ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អាឡិច​ហ្វើគូសុន​ព្យាករណ៍​ថា មាន​ចលា​ចល​​ក្នុង​ការ​ប្រកួត FA Cup

15 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌​មាន BBC បាន​ឱ្យ​ដឹង​ថា លោក​អាឡិច​ហ្វើគូសុន បាន​ធ្វើ​ការ​ព្យាករណ៍​ថា នឹង​មាន​ភាព​ចលា​ចល​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ក្រប​ខណ្ឌ​អង់​គ្លេស FA Cup ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​មេសា ខាង​មុខ​នេះ។ ភាព​ចលា​ចល​នោះ​ត្រូវ​បាន​លោក​អាឡិច​ហ្វើគូសុន ​ប្រាប់​ពី​មូល​ហេតុ​ថា ដោយ​សារ​តែ​ក្រុម​ទាំង​៤ គឺ​ក្រុម Man Utd, Man City, Bolton និង Stoke និង​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ពហុ​កីឡ​ដ្ឋាន Wembley ចំពេល​ដែល​អ្នក​គាំទ្រ​ Liverpool  ធ្វើ​ដំណើរ​​ទៅ​កាន់​ពហុ​កីឡ​ដ្ឋាន​ Emirates ក្នុង​ថ្ងៃ​តែ​មួយ។

បន្ថែម​ពី​នេះ​ទៀត លោក​អាឡិច​ហ្វើគូសុន បាន​លើក​ឡើង​ពី​ផល​ប៉ះ​ពាល់​មួយ​ទៀត​ដូច​ជា ការ​ចំណាយ​ច្រើន​ទៅ​លើ​ថ្លៃ​សាំង​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​កាន់​ទីក្រុង​ឡុង។ ជា​មួយ​នឹង​ក្តី​កង្វល់​នេះ លោក​អាឡិច​ហ្វើគូសុន បាន​ផ្តល់​យោបល់​ថា ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​តែង​តែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន Wembley តាំង​ពី​ឆ្នាំ​២០០៨​នោះ គួរ​តែ​គិត​គូរ​ឡើង​វិញ​ ហើយ​ងាក​​មក​មើល​ពហុ​កីឡ​ដ្ឋាន Villa Park ឬ Anfield វិញ ដែល​​មាន​ទីតាំង​ជិត​ជាង ដែល​អាច​សម្រួល​​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​គាំទ្រ។

អ្នក​នាំ​ពាក្យ​របស់​សហ​ព័ន្ធ​បាល់​ទាត់​អង់​គ្លេស​បាន​និយាយ​ប្រាប់ BBC ថា ៖ យើង​សង្ឃឹម​ថា ចំនួន​អ្នក​ទស្សនា​១​សែន​៨​ម៉ឺន​នាក់​របស់​ក្រុម​ទាំង​៤ នឹង​សម្រុក​ចូល​មក​ពហុ​កីឡ​ដ្ឋាន Wem​bley នៅ​ខែ​ក្រោយ​នេះ ហើយ​យើង​នឹង​ត្រៀម​រៀបចំ​សន្តិ​សុខ​ឱ្យ​បាន​ល្អ​ដល់​ពួក​​គេ ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​បាតុ​ភាព​អាក្រក់​ណា​មួយ​កើត​ឡើង។

គួរ​រំលឹក​ដែរ​ថា ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​មេសា ចំពេល​ដែល​បាល់​ទាត់​ក្នុង​ក្រប​ខណ្ឌ​អង់​គ្លេស​ប្រឺមី​ញេលីក​​ប្រកួត​​ចុង​សប្តាហ៍​ដែរ ជា​ពិសេស​គឺ​ការ​ប្រកួត​​រវាង​ក្រុម Arsenal និង​ក្រុម Liver​pool ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​វិស័យ​បាល់​ទាត់​នឿយ​ហត់​ក្នុង​ការ​ធ្វើ​​ដំណើរ​ចុះ​ឡើង​ពី​ពហុ​កីឡ​ដ្ឋាន​​មួយ​ទៅ​ពហុ​កីឡ​ដ្ឋាន​មួយ​ទៀត​ដែល​នៅ​ឆ្ងាយ​ពី​គ្នា៕