តាមប្រភពព័ត៌មានមួយថា មេដឹកនាំលីប៊ីលោកមូអាម៉ា កាដាហ្វី ពេលនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះចេញពីតំណែងក្រោយពីកាន់អំណាចអស់រយៈពេល៤១ឆ្នាំមក ។ ប្រភពព័ត៌មានពីបណ្តាញទូរទស្សន៍អារ៉ាប់អាល់ហ្សាហ្ស៊ីរ៉ា ឱ្យដឹងថា លោកកាដាហ្វី បានស្នើឱ្យមានការប្រជុំសភា ដើម្បីឯកភាពគ្នាឱ្យមានអន្តរកាល ដើម្បីត្រួសត្រាយផ្លូវសម្រាប់លោកចុះចេញពីតំណែង ។
លោកកាដាហ្វី បានព្រលយពាក្យថា រូបលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចុះចេញពីតំណែង ប្រសិនបើក្រុមប្រឹក្សាឧទ្ទាមផ្តល់ឱ្យលោកនូវប្រាក់មួយចំនួន ហើយសន្យាថា មិនកាត់ទោសរូបលោក ។ ប៉ុន្តែទោះបីជាបែបណាក្តី សំណើរបស់លោកកាដាហ្វី ត្រូវបានច្រានចោលដោយក្រុមប្រឹក្សាឧទ្ទាមដោយអះអាងថា សំណើនេះរបស់លោកកាដាហ្វី គ្រាន់តែចង់យករួចខ្លួនប៉ុណ្ណោះ ។
ជាមួយគ្នានេះ កាសែតជាភាសាអារ៉ាប់២ កាសែតមួយមានមូលដ្ឋាននៅក្នុងទីក្រុងឡុង និងមួយទៀតមានមូលដ្ឋាននៅក្នុងប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី៧ មីនា កន្លងមក បានចេញផ្សាយព័ត៌មានមួយថា លោកកាដាហ្វី ពេលនេះកំពុងស្វែងរកផ្លូវរត់គេចខ្លួន ។ កូនប្រុសរបស់លោកកាដាហ្វីម្នាក់ព្រមានថា លីប៊ី នឹងកើតមានសង្គ្រាមស៊ីវិល ប្រសិនបើឪពុកលោកចុះចេញពីតំណែង ៕
ចែករំលែកព័តមាននេះ