ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ផ្ទះ​បើក​លេង​បៀ និង​អាប៉ោង​ចាប់​ខ្លួន​មនុស្ស៨នាក់

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ លោក​មួង សារិន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត បាន​ដឹក​នាំ​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ខេត្ត ចុះ​ឆែក​ឆេរ​លំនៅ​ឋាន​មួយ​​ស្ថិត​នៅ​ភូមិ​ទី៤ សង្កាត់​វាល​វង់ ក្រុង​កំពង់​ចាម កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៧ មីនា ដែល​​លួច​បើក​លេង​ល្បែង​ស៊ីសង​ដោយ​ខុស​ច្បាប់។ ​សមត្ថ​កិច្ច​ឃាត់​មនុស្ស​​ចំនួន​៨​នាក់ បៀ និង​អាប៉ោង​ ព្រម​ទាំង​ម៉ូតូ​ចំនួន​៤​គ្រឿង បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត។

លោក​វរសេនីយ៍ឯក ជឹម សេង​ហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត ទទួល​ផែន​កណ្តាល​យុត្តិ​ធម៌​​មាន​ប្រសាសន៍​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ក្រុម​អ្នក​លេង​ល្បែង​ទាំង​៨​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ ១-​ឈ្មោះ​ហេង សុខន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់​នៅ​ភូមិ​សួង សង្កាត់​សួង ក្រុង​សួង, ២-​ឈ្មោះ​សុខ ខេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់​នៅ​ភូមិ​​វាល​ស្បូវ សង្កាត់​សំបួរ​មាស ក្រុង​កំពង់​ចាម, ៣-​ឈ្មោះ​ជីន វន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់​នៅ​ភូមិ​កំពង់​ស្ពឺលើ ឃុំ​កំពង់​រាប ស្រុក​​កោះ​សូទិន, ៤-​ឈ្មោះ​អ៊ុង ប៊ុនណា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់​នៅ​ភូមិ​ទី៤ សង្កាត់​វាល​វង់ ក្រុង​កំពង់​ចាម (ជា​ម្ចាស់​ផ្ទះ​បើក​ល្បែង), ៥-​ឈ្មោះ​ហេង ឥទ្ធី​រិទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់​នៅ​ភូមិ​ទី៣ សង្កាត់​វាល​វង់ ក្រុង​កំពង់​ចាម, ៦-​ឈ្មោះ​ខុន អូន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់​នៅ​ភូមិ​ទី៣ សង្កាត់​វាល​វង់ ក្រុង​កំពង់​ចាម, ៧-​ឈ្មោះ​ហុង សន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់​នៅ​ភូមិ​ទី៤ សង្កាត់​វាល​វង់ ក្រុង​កំពង់​ចាម និង​៨-​ឈ្មោះ​ម៉ន ម៉ាប់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់​នៅ​ភូមិ​គៀន​ជ្រៃ ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់​សៀម។

លោក​​ស្នង​ការ​រង​​បន្ត​ថា មុន​​ពេល​បង្ក្រាប​ផ្ទះ​បើក​ល្បែង​នេះ​​ប្រជា​ពល​រដ្ឋ​រាយ​ការណ៍​មក​កាន់​រូប​លោក​។ ពេល​​ទទួល​​ព័ត៌​មាន​នេះ​ រូប​លោក​បាន​ចាត់​កម្លាំងព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​​ទៅ​បង្ក្រាប​ជា​បន្ទាន់។ ក្នុង​ប្រតិ​បត្តិ​ការ​នេះ​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត និង​មន្ត្រី​ក្រឡា​បញ្ជី ។ ​សមត្ថ​កិច្ច​រឹប​អូស​បាន​ម៉ូតូ​៤​គ្រឿង បៀ​១​ហ៊ូ ចាន​បាញ់​អាប៉ោង​១ ផ្តិល​​គ្រប​អាប៉ោង​១ ​ហាន់​តោ​១​ និង​មេ​អាប៉ោង​១។ លោក​វរសេនីយ៍ឯក​ ជឹម សេង​ហុង បញ្ជាក់​ថា ក្រៅ​ពី​ម្ចាស់​ផ្ទះ មនុស្ស​៧​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​មាន​អ្នក​ខ្លះ​ត្រូវ​បាន​​អប់រំ​ជា​ច្រើន​លើក​មក​ហើយ ​ទាក់​ទិន​ទៅ​នឹង​​រឿង​លេង​ល្បែង​ស៊ីសង​បៀ​អាប៉ោង។ នាព្រឹក​ថ្ងៃ​ទី​៨ មីនា បុរស​ទាំង​៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ដើម្បី​​ពិន័យ​ទៅ​តាម​ច្បាប់៕