ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

7នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ដក​ហូត​ម៉ា​ទឹក​កក​39កញ្ចប់

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ចំនួន​៧​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ត​បន្ទាប់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ខណ្ឌ​ប្ញស្សី​កែវ និង​ខណ្ឌ​ទួល​គោក ក្នុង​រវាង​ថ្ងៃ​ទី​៤ និង​ទី​៥ មីនា ហើយ​ក៏​បាន​ដក​ហូត​ម៉ា​ទឹក​កក​បាន​ចំនួន​៣៩​កញ្ចប់​ផង​ដែរ។
ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​នេះ គឺ​ជន​សង្ស័យ​៣​នាក់​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក សហ​ការ​ជា​មួយ​កម្លាំង​ការិយា​ល័យ​គ្រឿង​ញៀន​​នៃ​កង​រាជ​​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៤ មីនា និង​ដក​ហូត​បាន​គ្រឿង​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន​២៤​កញ្ចប់ ដែល​ក្នុង​នោះ​មាន​២៣​កញ្ចប់​តូច និង​១​កញ្ចប់​ធំ។
ជន​សង្ស័យ​ដែល​​ត្រូវ​ចាប់​ខ្លួន ១-​ឈ្មោះ​ញឹក រិន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​អ្នក​រើស​អេត​ចាយ, ២-​ឈ្មោះ​ហ៊ាន ឈឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អ្នក​រើស​អេត​ចាយ។ អ្នក​ទាំង​២​នាក់​ជា​ប្តី​ប្រពន្ធ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្រុម​ទី​១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ, ៣-​ឈ្មោះ​ញ៉ែម ចំរ៉ុង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​កម្ម​ការិនី​ មាន​ទីលំនៅ​ផ្ទះ​ជួល​​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។ នៅ​ក្នុង​ការ​ឃាត់​ខ្លួន​នោះ​សមត្ថ​កិច្ច​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន​១៥​កញ្ចប់​តូច។
មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ឃាត់​ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ សមត្ថ​កិច្ច​បាន​ទៅ​សហ​ការ​ជា​មួយ​ការិយា​ល័យ​គ្រឿង​ញៀន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ឈាន​ទៅ​ឆែក​ឆេរ​លំនៅ​ឋាន​នៅ​ចំណុច​​ផ្ទះ​ជួល​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ នៅ​បន្ទប់​ផ្ទះ​ជួល​លេខ​១៦១F ក្រុម​ទី​១៥ ភូមិ​ទួល​​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​ និង​ឃាត់​ខ្លួន​បាន​អ្នកជួញដូរ​​៤​នាក់​ទៀត​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ មីនា ២០១១ ហើយ​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​១៥​កញ្ចប់ ដែល​ក្នុង​នោះ​មាន​១៤​កញ្ចប់​តូច និង​១​កញ្ចប់​ធំ។
ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ១-​ឈ្មោះ​អ៊ិន ស្រ៊ុន ហៅ​ដេក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ, ២-​ឈ្មោះ​អ៊ិន សុទ្ធារី ហៅ​សិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស, ៣-​ឈ្មោះ​អ៊ិន ទេព ហៅ​សយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស និង​៤-​ឈ្មោះ​អ៊ិន ចាន់​ថុល ភេទ​ស្រី អាយុ​៤២​ឆ្នាំ អ្នក​ទាំង​៤​នាក់​ត្រូវ​ជា​បង​ប្អូន និង​ម្តាយ​មីង មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​១៦១F ដែល​ជា​ផ្ទះ​ត្រូវ​ឃាត់ខ្លួន​ខាង​លើ៕