រាជធានីភ្នំពេញ ៖ កម្ពុជាបានរំពឹងពីកំណើននាំចេញរហូតដល់៧,៣ភាគរយ និងកំណើនវិនិយោគ២៣,៤ភាគរយ ក្រោយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP បានចូលជាធរមាន បន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចាប់ផ្ដើមចុះហត្ថលេខាកាលពីថ្ងៃទី១៥ ជាមួយបណ្ដាប្រទេសជាសមាជិក ទាំង១៥ ។
ប្រមុខដឹកនាំកិច្ចព្រមព្រៀងនេះ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋមន្ត្រី និងអ្នកចរចាអសិបទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេល ៨ឆ្នាំ កន្លងមកនេះ និងសម្រេចបាននូវអាណត្តិ ដែលបានផ្តល់ឱ្យកាលពីកិច្ចប្រជុំកំពូលអាសិប លើកទី៣ ឆ្នាំ២០១៩ កន្លងទៅ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចកម្ពុជាថា ការសម្រេចបាននូវកិច្ចព្រមព្រៀងអសិប នាពេលនេះ ជាសមិទ្ធិផលដ៏មានសារសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងតំបន់ ដែលនឹងចូលរួមចំណែកក្នុងការគាំពារ និងលើកកម្ពស់សកលភាវូបនីយកម្ម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដោយផ្អែកលើច្បាប់ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន ស្របតាមគោលការ ណ៍នៃការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌។ កិច្ចព្រមព្រៀងនេះ ក៏នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកប ដោយចីរភាព និងបរិយាប័ន្ន។ អាសិប ក៏ដើរតួនាទីជាកាតាលីករមួយផងដែរ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជននៅក្នុងតំបន់ ព្រមទាំងជួយស្តារសង្គម-សេដ្ឋកិច្ចតំបន់ឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានបញ្ចប់។
សេចក្ដីប្រកាសដដែល ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនាពេលនេះ បង្កើតបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ (១) ប្រជាជនប្រមាណ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក (២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលាន ដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។
ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់វិទ្យាស្ថាន ERIA បានបង្ហាញថា ក្រោយពីកិច្ចព្រម ព្រៀងអាសិបនេះចូលជាធរមាន គិតជាកំណើនប្រចាំឆ្នាំ ការនាំចេញរបស់ម្ពុជានឹងកើនឡើងចំនួន ៧.៣% វិនិយោគចំនួន ២៣.៤%, និងផលិតផលក្នុងស្រុកសរុប (ផសស) កើនចំនួនប្រមាណ ២% លើ ផសស ដែលមានបច្ចុប្បន្ន ។
បើតាមប្រមុខដឹកនាំអសិបបានលើកទឹកចិត្តឱ្យប្រទេសជាសមាជិកពន្លឿនការបញ្ចប់នីតិវិធីក្នុងស្រុកក្នុងការផ្តល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចចូលជាធរមានក្នុងពេលដ៏ខ្លីខាង មុខ សំដៅអនុញ្ញាតឱ្យប្រទេសជាសមាជិកទាំងអស់ អាចប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងអសិបនេះ។ ប្រមុខដឹកនាំអាសិបក៏បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងអាសិបនៅតែបើកចំហទទួលស្វាគ មន៍ភាគីឥណ្ឌាជានិច្ច នាពេលអនាគតខាងមុខ ។
បើតាមលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា មុននឹងកម្ពុជាបង្កើតនូវកិច្ចព្រមព្រៀងទ្វេរភាគីឬពហុភាគី កម្ពុជាបានគិតគូ ល្អិតល្អន់ណាស់ មុននឹងចូលរួម បើមិនចំណេញនោះប្រាកដមិនចូលរួមនោះទេ ។ ការបង្កើតកិច្ចព្រមព្រៀងនីមួយៗសុទ្ធតែជាការមើលឃើញយ៉ាងច្បាស់ពីផលចំនេញនៅពេលអនាគត ៕
ចែករំលែកព័តមាននេះ