ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹប​ព្រះ​ខ័ន​រាជ្យ​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ​ហ៊ុន សែន

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ទី​បំផុត​ក្លឹប​បាល់​ទាត់​ព្រះ​ខ័ន​រាជ្យ​ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​​សម្តេច​តេជោ​ហ៊ុន សែន លើក​ទី​៥ ឆ្នាំ​២០១១ ដូច​ជា​ការ​រំពឹង​ទុក​មែន​ បន្ទាប់​ពី​​បាន​យក​ឈ្នះ​លើ​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត ​ក្នុង​លទ្ធ​ផល​ ២-០ ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រសៀល​ថ្ងៃ​ ទី​១២ មីនា​ កន្លង​មក ​។

កីឡា​ករ​ឃួន ឡា​បូរ៉ា​វី ពាក់​អាវ​លេខ​​១១​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​​ក្លឹប​ព្រះ​ខ័ន​រាជ្យ​បាន​និយាយ​ទាំង​ក្តី​រំភើប​ថា វាជា​ពេល​វេលា​ដ៏​ពិសេស​សំរាប់​ក្រុម​របស់​គេ​ដែល​​តំណែង​មួយ​នេះ​ គេ​រង់​ចាំ​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ។ ក្លឹប​ព្រះ​ខ័ន​រាជ្យ​ធ្លាប់​ទទួល​​បាន​ចំណាត់​ថ្នាក់​លេខ​២​នៅ​ឆ្នាំ​២០០៨​ និង​​លេខ​៣ នៅ​ឆ្នាំ​២០១០​ ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ប្រមាណ​ជា ៥​​ពាន់​នាក់​ថា កីឡា​ករ​ប្រធាន​ក្រុម​សំអែល ណាសា ពាក់​អាវ​លេខ​១ បាន​នាំ​​សំណាង​ឱ្យ​ក្លឹប​ព្រះ​ខ័ន​រាជ្យ​​ដោយបាន​ទាត់​បញ្ចូល​ទី​​១​គ្រាប់​មុន​នៅ​នាទី​ទី​៣៤​ក្នុង​តង់​ទី​១។ ការ​លេង​សំរុក​ដាក់​គ្នា​យ៉ាង​លឿន​រវាង​ក្រុម​២​នេះ​ទាំង​សង​​ខាង​មាន​ឱកាស​គ្រប់​គ្រង​បាល់​ប្រហាក់​ប្រហែល​គ្នា​ ប៉ុន្តែ​គ្រាន់​តែ​បៀល​ប្រាយ​យូ​ណាយ​ធីត​​គ្មាន​​សំណាង​ទាត់​​បាល់​​បញ្ចូល​ទី​ខាង​ព្រះ​ខ័ន​រាជ្យ​​បាន​សំរេច​តែប៉ុណ្ណោះ​។ ទោះ​បី​​ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១​ និង​ទី២ មាន​សភាព​ស្វិត​ស្វាញ​បន្តិច​មែន​ តែ​ទាំង​សង​ខាង​នៅ​តែ​អាច​រក្សា​កំលាំង​ទាំង​១១​នាក់​បាន​ល្អ​ដូច​គ្នា​។ រី​ឯ​អាជ្ញា​កណ្តាល​ លោក​ថោង កិត្យា មិន​សូវ​មាន​ការ​មមា​ញឹក​​ក្នុង​ការ​ផាក​ពិន័យ​ឡើយ​។

អ្វី​ដែល​ធ្វើ​ឱ្យ​ព្រះ​ខ័ន​រាជ​កាន់​តែ​មាន​ភាព​លំនឹង​ថែម​ទៀត​នោះ​ គឺ​នៅ​ពេល​ដែល​កីឡា​ករ​ឃួន ឡា​បូរ៉ា​វី តែត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៧៥​។ ឃួន ឡា​បូរ៉ា​វី បាន​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ សរុប​គ្រាប់​ដែល​គេ​រក​បាន​​មាន​ចំនួន​២១​គ្រាប់​លើស​អ៊ិន វិច្ឆិកា ដែល​រក​បាន​តែ​១៦​គ្រាប់​ប៉ុណ្ណោះ​។ ក្នុង​ចំណោម​កីឡា​ករ​ឆ្នើម​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ដូច​ជា​ អ៊ិន វិច្ឆិកា នៅ​ក្លឹប​គិរី​វង់​សុខ​សែន​ជ័យ​ ទៀប វឌ្ឍនៈ នៅ​ណា​ហ្គា​ខប​រក​បាន​១១​គ្រាប់​។ គួច សុកុម្ភៈ ភ្នំពេញ​ក្រោន​រក​បាន​១០​គ្រាប់​ និង​កីឡា​ករ​ហេង សុខលី រក​បាន​៨​គ្រាប់។

បៀល​ប្រាយ​យូ​ណាយ​ធីត​មិន​ដែល​បាន​ឡើង​មក​ដល់​លេខ​២​ម្តង​ណា​ឡើយ​នៅ​រាល់​ការ​ប្រកួត​ តែ​នៅ​ឆ្នាំ​២០០៨ ធ្លាប់​ឡើង​មក​ដល់​លេខ​៣​ម្តង​។ រី​ឯ​តំណែង​លេខ​​៣បាន​ទៅ​ណា​ហ្គា​ខប​។ ដោយ​ឡែក​ ក្លឹប​ក្រសួង​ការ​ពារ​ជាតិ​​ធ្លាក់​មក​នៅ​លេខ​៤ និង​ទទួល​បាន​ចំណាត់​ថ្នាក់​ Fair Play។ សំរាប់​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​តាម​លំដាប់​ថ្នាក់​នីមួយៗ គឺលេខ​១ បាន​៨០​លាន​រៀល​ លេខ​២​បាន​៤០​លាន​រៀល និង​លេខ​៣ បាន​២០​លាន​រៀល​។ លោក​អភិ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ចូល​រួម​ឧបត្ថម្ភ​ដល់​សហ​ព័ន្ធ​កីឡា​បាក់​ទាត់​កម្ពុជា​ក្នុង​ទឹក​ប្រាក់​៥​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​​ ៕