រាជធានីភ្នំពេញ៖ ក្នុងន័យជម្រុញឲ្យការធ្វើតេស្តសម្រាប់អ្នកដែលប៉ះពាល់ដោយផ្ទាល់នឹងប្រយោលជាមួយនឹងលោកស្រីភរិយាអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាលបានសម្រេច ក្រសួងរៀបចំទីតាំងថ្មីមួយទៀតសម្រាប់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ ដើម្បីទៅពិនិត្យនិងធ្វើតេស្ត។
ក្រសួងសុខាភិបាលបានប្រកាសនៅវេលាថ្ងៃត្រង់នេះថា ទីតាំងមួយទៀតត្រូវបានកំណត់រៀបចំសម្រាប់ធ្វើតេស្ត ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធនឹងករណីស្ត្រីភរិយាឯកឧត្តមអគ្គនាយកពន្ធនាគារ ដែលរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺនៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដូច្នេះ សូមអញ្ជើញសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធករណីខាងលើទៅធ្វើតេស្តឲ្យបានគ្រប់ៗគ្នា» ។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជាគឺ លោក ឆែម សាវុធ រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់ ក្នុងនោះក៏មានភរិយារបស់លោក ឆែម សាវុធ ដែលបានធ្វើដំណើរមកខេត្តសៀមរាប និងផ្សារទំនើបអ៊ីអន ១ ។ គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា រាជរដ្ឋាភិបាលបានសម្រេចបិទទីតាំងចំនួន ៣ ដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ ១៩ ក្នុងនោះមានផ្សារទំនើបអ៊ីអន ១ សណ្ឋាគារភ្នំពេញ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្នរយៈពេល ២ សប្ដាហ៍ ។
ក្រៅពីទីតាំងថ្មីនៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនេះ បងប្អូនដែលប៉ះពាល់នឹងអ្នកកើតកូវីដ ១៩ ក៏អាចទៅពិនិត្យធ្វើតេស្តនៅទីតាំង ៣ ផ្សេងទៀតមានដូចជា ៖ ១- សូមអញ្ជើញមកធ្វើតេស្តនៅបរិវេណក្រសួងមហាផ្ទៃ ២- បរិវេណផ្សារទំនើបអ៊ីអន១ រាជធានីភ្នំពេញ ៣- ពន្ធធនាគារព្រៃស ។ ក្នុងនោះផងដែរ ក្រុមការងារក្រសួងនឹងយកវត្ថុសំណាកនៅកន្លែងផ្សេងៗទៀត ក្នុងករណីចាំបាច់ ៕
ចែករំលែកព័តមាននេះ