ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការធ្វើតេស្ត​ឈាម​រកអ្នក​ផ្ទុក​មេរោគអេដស៍​​ឆ្នាំ​​២០១០មាន​តួលេខ​​គួរ​ឱ្យ​បារម្ភ

15 ឆ្នាំ មុន

ខេត្ត​​ស្វាយ​​រៀង​​ ៖ ​មន្ទីរ​​សុខាភិបាល​​​ខេត្ត​បាន​ធ្វើ​សន្និបាត​បូក​សរុប​​​ការងារ​ឆ្នាំ២០១០​ ​និង​លើក​ទិសដៅ​ឆ្នាំ២០១១​ កាលពី​ថ្ងៃទី​​១០-១១ មីនា ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ជាអធិបតី​ពី​សំណាក់​​លោក​​សាស្ត្រាចារ្យ​​ អេង ហួត​ រដ្ឋ​លេខា​ធិការ​​​​ក្រសួង​សុខា​ភិបាល​​ និង​លោក​ជៀង អំ អភិបាល​ខេត្ត​ ។ អញ្ជើញ​​ចូលរួម​ក្នុង​សន្និបាត​នោះ​មាន​អស់​លោក លោក​​​​ស្រី ប្រធាន​-អនុ​ប្រធាន​មន្ទីរ​សុខាភិបាល ​​​​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​ប្រតិបត្តិ​​មណ្ឌល​សុខ​ភាព​​​ឃុំ​ អភិបាល​-​អភិបាល​រង​ស្រុក-​ក្រុង​ ក្រុម​ប្រឹក្សា​​ឃុំ-​សង្កាត់​ អ្នក​ស្ម័គ្រ​ចិត្ត​​ភូមិ​ ​និង​តំណាង​អង្គការ​​​សង្គម​ស៊ីវិល សរុប​១៤០​នាក់ ។​

លោក​វេជ្ជបណ្ឌិត វន វិណារ៉ា ​អនុប្រធាន​​មន្ទីរ​សុខាភិបាល​​ខេត្ត​ បាន​​អាន​​របាយ​ការណ៍​​​សង្ខេប​ពីសមិទ្ធផល​​សុខា​ភិបាល​ឆ្នាំ២០១០ ថា ខេត្ត​ស្វាយ​រៀង​​មាន​មន្ទីរ​​ពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ចំនួន​៣ គឺ​ស្វាយ​រៀង រមាស​ហែក​ និង​ជីភូ មន្ទីរ​ពេទ្យ​ខេត្ត​​មួយ និង​​មណ្ឌល​​សុខភាព​៣៨ ។ ដោយ​មាន​ការ​គាំទ្រ និង​សហការ​​​គ្នា​ល្អ​ពីក្រសួង​​​សុខាភិបាល​​ មន្ទីរ​ ស្រុក​​ប្រតិបត្តិ​​មណ្ឌល​​សុខភាព អង្គ​ការ​ដៃគូ​អភិវឌ្ឍន៍​​​នៃអង្គ​ការ​​​មិនមែន​រដ្ឋា​ភិបាល​ អាជ្ញាធរ​​មូល​ដ្ឋាន​​ មន្ទីរ​​នានា​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ មាន​ឆន្ទៈ​​ក្នុង​ការ​ធ្វើ​ការ​​​ជា​ក្រុម​ និង​សាមគ្គី​ផ្ទៃ​ក្នុង​បាន​ល្អ​ មាន​ការ​ផ្តល់​សេវា​​២៤​ម៉ោង​លើ​២៤​​ម៉ោង​ ។ ជាមួយ​គ្នា​នេះ ​​យើង​មាន​​ថវិកា​ លើក​ទឹក​ចិត្ត​ដល់​ឆ្មប​មណ្ឌល​សុខភាព​ ដល់​ឆ្មប​បុរាណ​ និងអ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ ជាពិសេស​​មាន​ការ​​លើកលែង​បង់​ថ្លៃ​សេវា​ចំពោះ​ជន​ក្រីក្រ​ ។ របាយ​ការណ៍​​ក៏​បាន​​កត់​សម្គាល់​​ដែរថា ​ចំពោះ​​សហគមន៍​​ដោយសារ​​ចំណេះ​ដឹង​នៅ​មាន​​កម្រិត​​ ​និង​ភាព​ក្រីក្រ​ គឺ​មាន​ទម្លាប់​សម្រាល​កូន​នៅផ្ទះ និង​មាន​ជំនឿ​​អរូបី។ ចំពោះ​​សេវា​សុខាភិបាល​​ ក៏នៅ​ខ្វះ​ធនធាន​​មនុស្ស​ ចំណេះ​ដឹង​នៅ​មាន​កម្រិត​ បុគ្គលិក​ឆ្មប​មួយ​ចំនួន​នៅ​ដើរ​សម្រាល​​​កូន​តាម​ផ្ទះ​ ខ្វះ​សំភារ​ ឱសថ​ និង​បរិក្ខារ ​ខ្វះ​​បន្ទប់​​​រង់ចាំ​ និង​ក្រោយ​សម្រាល​ខ្វះ​មធ្យោបាយ​​បញ្ជូន​​​អ្នកជំងឺ​ ។
អ្វីដែល​គួរឱ្យ​​ចាប់អារម្មណ៍​​គឺ​​ឆ្នាំ​​២០១០​ មាន​អ្នក​​ជំងឺ​​​អេដស៍​​ថ្មី​ដែល​បាន​ចូល​​​មក​ទទួល​សេវា​ មាន​ចំនួន​​១៦៨​នាក់ ។ ​អ្នកជំងឺ​សកម្ម​ដែល​កំពុង​​ទទួល​សេវា​មាន​ចំនួន​​សរុប​១.១២៧​នាក់ ទូទាំង​ខេត្ត ។ រីឯអ្នក​ជំងឺ​​អេដស៍​​នៅ​តាម​ផ្ទះ​មាន​ក្រុម​ថែទាំ​អ្នកជំងឺ​ចំនួន​១៦​ក្រុម​​របស់​​អង្គការ​ចំនួន​២ សរុប​១.៥២៧​​នាក់។​

តាមការ​ធ្វើ​តេស្ត​ឈាម​ លទ្ធផល​​ប្រចាំ​ឆ្នាំ​២០១០​ មាន​អតិថិជន​​មកធ្វើ​តេស្ត​​​សរុប​ ១១.៥៤១​នាក់​ មាន​លទ្ធផល​​វិជ្ជមាន​​១៧៣​​នាក់​ គិតជាភាគរយ​​មាន​៥,១% ដែល​ជាប្រការ​គួរ​ឱ្យ​ព្រួយ​បារម្ភ ។ ជំងឺ​​របេង​​សរុប​​៣.០០៤​​នាក់   អត្រា​​ព្យា​បាល​​ជាសះស្បើយ​​​​​រក្សា​​ខ្ពស់​​ បាន​​៧០%​  ហើយ​ចំពោះ​គម្រោង​សម្រាប់​ជំងឺ​របេង​​ស៊ាំនឹង​ឱសថ​កំពុង​​ត្រូវ​បាន​អនុវត្ត​ ។ ចំពោះ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​ចូល​មក​សម្រាក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​ក្នុង​ឆ្នាំ​២០១០​ ​គឺ​មាន​របួស ប៉ះ​ទង្គិច​​ក្បាល​២២២​នាក់ ​របួស​​ក្រៅពី​ប៉ះ​ទង្គិច​ក្បាល​​មាន​៩៧៧​​នាក់ ស្លាប់​១៤​នាក់ ។

លោកជៀង អំ អភិបាល​​ខេត្ត​ បាន​កោត​សរសើរ​​ដល់​មន្ត្រី​សុខាភិបាល​ទាំង​​អស់​ដែល​បាន​​​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​​​គ្រប់​លំដាប់​​ថ្នាក់​ និង​អង្គការ​ដៃគូ​ បម្រើ​សេវា​សុខាភិបាល​ជូនប្រជា​ពលរដ្ឋ​ប្រកប​ដោយ​សមភាព​ តម្លាភាព និង​គណនេយ្យភាព ជាសេចក្តី​ទុក​ចិត្ត​​​របស់​​ប្រជា​ពល​រដ្ឋ ។  លោកជៀង អំ​ ក៏​បាន​ផ្តាំ​ផ្ញើ​​​ដល់​​មន្ត្រី​​ពាក់ព័ន្ធ​​ទាំងអស់​​​ត្រូវ​បន្ត​សហការល្អ ផ្តល់​សេវា​ សាធារណៈ​ ជាពិសេស​សេវា​សុខាភិបាល​​ឱ្យ​កាន់​តែ​ប្រសើរ​​ ឆ្លើយ​តបទៅ​​​នឹង​សេចក្តីត្រូវ​ការ​​របស់​​ប្រជាពលរដ្ឋ​​ ជាពិសេស​​ប្រជាពលរដ្ឋ​ក្រីក្រ​​ គ្មាន​លទ្ធភាព​រក​​សេវា​ឯកជន ។

លោកអេង ហួត រដ្ឋ​លេខា​ធិការ​​ក្រសួង​សុខា​ភិបាល​​ មាន​ប្រសាសន៍​​​​​ក្នុង​ឱកាស​បិទ​សន្និបាត​នោះ​ថា ​ក្នុង​ការអនុវត្ត​​គោល​នយោ​បាយ​​​​និង​យុទ្ធ​សាស្ត្រ​ចតុកោណ​របស់​រាជ​​​រដ្ឋា​ភិបាល​ដែល​​​​ដឹកនាំ​ប្រកប​ដោយ​​​គតិបណ្ឌិត​​​របស់​​​សម្តេច​តេជោ​​ហ៊ុន សែន គឺ​​ការ​​លើក​កម្ពស់​វិស័យ​​សុខា​ភិបាល​ គិតគូរ​ដល់​សុខុមាលភាព​ជូន​ប្រជាពល​រដ្ឋ​​ ដោយ​ការ​ប្រើ​​ប្រាស់​ថវិកា​ជាតិ ជាមូលនិធិ​បង់​​ជួស​ប្រជាពលរដ្ឋ​​សម្រាប់​​លើក​កម្ពស់​​​ជីវភាព​ប្រជាលរដ្ឋ​ក្រីក្រ​ និង​ឧបត្ថម្ភ​​​ពេទ្យ​ឆ្មប​ និងអ្នក​ស្ម័គ្រ​ចិត្ត​​​ ។ ជាមួយនេះ ផ្សព្វ​ផ្សាយ​​​​ព័ត៌​មាន​​​សុខាភិបាល​​ឱ្យ​បាន​ទូលំទូលាយ ​​រួមទាំង​​​ការ​ផ្តល់​​​សេវា​មូល​និធិ​​សមធម៌​​ដល់​ជនក្រីក្រ​នៅ​ជនបទ ៕​