ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ម្នាក់​ខឹង​ឲ្យ​បារី​ជក់​តែ​មិត្តភក្ដិ​មិន​ព្រមយក​លេង​ដក​កាំភ្លើង​គម្រាម​បា.ញ់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​នៅ​អង្គភាព​អន្តរាគមន៍​ព្រែក​ឯង​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​អាវុធ​ខ្លី​១​ដើម រួច​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​បុរស​នេះ​ដក​កាំភ្លើងខ្លី​អា​ម៉េ​បញ្ចូល​គ្រាប់​ភ្ជង់​គម្រាម​បាញ់​សម្លាប់​មិត្តភក្ដិ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​នៅ​អង្គភាព​អន្តរាគមន៍​ព្រែក​ឯង​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​អាវុធ​ខ្លី​១​ដើម រួច​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​បុរស​នេះ​ដក​កាំភ្លើងខ្លី​អា​ម៉េ​បញ្ចូល​គ្រាប់​ភ្ជង់​គម្រាម​បាញ់​សម្លាប់​មិត្តភក្ដិ​ម្នាក់ ដែល​ជា​មន្ត្រី​នគរបាល​ដូច​គ្នា ព្រោះតែ​ខឹង​ហុច​បារី​ដែល​ជ្រុះ​លើ​ដី​ឲ្យ​ជន​រង​គ្រោះ​ជក់​តែ​មិន​ព្រម​ទទួលយក​ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្ទុះ​កំហឹង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន «​ហ្ស៉ឹ​ម​» ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ ធានី​ភ្នំពេញ ។

បុរស​ជា​ជនសង្ស័យ​ឈ្មោះ រ៉េ​ត សុគន្ធ អាយុ​២៦​ឆ្នាំ មុខរបរ មន្ត្រី​នគរបាល អង្គភាព​អន្តរាគមន៍​ព្រែក​ឯង ស្នាក់​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រើប្រាស់​អាវុធ​ខ្លី​០១​ដើម ម៉ាក​G LOCK 19 ពណ៌​ខ្មៅ លេខ​RTP3532 ផលិត​នៅ​ប្រទេស​អា​មេ​រិ​ក មាន​គ្រាប់​ចំនួន​០៩​គ្រាប់ និង​បង់​១ ។ ចំណែក​បុរស​ដែល​ជា​ជន​រង​គ្រោះ​មានឈ្មោះ ប៉ុន សិទ្ធា​រាជ្យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៣ ផ្លូវ​បេតុង ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវជា​មិត្តភក្ដិ​ជនសង្ស័យ​ខាងលើ ។

តាម​របាយការណ៍​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ គឺជា​មិត្តភក្ដិ​នឹង​គ្នា ហើយ​នៅ​មុន​ពេល​កើតហេតុ​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​រួម​ជាមួយ​មិត្តភក្ដិ​ផ្សេង​ទៀត មាន​គ្នា​សរុប​ប្រហែល​១០​នាក់ ។ លុះ​ពេល​ផឹកស៊ី បាន​មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​បាន​ហុច​បារី​១​ដើម ទៅ​ឲ្យ​ជន​រង​គ្រោះ​ជក់ ប៉ុន្តែ​ខណៈនោះ​បារី​បាន​ធ្លាក់​ទៅ​លើ​ដី ហើយ​ជនសង្ស័យ​ក៏​បាន​ឱន​រើស​បារី​នោះ រួច​ហុច​ឲ្យ​ជន​រង​គ្រោះ​ម្ដងទៀត ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ប្រកែក​មិន​ព្រមយក​បារី​ដែល​ជ្រុះ​នេះ​ឡើយ គឺ​ទាមទារ​ចង់បាន​បារី​ថ្មី​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្ទុះ​កំហឹង​ដោយ​និយាយ​ថា ជន​រង​គ្រោះ​មើលងាយ​ខ្លួន​ក៏​កើត​ទៅ​ជា​ទំនាស់​ពាក្យ​សម្តី និង​គ្នា​មួយ​ប្រាវ បន្ទាប់​មក​ទៀត ជនសង្ស័យ​បាន​ទាញ​យក​អាវុធ​ខ្លី​ម៉ាក G LOCK 19 ចេញពី​ក្នុង​កាបូប​ដាក់​សម្ភារៈ​មក​អា​ម៉េ​បញ្ចូល​គ្រាប់ រួច​ភ្លង់​គម្រាម​បាញ់​ទៅ​លើ​ជន​រង​គ្រោះ ។ ប៉ុន្តែ​ពេល​នោះ​ក៏​ត្រូវ​បាន​មិត្តភក្ដិ​ដែល​ផឹកស៊ី​រួម​តុ​ជាមួយ​គ្នា​ឃាត់​បំបែក​ចេញពី​គ្នា​រៀង​ៗ​ខ្លួន ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ជួយ​អន្តរាគមន៍ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ លុះដល់​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដល់​ផ្ទះ​តែ​ម្ដង ។ ខណៈនោះ​កម្លាំង​ដកហូត​អាវុធ​ខ្លី​០១​ដើម ម៉ាក​G LOCK 19 ពណ៌​ខ្មៅ លេខ​RTP3532 ផលិត​នៅ​ប្រទេស​អា​មេ​រិ​ក មាន​គ្រាប់​ចំនួន​០៩​គ្រាប់ និង​បង់​១ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ