ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង «​អីុន​ឡេ​» របស់​មី​យ៉ាន់​ម៉ា​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក

8 ឆ្នាំ មុន

AP ផ្សាយ​ថា អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ (UNESCO) បាន​សម្រេច​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុង​ប៉ារី​ស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១០ មិថុនា ២០១៥ ចុះបញ្ជី​បឹង

AP ផ្សាយ​ថា អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ (UNESCO) បាន​សម្រេច​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុង​ប៉ារី​ស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១០ មិថុនា ២០១៥ ចុះបញ្ជី​បឹង «​អីុន​ឡេ​» (Inle) ជា​តំបន់​អភិរក្ស​ជីវសាស្ត្រ និង​ចាត់​ទុក​ថា​ជា​បេតិកភណ្ឌ​ដំបូង​របស់​មី​យ៉ាន់​ម៉ា ។

នៅ​ក្នុង​កិច្ចប្រជុំ​បាន​ពិចារណា​ពី​ប្រព័ន្ធ​ជីវសាស្ត្រ​ចម្រុះ រួម​ទាំង​ការ​រស់នៅ​រួម​គ្នា​រវាង​អ្នកស្រុក និង​ធម្មជាតិ ក្នុង​គោលបំណង​ដើម្បី​អភិរក្ស​ប្រព័ន្ធ​ការ​រស់នៅ និង​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ដ៏​យូរអង្វែង ។

បច្ចុប្បន្ន​តំបន់​អភិរក្ស​ប្រព័ន្ធ​ជីវសាស្ត្រ​ចម្រុះ​នៅ​ទូ​ទាំង​ពិភពលោក មាន​ប្រហែល​៦៣០​កន្លែង ចំណែក​បឹង «​អីុ​ន​ឡេ​» មាន​ទីតាំង​ស្ថិត​នៅ​រដ្ឋ​ឆាន ភាគ​ខាងកើត​ប្រទេស ដោយ​មាន​ក្រឡា​ផ្ទៃ​៤៨០.០០០​ហិ​កតា គឺជា​ទីជម្រក​របស់​បក្សី​ជា​ច្រើន​ប្រភេទ រួម​ទាំង​ត្រី និង​សត្វព្រៃ​ជា​ច្រើន​ទៀត ។ អ្នកស្រុក​បាន​ទាញ​ប្រយោជន៍​ពី​ផ្ទៃដី​ក្នុង​ការ​ធ្វើ​កសិកម្ម និង​នេសាទ ដោយ​មាន​លក្ខណៈ​លេចធ្លោ ពិសេស​គឺ​ធ្វើ​សួន​បណ្តែត​ទឹក​។ ចំណែក​អ្នកនេសាទ​មាន​រូបភាព​នៃ​ការ​ចាប់​ត្រី​ខុស​ប្លែក​ពី​គេ គឺ​ប្រើ​ជើង​ម្ខាង​សម្រាប់​ចែវ​ទូក ។

ដោយសារ​សំបូរ​ដោយ​ធនធានធម្មជាតិ ធ្វើ​ឱ្យ​បឹង «​អីុ​ន​ឡេ​» ក្លាយជា​ផ្នែក​មួយ​នៃ​ប្រភព​ទេសចរណ៍​ដ៏​សំខាន់​របស់​មីយ៉ាន់​ម៉ា ប៉ុន្តែ​ក្នុងអំឡុងពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​បឹង «​អីុ​ន​ឡេ​» ជួបនឹង​គ្រោះ​រាំង​ស្ងួត​ធ្ងន់​បង្ក​ឱ្យ​កម្រិត​ទឹកធ្លាក់​ចុះ ក្លាយជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ចរាចរ​តាម​ផ្លូវទឹក និង​ប៉ះពាល់​ដល់​ជីវិត​របស់​សត្វ ។ អ្នកជំនាញ​បញ្ជាក់​ថា ផល​ប៉ះពាល់​នោះ​បាន​កើតឡើង​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ៕