ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​អេ​ហ្ស៊ី​ប​អាច​រារាំង​ការ​សម្លា.ប់​រង្គាល​អ្នកទេសចរ​ក្នុង​ព្រះ​វិហារ KARNAK ក្រុង LOUXOR

8 ឆ្នាំ មុន

ការ​វាយប្រហារ​អត្តឃា.ត​មួយ​ដែល​អាច​សម្លា.ប់​មនុស្ស​រង្គាល​ត្រូវ​បាន​ប៉ូលិស​អេ​ហ្ស៊ី​បរា​រាំង​កាលពី​ថ្ងៃ​ទី​១០ មិថុនា ក្នុង​ព្រះ​វិហារ KARNAK ក្រុង LOUXOR ដែល​នោះ​ជា​ការ​វាយប្រហារ​លើក​ទី​២

ការ​វាយប្រហារ​អត្តឃាត​មួយ​ដែល​អាច​សម្លាប់​មនុស្ស​រង្គាល​ត្រូវ​បាន​ប៉ូលិស​អេ​ហ្ស៊ី​បរា​រាំង​កាលពី​ថ្ងៃ​ទី​១០ មិថុនា ក្នុង​ព្រះ​វិហារ KARNAK ក្រុង LOUXOR ដែល​នោះ​ជា​ការ​វាយប្រហារ​លើក​ទី​២ សំដៅលើ​ពួក​អ្នកទេសចរ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ចាប់តាំងពី​កងទ័ព​ផ្តួលរំលំ​ប្រធានាធិបតី​អ៊ិ​ស្លា​ម​និយម​លោក​ម៉ូ​ហា​ម៉េ​ដ ម័​រ​ស៊ី ពី​ឆ្នាំ​២០១៣ មក ។

ការ​វាយប្រហារ​ភេរវកម្ម​កើត​មាន​ញឹកញាប់​នៅ​អេ​ហ្ស៊ី​ប​ចាប់តាំងពី​ការ​ផ្តួលរំលំ​លោក​ម័​រ​ស៊ី មក ប្រព្រឹត្ត​ដោយ​បណ្តា​ក្រុម​ជី​ហា​ដ​ជា​ការ​សងសឹក​ចំពោះ​ការ​បង្ក្រាប​យ៉ាង​បង្ហូរឈាម​លើ​ពួក​អ្នកគាំទ្រ​ក្រុម​ទាំងនេះ ។ ការ​វាយប្រហារ​ទាំងនោះ​មក​ទល់​បច្ចុប្បន្ន​តែង​សំដៅលើ​កងកម្លាំង​សន្តិសុខ ។

ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១០ មិថុនា ទោះ​ពុំ​ទាន់​មានការ​ប្រកាស​ទទួលខុសត្រូវ តែ​ពួក​អ្នកជំនាញ​ការ​យល់​ថា ពួក​ជី​ហា​ដ​បាន​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ ហើយ​ពេល​នេះ​សំដៅលើ​ពួក​បរទេស​ពេល​ដែល​រដ្ឋអំណាច​ថ្មី​ប៉ុន​ប៉ង​ទាក់ទាញ​ពួក​អ្នកទេសចរ និង​ពួក​អ្នក​វិនិយោគ​អន្តរជាតិ​ដែល​លែង​សូវ​មក​អេ​ហ្ស៊ី​ប​ចាប់តាំងពី​៤​ឆ្នាំ​មក​ហើយ ។

នា​ព្រឹក​ព្រលឹម​មនុស្ស​៣​នាក់​បាន​ជិះ​រថយន្ត​តាក់ស៊ី​មួយ​មក​ឈប់​ត្រង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ត្រង់​ច្រកចូល​កន្លែង​ចត​រថយន្ត​នៃ​ព្រះ​វិហារ KARNAK ជាទី​តាំង​ល្បីល្បាញ​បំផុត​មួយ​របស់​អេ​ហ្ស៊ី​ប​សម័យកាល​ហ្វា​រ៉ា​អុង ។ ប៉ូលិស​ម្នាក់​ដែល​ស្លៀកពាក់​ស៊ី​វិល​សង្ស័យ​លើ​មនុស្ស​ទាំង​៣​នាក់​នោះ ហើយ​បង្ខំ​ឱ្យ​រថយន្ត​ឈប់ ។ ភ្នាក់ងារ​ប៉ូលិស​បាន​បើក​គូទ​រថយន្ត ហើយ​ប្រទះ​ឃើញ​ថង់​ធំ​២ ។ ពេល​ប៉ូលិស​ឱ្យ​បើក​ថង់​ទាំងនោះ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​៣​នាក់​បាន​រត់គេច ហើយ​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ចង្កេះ​របស់​គេ​ផ្ទុះ​ឡើង ។ ចំណែក​បុរស​២​នាក់​ទៀត​បាន​បើក​ថង់​ហើយ​ទាញ​យក​កាំភ្លើង​វាយលុក ។ ភ្លាម​ៗ​ប៉ូលិស​បាន​បាញ់ប្រហារ​សម្លាប់​បុរស​ម្នាក់ ហើយ​ម្នាក់​ទៀត​របួសធ្ងន់​ត្រង់​ក្បាល​។ អ្នក​បើករថយន្ត​តាក់ស៊ី​ហាក់ដូច​ពុំ​មែន​មនុស្ស​រួម​ដៃ​ឡើយ ។ ប៉ូលិស​២​នាក់ និង​ជន​ស៊ី​វិល​២​នាក់​ត្រូវ​របួសស្រាល ។ ក្រៅពី​កាំភ្លើង​វាយលុក​២​ដើម ប៉ូលិស​រក​ឃើញ​បង់​គ្រាប់​ដែល​មាន​គ្រាប់​ពេញ​ដល់​ទៅ​១៩ ក្នុង​ថង់​ទាំង​ពីរ ។ ឧត្តមសេនីយ៍​ប៉ូលិស​ក្រុង LOUXOR និយាយ​ថា បើ​អ្នក​ទាំងនេះ​អាច​ចូល​ដល់​ក្នុង​ព្រះ​វិហារ​នោះ ព្រះ​វិហារ​នេះ​នឹង​ក្លាយទៅជា​ទីលាន​សម្លាប់​រង្គាល​មួយ​មិន​ខាន ។

យោង​តាម​ប៉ូលិស​ថា នា​ឱកាស​នោះ​នៅ​ព្រះ​វិហារ KARNAK មាន​អ្នកទេសចរ​ដល់​ទៅ​៦០៤​នាក់ ។

មានការ​វាយប្រហារ​អត្តឃាត​មួយ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​តំបន់​ស៊ី​ណៃ​អីុ ស្លាប់​អ្នកទេសចរ​ជនជាតិ​កូរ៉េ​ខាងត្បូង​៣​នាក់ និង​អ្នក​បើករថយន្ត​បឺស​ដឹក​ពួក​គេ ។

ការ​វាយប្រហារ​សំដៅលើ​ពួក​បរទេស​ពិតជា​កម្រ​មាន​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០០៩​មក ពេល​គ្រាប់បែកដៃ​មួយ​គ្រាប់​ផ្ទុះ​សម្លាប់​នារី​ជនជាតិ​បារាំង​ម្នាក់​ក្នុង​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​ក្រុង​គែរ ។ ក៏​ប៉ុន្តែ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៩០ មានការ​វាយប្រហារ​ភេរវកម្ម​មួយ​ចំនួន​សំដៅលើ​ពួក​អ្នកទេសចរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អេ​ហ្ស៊ី​ប ដោយ​ទេសចរណ៍​ជា​ផ្នែក​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ ។

ក្នុង​ខែវិច្ឆិកា ឆ្នាំ​១៩៩៧ ជន​ជី​ហា​ដ​៦​នាក់​បាន​សម្លាប់​ក្នុង​ទីក្រុង LOUXOR នូវ​ជនជាតិ​ស្វ៊ី​ស​៣៥​នាក់ អង់គ្លេស​៦​នាក់ អា​ល្លឺ​ម៉​ង់​៤​នាក់ កូ​ឡុំ​ប៊ី​២​នាក់ ជនជាតិ​ជ​ប៉ុ​ន​១១​នាក់ និង​ជនជាតិ​អេ​ហ្ស៊ី​ប​៤​នាក់ ៕