ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀបរបប​រស់នៅ​ជនជាតិភាគតិច « រ​អូ​ង »

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មិន​ត្រឹមតែ​សម្បូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​សន្ធឹកសន្ធាប់​ទេ ខេត្តមណ្ឌលគិរី​មាន​ប្រពៃណី ប្លែក​ៗ​របស់​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​អម្បូរ ។ កោះសន្តិភាព​សូម​នាំ​យក​ប្រពៃណី​ស្លៀកពាក់

ខេត្តមណ្ឌលគិរី ៖ មិន​ត្រឹមតែ​សម្បូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​សន្ធឹកសន្ធាប់​ទេ ខេត្តមណ្ឌលគិរី​មាន​ប្រពៃណី ប្លែក​ៗ​របស់​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​អម្បូរ ។ កោះសន្តិភាព​សូម​នាំ​យក​ប្រពៃណី​ស្លៀកពាក់ និង​ការ​តុបតែង​ខ្លួន​របស់​ជនជាតិ​ដើម​ភាគតិច «​រ​អូ​ង​» នៅ​ខេត្តមណ្ឌលគិរី​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប ។

ជនជាតិ​ដើម​ភាគតិចរ​អូ​ង​និយម​ស្លៀកពាក់​ដូច​ជនជាតិ​ព្នង​ដែរ ខុស​គ្នា​ត្រង់​ពុំ​មាន​ប្រើ​ក្រណាត់​រុំ​ក្បាល​ទេ គឺ​ប្រុស​ស្លៀក​ប៉ឹង ឯ ស្រី​ៗ​វិញ​ស្លៀកសំពត់​ខ្លី​ហៅ​ថា​«​ណាស​» ត្រឹម​ចង្កេះ ខើច​ត្រឹម​ជង្គង់ ហើយ​មាន​ស្លៀក​ប៉ឹង​ខ្លី​វណ្ឌ​ខាងក្នុង​ជា​ទ្រនាប់​សំពត់​មួយ​ជាន់​ទៀត ។ ជំនាន់​ដើម​មិន​ថា​ស្រី ក្មេង ឬ​ចាស់ ដងខ្លួន​លែង​នៅ​ទទេ​ពុំ​មាន​អាវ​រុំ​ដើមទ្រូង​ឡើយ ប៉ុន្តែ​ក្រោយមក​មាន​មួយ​ចំនួន​បាន​ទៅ​ទិញ​ដូរ​ផលិតផល មាន​ឈ្មួញ​នាំ​យក​សំលៀក​បំពាក់​លក់ដូរ ទើប​ក្មេង​ស្រី​ពាក់អាវ​បិទ​បាំង​រាង​កាយ ។

អំពី​គ្រឿងអលង្ការ​តុបតែង​ខ្លួន
មិន​ថា​ប្រុស​ឬ​ស្រី ជនជាតិរ​អូ​ង​និយម​ចោះ​រន្ធ​ទងត្រចៀក តាំងពី​នៅ​ក្មេង ដើម្បី​ពាក់​ក្រសាល ភ្លុក ឬ​ជ័រ មាន​ន័យ​ថា​ពាក់​ទាល់តែ​ទងត្រចៀក​រីក​ធំ​ទ្បើ​ង ឯ​ទំហំ​ជ័រ ឬ​ភ្លុក​ត្រូវ​ប្ដូរ​តាម​រន្ធ​ទងត្រចៀក​នោះ​ដែរ រហូត​ពាក់​ភ្លុក​ប៉ុនកដៃ​កូន​ក្មេង ។ នៅ​លើ​.​ក​មាន​ពាក់កង​ស្ពាន់​ទំហំ​ប៉ុន​ច​ង្កិះ ឬ​ប៉ុន​កូនដៃ ពាក់​មួយ​ពីរ ឬ​បី​កង ស្រី​ៗ និយម​ពាក់​ច្រើន​ជាង​ប្រុស ចំណែក​កងដៃ កងជើង​ពាក់​ស្ពាន់​ដែល​មាន​ជាប់​គ្នា​ច្រើន​ជាន់ ដូច​រ៉ឺ​ស៊័​រ ពាក់​ចាប់ពី​កដៃ​រហូត​ដល់​កែងដៃ ឯជើង​ក៏​ដូច្នេះ​ដែរ​ពាក់​ពី​កជើង រហូត​ដល់​ជិត​ត្រឹម​ជ​ង្ក​ង់ ពាក់​បែប​នេះ​តែ ស្រី​ៗ​មាន​វ័យ​ចំណាស់​។ គ្រឿង​ខ្សែ​អង្កាំ​វិញ​មាន​ពណ៌​ចម្រុះ​អាច​ពាក់​បាន​ច្រើន​ជាន់ ច្រើន​ខ្សែ ។ ខ្សែ​អង្កាំ​នេះ​មាន​ច្រើន​ធុន មាន​គ្រាប់​តូច​គ្រាប់​ធំ ផ្សំ​ស្ល​អំពី​ជ័រ​ដែល​មាន​នាំ​ចូល​ពី​ស្រុក​ក្រៅ ។ ឯ​ចំណែក​ក្មេង ស្រី នៅ​ទងត្រចៀក​អាច​ពាក់​រយ៉ា​ពាក់​ខ្សែ​អង្កាំ ខ្លី​ៗ ផង​ដែរ​ជា​គ្រឿង​លម្អ​កាយ ។

គ្រឿង​លាប​ផាត់​ប្រេង ម្សៅ
ការ​តុបតែង​កាយ លាប ផាត់ មុខមាត់ ខ្លួនប្រាណ សក់​ក្បាល ដៃជើង មិន​និយម​ប្រើ​គ្រឿងក្រអូប ប្រេង ម្សៅ ក្រេ​ម ដូច​ខ្មែរ​នៅ​ភាគ​កណ្ដាល​ទេ និយាយ​រួម​ទាំង​ចាស់​ក្មេង​មិន​ដែល​ប្រើ​ទឹកអប់ ប្រេងម្សៅ​ឡើយ ។

កក់​សម្អាត​សក់
កាល​ដើម​ឡើយ​ហេតុ​ថា​ទីផ្សារ​ពុំ​ទាន់​មាន ឈ្មួញ​នាំ​ទំនិញ​ដល់ ដូច្នេះ​អ្នក​ដែល​រស់នៅ​ដាច់​ស្រយាល​ពុំ​មាន​លទ្ធភាព​ប្រើប្រាស់​ទំនិញ​គ្រប់សព្វ​ឡើយ ។ ដូចនេះ​ហើយ​ជនជាតិ​ដើម​ភាគតិចរ​អូ​ង​មាន​តែ​ប្រើប្រាស់​របស់​ចេញពី​ធម្មជាតិ ពី​រុក្ខជាតិ ដូច​ជា​ការ​ប្រើប្រាស់​សាប៊ូ គឺ​គ្មាន​ទេ ការ​កក់សក់​សម្អាត​ក្បាល មាន​តែ​យក​ដើម​ល្ង ឬ​វល្លិ​អំពេ​ល ឬ​យក​ផ្លែ​ត្រឡាច​ស្វា​(​រ​ពល់ទោ​គ​)​មក​ប្រើ​ជំនួស​សាប៊ូ​សម្អាត​សក់​ក្បាល ដោយ​គេ​យក​ដើម​វល្លិ​នោះ​មក​ដំ​ឱ្យ​ម៉ដ្ឋ រួច​ដាក់​ត្រាំ​ទឹក​លាយ​ចូល​គ្នា ព្រោះ​វា​មាន​ជាតិ​រំអិល ហើយ​ពពុះ​ដូច​សាប៊ូ​ដែរ ឯ​អ្នកខ្លះ​ទៀត​ប្រើ​ទឹក​អង្ក​រលាយ​ជាមួយ​ម្ជូរ​យក​កក់​សម្អាត​បាន​ម្យ៉ាងដែរ ។

សព្វថ្ងៃ​គេ​មិនឃើញ​សម្លៀក​បំពាក់​បែប​ប្រពៃណី​ទាំងនោះ យក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ឡើយ លុះត្រា​មានកម្ម​វិធី​បែប​ប្រពៃណី​ទើប​គេ​ឃើញ​ជនជាតិរ​អូ​ង​ស្លៀកពាក់ ។ ព្រោះតែ​កា​រវិ​វ​ឌ្ឍ​របស់​សង្គម សម្លៀក​បំពាក់​បែប​សម័យ ត្រូវ​បាន​យក​មក​ប្រើ​ជំនួស​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ក្រុម​កុលសម្ព័ន្ធរ​អូ​ង ។ នា​ពេល​បច្ចុប្បន្ន​នេះ ជនជាតិរ​អូ​ង​ត្រូវ​គេ​សង្កេត​ឃើញ​រស់នៅ​ជា​ក្រុម​ក្នុង​តំបន់​សម្បូរ​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា ជាប់​ព្រំប្រទល់​ជាមួយ​ខេត្តក្រចេះ ៕