ក្រុងតាខ្មៅ ៖ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកកំទេចក្រណាត់ធំមួយជះអណ្តាតភ្លើងសន្ធោសន្ធៅផ្សែងខ្មួលខ្មាញ់ពណ៌ខ្មៅ ហុយឡើងទៅលើលំហអាកាសបង្កឱ្យអ្នកក្រុងតាខ្មៅភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ មីនា ២០១១ លើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីភូមិគ្រឹះទួលក្រសាំងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
ឃ្លាំងស្តុកកំទេចក្រណាត់នេះមានទំហំ១៧ម៉ែត្រគុណ៤៥ម៉ែត្រ បុរសម្ចាស់ឃ្លាំងឈ្មោះឌុក ចាន់សាយិន អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះឈន មួយហួយ អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកដាវ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានមកជួលឃ្លាំងខាងលើដើម្បីស្តុកកំទេចក្រណាត់ ។ អ្នកទាំង២បានឱ្យដឹងថា មូលហេតុនៃការឆេះពិតប្រាកដមិនទាន់ដឹងនៅឡើយទេ…ប៉ុន្តែខណៈពេលភ្លើងចាប់ផ្តើមឆាបឆេះដំបូង មានគេមកគោះទ្វារ ស្រែកប្រាប់ថា ភ្លើងឆេះឃ្លាំងហើយៗ! គឺឆេះចេញពីចំណុចកណ្តាលឃ្លាំងតែម្តង ។ ទោះជាយ៉ាងណា មិនបណ្តាលឱ្យមនុស្សណាម្នាក់ស្លាប់ និងរងរបួសទេ ។
ឃ្លាំងស្តុកកំទេចក្រណាត់នេះជាអតីតរោងម៉ាស៊ីនកិនស្រូវស្តុកអង្ករ ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង ចំណែកអីវ៉ាន់ និងទ្រព្យសម្បត្តិផ្សេងៗក៏ត្រូវអណ្តាតភ្លើងលេបត្របាក់អស់ផងដែរ…ពោលគឺរត់ចេញរួចតែខ្លួនប៉ុណ្ណោះ ។ មកដល់វេលាម៉ោង៨ព្រឹកថ្ងៃដដែល អគ្គីភ័យដ៏ឃោរឃៅនេះត្រូវបានពន្លត់ឱ្យសាបសូន្យជាស្ថាពរ ដោយកម្លាំងសមត្ថកិច្ចខេត្តកណ្តាលប្រើរថយន្តពន្លត់អគ្គីភ័យ៧គ្រឿង បាញ់ទឹកជិត២០ជើង…ពេលនេះសមត្ថកិច្ចកំពុងចាត់ចែងសណ្តាប់ធ្នាប់ និងស្រាវជ្រាវរកមូលហេតុនៃការឆេះ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ