រាជធានីភ្នំពេញ ៖ យោងតាមការបញ្ជាក់កីឡាករផ្នែកល្បុក្កតោ កំពុងតែមានកង្វះខាតយ៉ាងខ្លាំងនៅក្នុងពេលនេះ បើទោះក្បាច់គុនមួយនេះ មិនមានការដាក់រេញដើម្បីផ្គូផ្គងឡើងវ៉ៃដូចគ្នានឹងកីឡាប្រដាល់ក្ដី ។ មិនត្រឹមតែកីឡាករអាជីពប៉ុណ្ណោះទេ មន្ត្រីក្នុងជួរទាហានច្រើននាក់ ក៏នឹងត្រូវបង្វឹកឱ្យក្លាយជាក្បួនផងដែរ ដោយសារតែនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គឺក្បួនរបស់អ្នកឯកទេសផ្នែកល្បុក្កតោ នឹងក្លាយជាក្បួនដ៏សំខាន់សម្រាប់ការបើកព្រឹត្តិការណ៍ និងបិទព្រឹត្តិការណ៍ ដែលជាវេទិកាដ៏សំខាន់របស់កម្ពុជា។
ការត្រៀមខ្លួនរបស់សហព័ន្ធទាំងមូលកំពុងដុតដៃដុតជើងតាំងពីក្នុងពេលនេះដើម្បីជាការត្រៀម
ខ្លួននោះផង។
យោងតាមការបង្ហោះជាហូរហែ បានបង្ហាញយ៉ាងច្បាស់ថា បងប្អូនដែលជាអ្នកឯកទេសផ្នែកល្បុក្កតោ កំពុងប្រឹងប្រែងក្នុងការហ្វឹកហាត់ ដោយការហ្វឹកហាត់នេះ មិនគ្រាន់តែជាការហ្វឹកហាត់ដើម្បីសុខភាព ឬសម្រាប់បង្កើនសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការហ្វឹកហាត់ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង ។ អ្នកទទួលការបណ្ដុះបណ្ដាលក្បាច់គុននេះ រួមមានសាលានាយទាហានសកម្ម កងពលតូចឆត្រយោង៩១១ និងក្រុមជម្រេីសជាតិល្បុក្កតោ សុទ្ធតែមានសកម្មភាពយ៉ាងសកម្មក្នុងការត្រៀមខ្លួននេះ ដោយសមាសភាពពីក្រុមកងទ័ពទាំងនេះ ក៏នឹងបង្ហាញខ្លួនក្នុងក្បួនដ៏ច្រើន សម្រាប់ព្រឹត្តិការណ៍បិទ និងបើកស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធល្បុក្កតោកម្ពុជា ធ្លាប់បានលើកឡើងថា សហព័ន្ធល្បុក្កតោ មិនមែនគ្រាន់តែរៀបចំកីឡាករដើម្បីបង្កើតវិញ្ញាសាលើកដំបូងក្នុងស៊ីហ្គេមដែលកម្ពុជាបានបង្កើតឱ្យមានវិញ្ញាសានេះនៅឆ្នាំ២០២៣ប៉ុណ្ណោះទេ តែក៏ត្រូវទទួលខុសត្រូវលើការរៀបចំក្បួនដែលមានតម្រូវការសមាសភាពអ្នកចេះល្បុក្កតោដ៏ច្រើនតាំងពីឥឡូវនោះផងដែរ ។
លោកថា សមាសភាពក្នុងជួរទាហាននឹងស្នើឱ្យមកជួយសម្រាប់ការបង្កើតក្បួននៅពេលស៊ីហ្គេមដំណើរការច្រើនណាស់ ដូច្នេះហើយទើបសមាសភាពកីឡាករដែលបានបញ្ចូលក្នុងការងារបង្វឹកទាហានៗនៅក្នុងស្ថាប័នរដ្ឋ ក៏នឹងត្រូវស្នើឱ្យមកជួយផងដែរ ដោយសារតែតម្រូវការអ្នកជួយបើកបិទស៊ីហ្គេម គឺមិនអាចពឹងតែកីឡាករដែលមានអាជីពស្រាប់ ជាពិសេសនៅពេលកីឡាករល្បុក្កតោភាគច្រើនត្រូវការការត្រៀមខ្លួន ដើម្បីប្រកួតប្រជែងយកមេដាយអន្តរជាតិនោះ ។
លោកនិយាយថា ស៊ីហ្គេម២០២៣ សល់ពេលមិនច្រើនទៀតទេ ហើយផ្នែកល្បុក្កតោ គឺត្រូវហត់ជាងគេបន្តិចហើយ ព្រោះត្រូវបម្រុងកីឡាករសម្រាប់ដណ្ដើមយកមេដាយផង និងត្រូវត្រៀមសមាសភាពដើម្បីធ្វើជាក្បួនបើក និងបិទក្បាលព្រឹត្តិការណ៍ផង។
លោកថា ការងារទី២នេះ គឺជាបន្ទុកមួយដ៏ធំ ព្រោះប្រសិនបើការរៀបចំមិនបានល្អ និង មិនបានពីចម្ងាយនោះ នឹងក្លាយជារឿងគួរឱ្យស្ដាយ ដោយសារតែស៊ីហ្គេមឆ្នាំ២០២៣ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជាតែមួយគត់ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតក្នុងតំបន់អាស៊ាន ដែលជាឱកាសឱ្យកម្ពុជាបង្អួតក្បាច់គុនល្បុក្កតោរបស់ដូនតាខ្មែរ នៅក្នុងក្រសែភ្នែកអន្តរជាតិ ។ យ៉ាងណាក៏ដោយ នៅមិនទាន់ដឹងថា នឹងមានសមាសភាពអ្នកឯកទេសល្បុក្កតោប៉ុន្មានរយនាក់ចូលខ្លួននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនោះទេ ដោយគ្រាន់តែដឹងថា សមាសភាពផ្នែកនេះនឹងមានចំនួនច្រើន ៕
ចែករំលែកព័តមាននេះ