ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ដើម្បី​សប្បុរសធម៌​ រកថវិកា​បាន​ជាង​​៤០ម៉ឺនដុល្លារ «សាយ»

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទីបំផុត​ ក្នុង​រយៈពេល​៤៩​ថ្ងៃ «​សាយ​» បាន​រត់​ដល់​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ដោយ​រកបាន​ថវិកា​ប្រមាណ៤០​ម៉ឺន​៥​ពាន់​៥៧៩​ដុល្លារ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​មានការ​ចាំ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​មហាជន…

ខេត្តសៀមរាប ៖ ទីបំផុត​ ក្នុង​រយៈពេល​៤៩​ថ្ងៃ «​សាយ​» បាន​រត់​ដល់​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ដោយ​រកបាន​ថវិកា​ប្រមាណ៤០​ម៉ឺន​៥​ពាន់​៥៧៩​ដុល្លារ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​មានការ​ចាំ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​មហាជន ។ យុទ្ធនាការ​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ បើ​តាម​គម្រោង សាយ នឹង​ប្រើពេល​៩៩​ថ្ងៃ ដោយ​រត់​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃ​អង្គាស​ថវិកា ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខេត្តសៀម​រាប​នេះ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​លោក អ៊ួ​ន បឋម ហៅ​សាយ និយាយ​ថា ខ្ញុំ​ប្រឹង​រត់​លំបាក​វេទនា​នេះ គឺ​យើង​ចង់​បង្ហាញ​ថា ខ្ញុំ​ពិបាក​ប៉ុណ្ណេះ ប៉ុន្ដែ​សម្រាប់​ខ្ញុំ​មើលឃើញ​ថាមន្ទីរពេទ្យ​ពិបាក​ជាង​ខ្ញុំ ខ្ញុំ​រត់​មួយ​ថ្ងៃ​ប្រហែល​ចាយ​ពេល​នៅ​
លើ​ផ្លូវ ៦​ទៅ​៨​ម៉ោង ប៉ុន្ដែ​ពេទ្យ​សឹងតែ​២៤​ម៉ោង​…​ខ្ញុំ​ព្យាយាម​រត់​ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ តែ​មន្ទីរពេទ្យ​គាត់​ព្យាយាម​ដើម្បី​ជួយ​ជីវិត​ក្មេង​ៗ» ។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​បុរស​ខ្មែរ​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​បង្កើត​ព្រឹត្តិការណ៍​សប្បុ​សធម៌​មួយ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ សម្រាប់ជួយ​សង្គម​បែប​នេះ ។ សាយ និយាយ​ថា​៖«​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​ដែរ​នោះ សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​មហាជន យើង​តែង​ឃើញ​កម្មវិធី​ជា​ច្រើន សូ​ម្បី​តែ​ក្នុងស្រុក​ខ្មែរ គឺ​សុទ្ធតែ​បរទេស​ជា​អ្នក​បង្កើត ហើយ​យើង​ជា​ជនជាតិ​ខ្មែរ​ទៅ​ចូលរួម ដើម្បី​ជួយ​ទៅ​ដល់​សង្គម​ខ្មែរ​ខ្លួនឯង ដូច្នេះ​ខ្ញុំ​បង្កើត​កម្មវិធី​នេះ​ឡើង​ចង់​បង្ហាញ​ថា ជនជាតិ​ខ្មែរ​ក៏​អាច​បង្កើត​នូវ​កម្មវិធី​សង្គម​ធំ​ៗ​ឬ​ដ៏​ល្អ​មួយ ហើយ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាជន​ខ្មែរ​យើង​ដើម្បី​ជួយ​សង្គម​ខ្លួនឯង​…»​។

ព្រឹត្តិការណ៍​សប្បុរសធម៌​របស់​សាយ បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៦ ខែតុលា​មក ។ មុន​ពេល​មក​ដល់ខេត្តសៀមរាប​នេះ សាយ បាន​រត់​ពី​ភ្នំពេញ មកកំពង់ស្ពឺ តាកែវ កែប កំពត កំពង់​សោម កោះកុងពោធិ៍សាត់ បាត់ដំបង បៃ​លិ​ន និង​ក្រុង​សិរី​សោភ័ណ ដោយ​ប្រើ​រយៈ​ពេល​៤៩​ថ្ងៃ​ហើយ ។ លោក អូ​៊​ន បឋម ដែល​បងប្អូន​គ្រួសារ​ខ្មែរយើង​ស្គាល់ឈ្មោះ​ថា «​សាយ​» គឺជា​តារាចម្រៀងដ៏​មានឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា សហការ​ជាមួយ​សហ​ក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

លោកពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​ទទួល​ស្វាគមន៍ដោយ​មានការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង ស្រុក និង​សភា​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រុង ស្រុក ដើម្បី​ចូលរួម​លើកទឹកចិត្ត​ចំពោះ​លោក សាយ និង​សហការី ដើម្បី​សុខភាព​ក៏​ដូច​ជា​ការ​ចូលរួម​ជាមួយ​កម្មវិធី «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដើម្បី​ប្រមូល​ថវិកា ក្នុង​ការ​ទ្រទ្រង់ នូវ​សកម្មភាព​នៃ​ការ​ព្យាបាល​កុមារ​កម្ពុជា ដោយ​ឥត​គិត​ថ្ងៃ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ។ ក្នុង​សកម្មភាព​នៃ​ការ​«​រត់​ដើម្បី​សប្បុរស ធម៌​ជាមួយ​សាយ​»​នេះ ពេល​មក​ដល់​ទឹកដី​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃ​ទី​២១ វិច្ឆិកា​ដល់​ស្រុក​ក្រឡាញ់ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ វិច្ឆិកា បាន​មក​ដល់​ស្រុក​ពួក និង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ បាន​បន្ត​មក​ដល់ ក្រុង​សៀម​រាប ដោយ​មាន​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស បាន​ទទួល​ស្វាគមន៍​នៅ​តាម​ដង
ផ្លូវ ។

រហូត​មក​ដល់​ព្រះរាជ​ដំណាក់​សៀមរាប បាន​ចូល​ធ្វើការ​បូជា​ផ្កា​ភ្ញី ទៀន ធូប ថ្វាយ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ដើម្បី​បួងសួង​សុំ​នូវ​សេចក្តីសុខ ជូន​ដល់​ប្រជា ពលរដ្ឋ​កម្ពុជា សំខាន់​កុមារ​កម្ពុជា ដែល​ជា​ធនធានមនុស្ស​ក្នុង​ការ​បន្តវេន ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេស​ជាតិ ឲ្យ​បាន​ឆ្លង​រួច​ផុត​ពី​ជំងឺ​ទាំងពួង សំខាន់​ជំងឺ​កូ​វី​ដ​១៩ ។ បើ​តាម​លោក ទេព ណា​វី នាយក​ប្រតិបត្តិការ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​មាន​វិបត្តិ​កូ​វី​ដ​១៩ ការ​គៀងគរ​ថវិកា​ពី​ខាងក្រៅ​ប្រទេស​មានការ​ធ្លាក់​ចុះ ដែល​ជា​ហេតុ​នាំ​ឲ្យ​មន្ទីរពេទ្យ​មាន​បញ្ហា​ប្រឈម​នឹង​កង្វះ​ថវិកា​ប្រតិបត្តិការ ។

ដូច្នេះ​លោក​សុំ​អំពាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា ទាំងអស់​រួម​គ្នា​ដើម្បី​ជួយ​កុមារ​កម្ពុជា តាម​រយៈ​ការ​ជួយ​មន្ទីរពេទ្យ ។ លោក​បន្ត​ទៀត​ថា ចាប់តាំងពី​បើក​ដំណើរការ​មក មន្ទីរពេទ្យ​បាន​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ បាន​ជាង​២​លាន​ករណី ។ ក្រៅពី​ពិនិត្យ​នឹង​ព្យា​បាល​​ជំងឺ មន្ទីរពេទ្យ​កុមារ​អង្គរ​ក៏​ជា​កន្លែង​បណ្តុះបណ្តាល​ជំងឺ​កុមារ​ដល់​គ្រូពេទ្យ​មក​ពី​គ្រប់​ទិស​ទី​ផង​ដែរ ។ មន្ទីរពេទ្យ​ត្រូវការ​ថវិកា​ប្រចាំឆ្នាំ​ប្រមាណ​ជា​៦,៥​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​៨៥​ភាគរយ ជា​ថវិកា​សប្បុរសជន​ក្រៅប្រទេស ។

លោក អ៊ួ​ន បឋម ហៅ​សាយ ដែល​ជា​អ្នក​ផ្តួចផ្តើម​យុទ្ធនាការ​នេះ បាន​និយាយ​ថា យុទ្ធ​នា​ការ​នេះ​លោក​គ្រោង​រត់​ក្នុង​រយៈពេល​៩៩​ថ្ងៃ​ចេញពី​រាជធានី​ភ្នំពេញ ទៅ​២១​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៦ ខែតុលា ដែល​ជា​ថ្ងៃកំណើត​ផ្ទាល់​របស់​លោក ដោយ​ក្នុង​មួយ​ថ្ងៃ​តម្រូវ​ឲ្យ​រត់​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ ។ លោក សាយ បន្ត​ថា រាល់​មូលនិធិ​ទាំងអស់​ដែល​ទទួល​បាន ពី​សប្បុរសជន​ដែល​គាំទ្រ​សកម្មភាព​នេះ នឹង​ត្រូវ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ជូន​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ។

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត ជំនួស​មុខ​ឱ្យ​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​ការ​លះបង់​របស់​លោក អ៊ួ​ន បឋម ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​ជា​ការ​ក្រើនរំលឹក​សតិ​ស្មារតី របស់​ជន​រួម ជាតិខ្មែរ​យើង ឲ្យ​មាន​ស្មារតី​ចេះ​ជួយ​គ្នា រួម​សាមគ្គី​គ្នា ក្នុង​ការ​ទ្រទ្រង់​ដល់​ធនធានមនុស្ស សំខាន់​ចំពោះ​សុខភាព​កុមារ ដែល​ជា​ទំពាំង​ស្មង​ប្ញ​ស្សី​នៃ​អនាគត​ប្រទេស​ជាតិ ។ លោក​បន្ដ​ថា សកម្មភាព​របស់​លោក​នឹង​អាច​ក្លាយជា​គំរូ​សម្រាប់​យុវជន​កម្ពុជា​ដទៃ​ទៀត ក្នុង​ការ​រួមចំណែក​តបស្នង​ចំពោះ​ប្រទេស​ជាតិ ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ។

ព្រោះ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​នៅ​ក្នុង​សង្គម​ជាតិ គួរ​ចូលរួម​ចែករំលែក​ដោះស្រាយ​បញ្ហា​មិន​ថា​តូច​ឬ​ធំ រក្សា​ឲ្យ​បាន​នូវ​ការ​រួបរួម​គ្នា ដើម្បី​ភាព​រីក​ចម្រើន​ទាំងអស់​គ្នា ដែល​កុមារ​នៅ​កម្ពុជា អាច​ទទួល​បាន​ឱកាស​ដូច​ៗ​គ្នា ក្នុង​ការ​លូតលាស់​ប្រកបដោយ​សុខភាព​បរិបូណ៌ និង​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។ លោក​បាន​បញ្ជាក់​ថា ការ​ផ្ដល់​មូលនិធិ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ទោះតិច​ក្ដី​ឬ​ច្រើន​ក្ដី គឺ​ពិតជា​ទ​ង្វើ​សប្បុ​រស​ធម៌ បង្កប់​ទៅ​ដោយ​អត្ថន័យ​និង​ក្ដី​មេត្តា​ដ៏​សម្បើម​សម្រាប់​ជីវិត​កុមារ​នៅ​កម្ពុជា​យើង ៕

អត្ថបទសរសេរ ដោយ