ខេត្តកំពង់ឆ្នាំង ៖ ដោយសារមានភ្លៀងធ្លាក់គ្រប់គ្រាន់តាំងពីដើមរដូវ ធ្វើឲ្យស្រូវវស្សារបស់បងប្អូនប្រជាកសិករឆ្នាំនេះទទួលបានផលល្អនៅគ្រប់ទីកន្លែង ។ នេះបើតាមការអះអាងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ទោះជាយ៉ាងនេះក្តី ដោយសារទឹកជំនន់ក៏បានបណ្ដាលឱ្យស្រូវប្រាំងរបស់បងប្អូនជិត២ពាន់ហិកតារងការខូចខាតដែរ ។
លោក កែវ រិទ្ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ដោយទឹកភ្លៀងដែលទទួលបានពីដើមរដូវជាមធ្យមប្រមាណជាង១៣០០មីលី្លម៉ែត្រច្រើនជាងឆ្នាំចាស់ ធ្វើឱ្យបងប្អូនប្រជាកសិករបង្កបង្កើនផលបានច្រើននិងទទួលបានទិន្នផលខ្ពស់ ។
គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាកសិករប្រមូលផលស្រូវវស្សាបានជាង១ម៉ឺន៧ពាន់ហិកតា ទិន្នផលជាមធ្យមជាង៣តោនកន្លះក្នុង១ហិកតា គិតជាបរិមាណសរុបទូទាំងខេត្ត ប្រមូលផលស្រូវបានជាង៦៣ពាន់តោន ។ ដោយឡែក ស្រូវខ្លះទៀតមិនទាន់ទុំ និងខ្លះកំពុងទុំបន្តនៅឡើយ ដែលការងារប្រមូលផលស្រូវវស្សា អាចចប់សព្វគ្រប់នៅដំណាច់ខែធ្នូ។
លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា សម្រាប់ស្រូវប្រាំងវិញបានរងការខូចខាតជិត២ពាន់ហិកតាដែរ ដោយសារជំនន់ទឹកទន្លេ ។ ស្រុកដែល ខូចខាតស្រូវប្រាំងមាន ស្រុកបរិបូណ៌ ស្រុកជលគិរីស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ។
ដោយឡែក នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ប្រជាកសិករកំពុងតែរីករាយប្រមូលផលស្រូវរបស់ខ្លួន ។ ពួកគាត់អះអាងថា ស្រូវឆ្នាំនេះបានផលល្អណាស់ ព្រោះមានទឹកភ្លៀងគ្រប់គ្រាន់ បើប្រៀបធៀបនឹងឆ្នាំចាស់ ឆ្នាំនេះបានផលល្អជាង ព្រោះកាលពីឆ្នាំចាស់បានអស់ទឹកភ្លៀង តាំងពីពេលស្រូវចាប់ផ្តើមដាក់គ្រាប់ ៕
ចែករំលែកព័តមាននេះ