រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នារសៀលថ្ងៃទី១៩ វិច្ឆិកា ២០២០ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបរបស់ស្ដ្រីម្នាក់ បានសម្រេច ។
ហេតុការណ៍ឆក់កាបូបនេះ កើតឡើងត្រង់ចំណុចក្បែរស្តុបការ៉េប្រាំបី ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ក្រួច តារាវិសាល ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៦៣ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកអធិការរងខណ្ឌដង្កោ ទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ចេញពីកន្លែងលក់ដូរ នៅផ្សារសារឿនយ៉ាន្នី ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ លុះពេលបើកម៉ូតូតាមផ្លូវ២១៧ ពីជើងទៅត្បូង ដល់ចំណុចក្បែរស្តុបការ៉េប្រាំបី ស្ថិតនៅភូមិបាគូ ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅលាយទឹកក្រួច ពាក់ផ្លាកលេខភ្នំពេញ1IG-4658 ស្របទិសជាមួយជនរងគ្រោះ បានធ្វើសកម្មភាពឆក់យកកាបូបលុយ ដែលជនរងគ្រោះ ក្រវ៉ាត់ចង្កេះពីខាងមុខ រួចបើកម៉ូតូគេចខ្លួន ទៅទិសខាងត្បូង ។
ស្របពេលនោះ មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវ២១៧ បានឃើញហេតុការណ៍នោះ ក៏ជួយអន្តរាគមន៍ ប្រដេញតាមពីក្រោយ និងស្រែកប្រកាសតាមវិទ្យុទាក់ទង ឲ្យកម្លាំងដែលនៅតាមគោលដៅឈរជើងផ្សេងៗជួយស្ទាក់ពីមុខ ហើយជនសង្ស័យខាងលើបានបើកម៉ូតូគេចខ្លួនដល់ ចំណុចបុរីពិភពថ្មីកួរស្រូវ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមករូបគេ (ជនសង្ស័យ) ធ្លាប់បានធ្វើសកម្មភាពលួច និងឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកថែមទៀត ។
ចំណែកវត្ថុតាង សមត្ថកិច្ចដកហូតបាន រួមមាន ៖ ទី១/ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 1IG-4658 ។ ទី២/កាបូបដាក់លុយ (ក្រវ៉ាត់ចង្កេះខាងមុខ) ពណ៌ខ្មៅ លាយខៀវចំនួន០១, ទី៣/លុយខ្មែរចំនួន ៦៥,០០០រៀល (ប្រាំមួយម៉ឺនប្រាំពាន់រៀល) យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ជាមួយគ្នានេះ ស្ត្រីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងលើជនសង្ស័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឱ្យសមត្ថកិច្ចចាត់ការផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោនិងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ