រាជធានីភ្នំពេញ ៖ ភ្លើងគប់ស៊ីហ្គេម២០២៣ របស់កម្ពុជានឹងត្រូវរត់កាត់ប្រទេសជាសមាជិកអាស៊ានទាំង១១ ដោយបញ្ចប់នៅក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់កីឡាកម្ពុជា ការប្រកួតកីឡាអូឡាំពិក គឺគេទៅយកភ្លើងអាទិទេពនាភ្នំអូឡាំព្យ៉ាដ ប្រទេសក្រិក ដោយឡែកសម្រាប់ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគឺព្រះមហាក្សត្រជាអ្នកប្រទានភ្លើងឱ្យ ដែលការប្រទានភ្លើងនេះនឹងរៀបចំនៅប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌរបស់កម្ពុជា ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានឱ្យដឹងថា ការរត់ភ្លើងគប់នេះ កម្ពុជានឹងចាប់ផ្ដើមក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ។ ភ្លើងនេះ នឹងត្រូវរក្សាទុកមិនឲ្យរលត់រហូតបញ្ចប់ការប្រកួតស៊ីហ្គេម ។ បន្ទាប់ពីព្រះមហាក្សត្រប្រទានហើយនោះ ភ្លើងគប់នេះនឹងត្រូវរក្សាឲ្យល្អ ហើយដឹកតាមយន្តហោះឆ្ពោះទៅបណ្ដាប្រទេសអាស៊ានទាំង១១ ។
លោកបន្តថា នៅក្នុងបណ្ដាប្រទេសអាស៊ាន អគ្គរាជទូតខ្មែរ ដែលប្រចាំនៅទីនោះ នឹងចូលរួមរត់ហែគប់ភ្លើងកាត់តាមបណ្ដាប្រទេសអាស៊ាន ដែលមាននិវេសនដ្ឋាននៅទីនោះ ។ ប្រទេសឡាវ គឺជាប្រទេសចុងក្រោយដែលកម្ពុជាត្រូវរត់ឆ្លងកាត់ទីនោះចូលមកកាន់ប្រទេសកម្ពុជាវិញ។
ក្រោយពេលឆ្លងដែនចូលមកកម្ពុជា ក្បួនរត់ភ្លើងគប់នេះ នឹងបន្តរត់កាត់តាមបណ្ដាខេត្តនានា ជុំវិញបឹងទន្លេសាប រួចបន្តរត់មកកាន់រាជធានីភ្នំពេញ និងចូលទៅកាន់កន្លែងប្រារព្ធពិធីបើកការប្រកួតស៊ីហ្គេមជាផ្លូវការ ។ ការរត់ភ្លើងគប់នេះ គឺធ្វើយ៉ាងណាឲ្យចូលមកដល់កន្លែងប្រារព្ធពិធីបើកចំពេលពិធីចាប់ផ្ដើមតែម្ដង ។
សូមបញ្ជាក់ថា អ្នកដែលចូលរួមរត់ក្នុងពិធីនេះ មានកីឡាករ កីឡាការិនី ដែលមានស្នាដៃ គ្រូបង្វឹក មន្ត្រីដឹកនាំកីឡា ដែលមានស្នាដៃ និងបណ្តាអ្នកដែលមានគុណសម្បត្តិក្នុងវិស័យកីឡាដទៃទៀត ៕
ចែករំលែកព័តមាននេះ