចាស់​គម្រោង​ពុះ​ដី​ឡូត៍​នោះ​ឈូស​បំផ្លាញ​ចោល​អស់​ដែរ ។

កត្តា​នេះ​ធ្វើ​ឱ្យ​ពួក​គាត់​ជួប​នូវ​វិបត្តិ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​យ៉ាងធ្ងន់ធ្ងរ ពិសេស​បញ្ហា​ប្រឈម​នឹង​ការ​ខ្វះ​លុយ​បង់​ធនាគារឯកជន​ទៀត​ផង ។ ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការ​លំបាក​នេះ បាន​សំណូមពរ​សូម​ឱ្យ​អាជ្ញាធរ​ស្រុក ខេត្ត មេត្តា​ជួយ​សម្របសម្រួល​ដោះស្រាយ​ជូន​ពួក​គាត់​ឱ្យ​រស់នៅ​បាន​សុខ​ស្រួល​ផង ។

គម្រោង​ពុះ​ដី​ឡូត៍​លក់​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ គ្រប់គ្រង​ដោយ​ឈ្មោះ លី ហេង និង​ឈ្មោះ តា​ឌី ដោយនៅ​ក្នុង​គម្រោង​បាន​ដាក់​ថាមាន​ផ្លូវ​បេតុង​៨​ម៉ែត្រ​ទៅ​៩​ម៉ែត្រ មាន​ផ្សារ មានប្រព័ន្ធ​ទឹក ភ្លើង​រដ្ឋ ប្រព័ន្ធ​លូ ជូន​អតិថិជន ទៀត​ផង ។

ផ្ទុយ​ទៅ​វិញ វា​គ្រាន់តែ​ជា​ការ​បោកប្រាស់ អតិថិជន​ប៉ុណ្ណោះ អ្នកខ្លះ​ខំ​ខ្ចីបុល​គេ​យក​មក​ទិញ​ដី​ឡូត៍​អស់​លុយ​មួយ​វគ្គ​ហើយ ស្រាប់តែ​ម្ចាស់​គម្រោង​នេះ​តម្រូវ​ឱ្យ​ពួក​គាត់​បង់​លុយ​ថ្លៃ​ផ្លូវ​បេតុង​តាម​ក្បាលដី​១​ឡូត៍​ប្រវែង​៥​ម៉ែត្រ បង់​៥៧០​ដុល្លារ​ថែម​ទៀត ។បើ​​តាម​ប្រភព​ខ្លះ​និយាយ​ថា គ្រាន់តែ​កា​រត​ទឹក​ចូល​ផ្ទះ​ក៏​បង់ថ្លៃ​សេវា​អស់​២០០​ដុល្លារ​ដែរ។

គួរ​បញ្ជាក់​ថា ម្ចាស់​គម្រោង​ពុះ​ដី​ឡូត៍​លក់​ខាងលើ​នេះ តាម​ការ​ពិនិត្យ​មើលឃើញ​ជាក់​ស្តែង ក្រៅពី​ចាក់​ផ្លូវ​បេតុង​ដើម្បី​ផលប្រយោជន៍​ខ្លួនឯងហើយ​នោះ ពុំ​មាន​ឃើញ​ធ្វើការ​អភិវឌ្ឍ​អ្វី​សោះដោយ​ទុក​ដី​ចោល​ដុះ​សុទ្ធ​តែព្រៃ​ចង់​លិច​ក្បាលទៅ​ហើយ ។ ឥឡូវ​​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ជ្រុល​ទៅ​ទិញ​ដី​ក្នុង​គម្រោង​នេះ មាន​ខ្លះ​ចាប់ផ្តើម​ដាក់លក់​​វិញ​បណ្តើរ​ៗ​​ហើយ បើ​ទោះបីជា​ខាត​ឬ​ចំណេ​ញ​បាន​បន្តិចបន្តួច​ក៏​ដោយ ក៏​ត្រូវ​តែ​បង្ខំចិត្ត​លក់​ដែរ ដោយសារ​តែ​អស់​ទំនុកចិត្ត​លើ​ម្ចាស់​គម្រោង​ដែល​និយាយ​បាតដៃ​ខ្នងដៃ ។

មាន​ពលរដ្ឋ​ខ្លះ​លក់​ខាត​ហើយ​ត្រូវ​ម្ចាស់​គម្រោង​នេះ តាម​កាត់​លុយ​ថ្លៃ​ផ្លូវ​បេតុង​អស់​២.០០០​ដុល្លារ​ទៅ​៣.០០០​ដុល្លារ​ថែម​ទៀត បើ​មិន​ឱ្យ​គេ​កាត់ថ្លៃ​ផ្លូវ​ទេ ដាច់ខាត​ម្ចាស់​គម្រោង​មិន​ឱ្យ​លក់​ឡើយ ។ពលរដ្ឋ​ទាំងនោះ​បញ្ជាក់​ថា គម្រោង​ដី​ឡូត៍​លក់​នេះ បាន​ដំណើរការ​ប្រហែល​៣​ឆ្នាំ​ហើយ តែសម្រាប់​ពួក​គាត់​២​គ្រួសារ​នេះ​ទើប​មក​ទិញ​ស្នាក់​នៅ​ប្រហែល​២​ឆ្នាំ ដោយ​១​ឡូត៍​ក្បាលដី​ទទឹង​៥​ម៉ែត្រ បណ្តា​យ​២០​ម៉ែត្រ តម្លៃ​៥.០០០​ដុល្លារ។

ចំពោះ​រឿង​នេះ ពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឃុំ​បន្ទាយដែក​ចំនួន​៣​លើក​ហើយ តែភាគី​ខាង​ម្ចាស់​គម្រោង​ដី​ឡូត៍​ឈ្មោះ លី ហេង និង​តា​ឌី មិន​ព្រម​ចូលខ្លួន​ដោះ​ស្រាយ​តាម​ការ​អញ្ជើញរបស់​អាជ្ញាធរ​ឃុំ​ឡើយ ដោយ​ឱ្យ​តំណាង​ចូល​ហើយ​ឆ្លើយ​របៀប​មិន​ទទួលខុសត្រូវ​ថា បើ​មិន​ឱ្យលុយ​ថ្លៃ​ផ្លូវ​បេតុង​ម្នាក់​៥៧០​ដុល្លារ​ទេ គេ​មិន​ឱ្យធ្វើ​ផ្លូវ​ចូល​​​ផ្ទះ​ឬ​ចាក់​ដី​មុខ​ផ្ទះ​ទេ ។

ជុំវិញ​ករណី​នេះ ចាត់ទុកជា​សារ​មួយ​ឱ្យ​បានដឹង​ដល់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ខេត្តកណ្តាល និង​ក្រសួង សូម​ចុះ​មក​ត្រួតពិនិត្យ​មើល​ទីតាំង​ពុះ​ដី​ឡូត៍​លក់​នេះ​ថា តើ​មានច្បាប់​ឬ​ក៏​អត់​ច្បាប់ ? មានច្បាប់​តើ​ម្ចាស់​គម្រោង​ត្រូវ​ទទួលខុស​ត្រូវ​លើ​អ្វីខ្លះ​ជូន​អតិថិជន ដើម្បី​ឱ្យ​មាន​ចំណូ​ល​ចូល​ថវិកាជាតិ​ផង និង​ជួយ​សម្រួល​បញ្ចៀសកុំឱ្យ​​ប្រជា​ពលរដ្ឋ​ដែល​ខ្លី​លុយ​ធនាគារឯកជន​យក​មក​ទិញ​ដី​ក្នុង​គម្រោង​នេះ​កាន់តែ​វ័ណ្ឌក ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក ងិ​ន ណឹ​ម មេឃុំ​បន្ទាយដែក បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា បើ​ចង់ដឹង​សួរ​ទៅ​ម្ចាស់​គេ ព្រោះ​ឃុំ​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​៣​ដង​ហើយ តែ​ហៅ​ខាង​ម្ចាស់​គម្រោង​គេ​មិន​ចូលខ្លួន​ដោះស្រាយ​ទេ ។

ចំណែក​លោក សុខ ពិ​សិទ្ធ អភិបាលរង​ស្រុក​កៀនស្វាយ ថ្លែង​ថា គម្រោង​ដី​ឡូត៍​នេះ​រូប​លោកពុំ​បានដឹង​ច្បាស់​ថា គេ​មានច្បាប់​ឬ​អត់​ច្បាប់​នោះ​ទេ បើ​ចង់​ដឹង​ច្បាស់​សួរ​ទៅ​ខាង​សុរិយា​ដី ។ ប៉ុន្តែ​ខាង​សុរិយា​ដី​ស្រុក ភ្នាក់ងារ​យើង​មិន​អាចទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ រីឯ​ភាគី​ខាង​ម្ចាស់​គម្រោង​ពុះ​ដី​ឡូត៍​លក់ ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ