ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិការ​ជើង​ទាំង២ត្រឹម​ភ្លៅ​​ តែ​បេះ​ដូង​មិន​ពិការ​ឡើយ​ជីវិត​ត្រូវ​តែ​តស៊ូ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សង្គ្រាម​បាន​បន្សល់​ទុក​នូវ​ស្ត្រី​មេ​ម៉ាយ​ កុមារ​កំព្រា និង​ជន​ពិការ​។ ក្នុង​ចំណោម​នេះ ​អតីត​យោ​ធិន​ម្នាក់​ដែល​​ត្រូវ​របួស​ពិការ​ជើង​ទាំង​ពីរ​ត្រឹម​​ភ្លៅ​ទាំង​ខ្លួន​នៅ​កំលោះ​​បច្ចុប្បន្ន​ធ្វើ​ជាជាង​ជួស​ជុល និង​ប៉ះ​កង់​ម៉ូតូ​នៅ​ចិញ្ចើម​ថ្នល់​ជាប់​របង​មជ្ឈ​មណ្ឌល​ម៉ុង​ឌី​យ៉ាល់​ទុល​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​ដើម្បី​បាន​​ប្រាក់​កម្រៃ​បន្តិច​បន្តួច​សំរាប់​ចិញ្ចឹម​ជីវិត​។ ពេល​ឈាន​ចូល​​មជ្ឈិម​វ័យនឹក​ភ្នក​ចង់​បាន​ប្រពន្ធ​នឹង​គេ​ដែរ​ តែ​អនិច្ចា​កាយ​សម្បទា​មិន​គ្រប់​លក្ខណៈ​ រី​ឯ​ជីវភាព​វិញ​រក​មួយ​ថ្ងៃ​សំរាប់​មួយ​ថ្ងៃ​។

ក្នុង​នាម​ជា​អតីត​យុទ្ធ​ជនបាន​​ស្ម័គ្រ​ចិត្តបម្រើ​ជាតិ​​ដោយ​មិន​ខ្លាច​ពលី​ជីវិត​នា​សម័យ​សង្គ្រាម​។ ថ្វី​ដ្បិត​តែ​ពិការ​ជើង​ទាំង​ពីរ​ត្រឹម​ភ្លៅ​មិន​អាច​ដើរ​កើត​ក៏​ពិត​មែន តែ​បុរស​ពិការ​រូប​នេះ​អាច​ជិះ​លើ​រទេះ​រុញ​ដោយ​ខ្លួន​ឯង​ ហើយ​អាច​ធ្វើ​​ការ​ស្រាល​ៗបាន​គ្រប់​យ៉ាង​ដែល​អាច​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំ​បាច់​ដើរ​សុំ​ទាន​គេ​។ ព្រលឹម​ឡើង​គាត់​ជិះ​រទេះ​ពី​ផ្ទះ​ទៅ​កន្លែង​ជួស​ជុល​ម៉ូតូ​ដោយ​ខ្លួន​ឯង​ និង​អាច​ដោះ​កាំ​ម៉ូតូ​ បាញ់​ថ្នាំ​ម៉ូតូ​ ផ្លាស់​គ្រឿង​បន្លាស់​ម៉ូតូ​បាន​ទាំង​អស់​ និង​ប៉ះ​អ៊ុត​ថែម​ទៀត។

បុរស​ពិការ​រូប​នេះ​ឈ្មោះ​ហួយ សុខេង អាយុ​៤៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​បង​ប្អូន​ផ្ទះ​លេខ​៨១​ ផ្លូវ​លេខ​​១៩២ សង្កាត់​ទឹក​ល្អក់​ ខណ្ឌ​ទួល​គោក​។ សុខេង​បាន​រៀប​រាប់​ថា កាល​ពី​ឆ្នាំ​១៩៨៣​ គាត់​បាន​ធ្វើ​ទាហាន​នៅ​វរៈលេខ​​៧៦​ ផ្នែក​ស៊ើ​ប​ការណ៍​ចំណុះ​ឱ្យ​អង្គ​ភាព​ Q101 នៅ​បន្ទាយ​ក្រាំង​តៃ​។ នៅ​ទី​នោះ​បាន​បី​ឆ្នាំក៏បាន​​ផ្លាស់​ទៅ​ប្រចាំ​ការ​នៅ​វត្ត​ខ្លា​គ្រហឹម​ដែល​តំបន់​នោះ​ស្ថិត​នៅ​លើ​​កោះ និង​ជា​ដៃ​ទន្លេ​ម្ខាង​ខេត្ត​កំពង់​ឆ្នាំង ​ម្ខាង​ទៀត​ខេត្ត​កំពង់​ចាម​ ហើយ​កាល​ពី​ឆ្នាំ​១៩៨៦​នៅ​តំបន់​នោះ​ក៏​មាន​សេស​សល់​ពួក​ទ័ព​ខ្មែរ​ក្រហម​ធ្វើ​សកម្ម​ភាព​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​រឿយៗ​។ ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​គាត់​ក៏​ត្រូវ​របួស​បាក់​ភ្លៅ​ទាំង​ពីរ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហើយ​រហូត​ដល់​ឆ្នាំ​១៩៨៧​ក្រោយ​ពី​ជើង​ទាំង​ពីរ​របស់​គាត់ដែល​​ត្រូវ​កាត់​ចោល​​បាន​ជា​សះ​ស្បើយ​ក៏​ចេញ​ពី​មន្ទីរ​ពេទ្យ​ រួច​គេ​ឱ្យ​គាត់​ទៅ​នៅ​មន្ទីរ​ពិការ​កៀន​ឃ្លាំង​ តែ​គាត់​មិន​បាន​ទៅ​ទេ ក៏​មក​ស្នាក់​នៅ​ជាមួយ​បង​ប្អូន​ ព្រោះ​ឪពុក​ ម្តាយ​ស្លាប់​អស់​ហើយ​។

ទាក់ទិន​នឹង​ជីវិត​ពិតសុខេង​​បាន​បន្ត​ថា នៅ​ឆ្នាំ១៩៩៣​ គាត់​បាន​មក​សុំ​គេ​ជួស​ជុល​ម៉ូតូ​នៅ​ឃ្លាំង​រំសេវ​ ហើយ​ប្រដាប់​​ប្រដា​របស់​គេ​ទាំង​អស់ គាត់​មាន​តែ​កម្លាំង​ជួយ​ធ្វើ​គេប៉ុណ្ណោះ​ ដូច​ជា​ដោះ​កាំ​​បាញ់​ថ្នាំ​ម៉ូតូ ផ្លាស់​ប្តូរ​គ្រឿង​បន្លាស់​ និង​ប៉ះ​អ៊ុត​ជា​ដើម ឯ​ប្រាក់​ដែល​គាត់​ធ្វើ​បាន​ចែក​ពាក់​កណ្តាល​ជាមួយ​គេ​ ។ គាត់​បន្ត​ទៀត​ថា ទើប​តែ​​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ​គាត់​មក​ធ្វើ​នៅ​របង​ជាប់​មជ្ឈ​មណ្ឌល​ម៉ុង​ឌី​​យ៉ាល់​ទល់​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​នេះ​ជាមួយ​ឈ្មោះ​ខៀវ​ គា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ ដោយ​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រក​ប្រាក់​បាន​ពី​៨.០០០​រៀល​ទៅ​ជាង​មួយ​ម៉ឺន​រៀល​។

ចំណែក​បុរស​ឈ្មោះ​ខៀវ​ គា បាន​ឱ្យ​ដឹង​ថា គាត់​មាន​ប្រដាប់​ប្រដា​ជា​ង​ទាំង​អស់​សំរាប់​ធ្វើ​ ចំណែក​បុរស​ពិការហួយ សុខេង មាន​តែ​កម្លាំង​ធ្វើ​ទេ ។ ដោយ​សារ​ឃើញ​ពិការ​មាន​ការ​អាណិត​អាសូរ​ក៏​​ហៅ​គាត់​ឱ្យ​ជួយ​ធ្វើ​ជាមួយ​ ខណៈ​ដែល​មាន​ភ្ញៀវ​មក​រក​ធ្វើ​ម្តងៗ​គាត់​ជា​អ្នក​លើក​ប្រដាប់​ប្រដា​ឱ្យ​ ឯបុរស​ពិការ​គ្រាន់​តែ​ចុះ​ពី​លើ​រទេះ​មក​ធ្វើ​តែម្តង​។ បុរស​ពិការ​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​គាត់​បើក​ប្រាក់​ខែ​ពិការ​របស់​គាត់​បាន​ជាង​១០​ម៉ឺន​រៀល​ដែរ​សំរាប់​ជួយ​ទប់​ទល់​ជាមួយ​នឹង​របរ​ប្រចាំ​ថ្ងៃ​របស់​គាត់​គ្រាន់​ទិញ​បាយ​ហូប ណា​មួយ​វ័យ​កាន់​តែ​ចាស់​គ្មាន​លុយ​កាក់​សល់​ទេ ហើយ​គ្មាន​អ្នក​មើល​ថែ​ទៀត​ គឺ​នៅ​ជាមួយ​បង​ប្អូន​ ៕