ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ម៉ាស់​ជាង​២​លាន និង​បរិក្ខារ​ពេទ្យ​ដឹក​ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ា​ន់​ម៉ា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ព្រឹក ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​នាំ​យក​អំណោយ​ម៉ាស​ជាង​២​លាន…

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ព្រឹក ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​នាំ​យក​អំណោយ​ម៉ាស​ជាង​២​លាន និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ា​ន់​ម៉ា ដើម្បី​ការពារ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ។

អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់​ជូន​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​រួម​មាន ៖ ម៉ាស​ចំនួន​២​លាន ,​ម៉ាស​ក្រណាត់​១​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀក​បំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំ​ដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោ​ធន​កម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់ បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​បាញ់​សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B) ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​១​ពាន់​គូ និង​សាប៊ូ​លាងដៃ ២​ពាន់​គូ ។

កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា សម្តេច​មិន​ខ្វល់​ការ​រិះគន់​សម្តេច​ផ្តល់​ជំនួយ​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​ទៅ​កាន់​ប្រទេស​ឡាវ និង​មី​យ៉ា​ន់​ម៉ា​នោះ​ទេ ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«​មិន​ខ្វល់​ការ​រិះគន់​សម្តេច​ផ្តល់​ជំនួយ​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​ទៅ​កាន់​ប្រទេស​ឡាវ និង​មី​យ៉ា​ន់​ម៉ា​នោះ​ទេ ។ នេះ​ជា​ការ​ចូលរួម​ជួយ​ដល់​មនុស្សជាតិ និង​ប្រទេស​ជា​មិត្ត​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា សម្តេច​ក៏​ត្រៀមលក្ខណៈ​ផ្តល់​ជំនួយ​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ទី​ម័​រ​ខាងកើត​ផង​ដែរ ។ កម្ពុជា​មិនមែន​ធ្វើ​មនុស្សធម៌​ត្រឹម​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​នោះ​ទេ តែ​កម្ពុជា​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌ ទាំង​សាច់ និង​ឈាម តាម​រយៈ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ទៀត​ផង ។ កម្ពុជា​ជា​ប្រទេស​ក្រ តូច​ល្អិត តែ​មាន​បេះដូង​មនុស្សធម៌​ធំ មិនតូច​នោះ​ឡើយ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​ផ្ញើ​លិខិត​ជូន​លោកស្រី អោ​ង សាន​ស៊ូ​ជី ថា ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង​ក៏​ដូច​ជា ការ​រួមដៃគ្នា​ជាមួយ​លោកស្រី ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស់ ចំនួន ២.០០០.០០០ និង​សម្ភារៈ​វេជ្ជសាស្ត្រ មួយ​ចំនួន​ទៀត​ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ា​ន់​ម៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ