ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៣ និង៥៤ ចំណុចភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ស្រុកច្បារមនដោយរថយន្តនិងម៉ូតូបុកគ្នាបណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូពីរនាក់ ដោយអ្នកបើកបរម៉ូតូស្លាប់នៅក្នុងមន្ទីរពេទ្យ ឯអ្នកជិះពីក្រោយស្លាប់នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង១០នាទីយប់ ថ្ងៃទី១៧ មីនា ហើយសពជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅធ្វើបុណ្យ នៅឯស្រុកភ្នំស្រួច ទាំងយប់។
អនុប្រធាននគរបាលចរាចរខេត្ត លោកវរសេនីយ៍ត្រី យ៉ែម តន បានរៀបរាប់ថា មានរថយន្តម៉ាកហ៊្វុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-2802 ជារបស់ក្រុមហ៊ុនអឹមអិល (ML) ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានបង្អន់ល្បឿន ដើម្បីបត់ឆ្វេងដៃបំណងចូលទៅហូបបាយនៅផ្ទះបាយកណ្តោលដុំ ហើយក៏វាក់នឹងម៉ូតូមួយគ្រឿងម៉ាកហ្វីណូ ពណ៌ក្រហម គ្មានស្លាកលេខជិះគ្នាពីរនាក់ បុកយ៉ាងទំហឹងតែម្តង ។
លោកវរសេនីយ៍ត្រី យ៉ែម តន បានឱ្យដឹងទៀតថា អ្នកស្លាប់ទាំង២នាក់នេះ ឈ្មោះទី វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ជាអ្នកបើកម៉ូតូ និងម្នាក់ទៀតឈ្មោះឈួន ម៉េងហួរ ជាអ្នកជិះពីក្រោយ។ អ្នកទាំងពីរនាក់បើកបរម៉ូតូដោយពុំមានពាក់មួកសុវត្ថិភាពទេ ឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ក្រោយមានហេតុការណ៍កើតឡើង។ ទាំងរថយន្ត និងម៉ូតូត្រូវបានមន្ត្រីប៉ូលិសចរាចរខេត្តនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ