ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​កាល់ម៉ែត​អបអរសាទរ​ទិវា​អន្តរ​ជាតិ​​នារី​៨ មីនា ​២០១១

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ប្រារព្ធ​​ពិធីអបអរ​សាទរ​ខួបលើកទី​​១០០ «ទិវា​អន្តរជាតិ​នារី ៨ មីនា ​២០១១» នៅ​សាល​ប្រជុំ​​មន្ទីរ​ពេទ្យ​​កាល់ម៉ែត​ ​កាលពីព្រឹក​ថ្ងៃទី​​​៤ មីនា ឆ្នាំ​​២០១១ ​ក្រោមអធិបតី​ភាព​លោក​​ឈាង រ៉ា ទីប្រឹក្សា​​​សម្តេចអគ្គមហាសេនាបតី​តេជោ​​​ហ៊ុន​ សែន និង​ជា​នាយក​​មន្ទីរពេទ្យកាល់​ម៉ែត មានការ​ចូលរួម​ពីមន្ត្រី​​រាជការ ​បុគ្គលិក ​កម្ម​ការិនី​​ចំនួន​​​៤២១នាក់ ។

លោកឈាង រ៉ា ​ទីប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនា​ប​តីតេជោហ៊ុន សែន ​និងជា​នាយក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បាន​មាន​ប្រសាសន៍​​ថា លោក​មាន​​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ​ដោយ​បាន​ចូលរួម​ក្នុងពិធី​​អបអរ​សាទរ​ប្រារព្ធ​​​ខួប​លើកទី​​១០០ នៃទិវា​អន្តរជាតិ​​​នារី​ ៨ មីនា ​២០១១ ​ដែលគណៈ​កម្មការ​នារី រួមសហការ​ជាមួយ​​​សហជីព​​មន្ទីរ​​​​ពេទ្យ​​ប្រារព្ធ​​ធ្វើពិធីនេះ​ឡើង​នៅមន្ទីរ​ពេទ្យកាល់ម៉ែត ​ដែល​ប្រព្រឹត្ត​​ទៅ​យ៉ាង​អធិកអធម​សប្បាយក្រៃលែង ។ នៅសាកល​លោក​ក៏​ដូច​ជា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​​៨ មីនា ​ជារៀង​រាល់​ឆ្នាំ​តែ​ងតែ​​ប្រារព្ធទិវា​៨ មីនា នេះឡើង​​ដើម្បី​រំលឹក​​ដល់ខួប​​អនុ​​ស្សាវរីយ៍​​នៃការ​តស៊ូ​​​របស់បង​ប្អូននារី រហូតទទួល​បាន​ជោគជ័យ​​នូវសិទ្ធិ​​ជាមូលដ្ឋាន​​​ក្នុង​ការ​ចូល​រួម​ដ៏​សំខាន់​ក្នុងការ​ដឹក​​នាំ​ប្រទេស ​​ក្រសួង មន្ទីរ​​ស្ថាប័ន​ និងអង្គការ​​នានា ពិសេស​គឺ​ការ​ងារ​ក្នុង​សង្គម​​ជាតិទាំងមូល ។

លោកបានថ្លែង​​អំណរគុណ​​​ដ៏​ជ្រាលជ្រៅ​​​បំផុតចំពោះ​​គណៈ​កម្មកា​នារី​មន្ទីរ​ពេទ្យកាល់ម៉ែត​​​​ ក៏ដូចជា​មន្ត្រី​​​រាជការ ​បុគ្គលិក​​​កម្មកានារី​​ទាំងអស់ ដែល​កន្លងមក​​បានខិតខំ​​រួប​រួម​​សាមគ្គីគ្នា​​ជាធ្លុង​មួយ​បំពេញ​​នូវបុព្វ​ហេតុ​​ដ៏​សំខាន់​​នៃភារកិច្ច​​​ពិនិត្យ​ព្យាបាល​​ថែទាំ​អ្នក​​​ជំងឺ​ដោយ​​ប្រកាន់​ខ្ជាប់​​នូវក្រម​សីលធម៌​​វិជ្ជាជីវៈ​​​ជា​គ្រូ​ពេទ្យ ​និងជា​អ្នក​​​ថែទាំ​ជំងឺ​ល្អប្រសើរ ​សកម្ម​ភាព​​ដ៏​ប្រពៃ​​របស់បងប្អូន​​នារី ធ្វើ​ឱ្យ​​មន្ទីរពេទ្យ​​កាល់​ម៉ែត មានការ​រីកចម្រើន​​ជា​លំដាប់​​ឥត​ឈប់​ឈរ​រហូត​បានក្លាយ​​ជា​មន្ទីរ​ពេទ្យ​​​បង្អែក​​ថ្នាក់ជាតិក្នុង​លំដាប់​ខ្ពស់ ៕​