ខេត្តស្វាយរៀង ៖ ការសម្លាប់យ៉ាងសាហាវមួយនៅច្រកព្រំដែនតានូ ជាប់ប្រទេសវៀតណាម ធ្វើឱ្យបុរសម្នាក់ឈ្មោះតូច សាវុន អាយុ៦៤ឆ្នាំ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយជនរងគ្រោះត្រូវគេចាក់បែកគ្រាប់ភ្នែកទាំង២ បែកត្របកភ្នែកខាងឆ្វេង និងរយះប្រអប់មាត់ខាងឆ្វេង៣,៥០សង្ទីម៉ែត្រ ។
ទាក់ទិនករណីសម្លាប់ដ៏សាហាវនេះ អ្នកស្រីទេព ប៉ិច អាយុ៦៥ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានប្រាប់កោះសន្តិភាពថា រូបគាត់ និងប្តីដែលមានកូន៦នាក់ ស្រី៤នាក់ មានមុខរបរធ្វើស្រែ រស់នៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ នៅយប់កើតហេតុថ្ងៃទី១២ មីនា វេលាម៉ោង១០យប់ ប្តីគាត់បានសុំប្រាក់ចៅឈ្មោះតូច សារិទ្ធ ហៅវិត អាយុ១៨ឆ្នាំ ចំនួន២.០០០រៀល យកទៅទិញស្រាកន្លះលីត្រ បារីកន្លះកញ្ចប់ និងមីមួយកញ្ចប់ អង្គុយហូបម្នាក់ឯងរហូតដល់ម៉ោងប្រមាណ១១និង៤នាទីយប់ ស្រាប់តែបាត់ពីមុខផ្ទះមិនដឹងទៅណារកមិនឃើញ ។ លុះព្រឹកឡើងថ្ងៃទី១៣ មីនា វេលាម៉ោង១១ព្រឹកក៏បានប្រទះឃើញអាវ កញ្ចប់បារី ដែកកេះ ពិល និងប្រាក់១.០០០រៀល ដាក់នៅមាត់ព្រែកតានូ ជាប់ព្រំដែនវៀតណាមក៏មានការសង្ស័យថា ក្រែងជនរងគ្រោះស្រវឹងស្រាដោះអាវចុះមុជទឹកព្រែក ហើយក៏លង់ទឹកស្លាប់ ទើបចៅៗនាំគ្នាចុះរាវទឹកក្នុងព្រែកនោះ តែពុំបានឃើញទេ ក៏ទៅខ្ចីអួនប្រជាជនវៀតណាម ដែលរស់នៅជាប់មាត់ព្រែក អូសរកសពនៅតែរកមិនឃើញ ។ រហូតដល់ម៉ោង១១និង៤៨នាទីចៅឈ្មោះតូច សារិទ្ធ ចុះរាវម្តុំសំរាស់វៀតណាមដាក់លបក៏ប៉ះជើងសពដេកផ្កាប់មុខជាប់ក្រោមសំរាស់កំប្លោក ក្នុងទឹកដីវៀតណាម ក៏នាំគ្នាលើកឡើងពីទឹក រួចសែងយកមកដាក់នៅមាត់ព្រែកខាងទឹកដីខ្មែរវិញ រួចប្តឹងសមត្ថកិច្ចប៉ូលិសវរការពារព្រំដែនប៉ុស្តិ៍ច្រករបៀងតានូ ។
លោកព្រិន្ទបាលឯកស្វាយ សារី នាយប៉ុស្តិ៍ច្រករបៀងតានូ បាននិយាយថា ក្រោយពីទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ រូបលោកបានទៅទំនាក់ទំនងជាមួយកងទ័ពការពារព្រំដែន (បៀងដុង) ប៉ុស្តិ៍លេខ៨៨៩ វៀតណាម ដើម្បីសហការពិនិត្យសាកសព និងស្រាវជ្រាវ តែភាគីវៀតណាមឆ្លើយថា មេធំ ទៅទទួលថ្នាក់លើអស់ហើយ ម្យ៉ាងសាកសពបានយកទៅទឹកដីខ្មែរវិញ ហើយគេមិនអាចចូលរួមបានទេ ។
តាមប្រភពពីលោកវរសេនីយ៍ត្រីមុំ សារ៉ុន នាយការិយាល័យបច្ចេកទេសនៃស្នងការនគរបាលខេត្ត បានឱ្យដឹងថា នេះជាអំពើឃាតកម្ម ដោយជនរងគ្រោះត្រូវគេវាយបែកគ្រាប់ភ្នែកទាំងសងខាង បែកត្របកភ្នែកឆ្វេង និងបែកមាត់ខាងឆ្វេង ៣,៥០សង្ទីម៉ែត្រ ទំនងជាសម្លាប់នៅកន្លែងផ្សេង ហើយយកសាកសពមកដាក់ក្រោមសំរាស់ កំប្លោកក្នុងព្រែកដើម្បីបំបាត់ភស្តុតាង ។ តែដោយសារជនរងគ្រោះដោះអាវទុកនៅមាត់ព្រែកខាងទឹកដីខ្មែរ ទើបក្រុមគ្រួសារជនរងគ្រោះបានឃើញ ហើយសង្ស័យក៏ចុះរាវរកសព ។ ពេលនេះគេមានចម្ងល់ថា តើជនរងគ្រោះហែលឆ្លងព្រែកទៅប្រទេសវៀតណាមធ្វើអ្វីទាំងកណ្តាលអធ្រាត្រដូច្នេះ ។
បើតាមប្រភពប្រជាពលរដ្ឋខ្លះនិយាយថា នៅចំណុចកើតហេតុនេះ ប្រជាពលរដ្ឋខ្មែរតែងតែហែលទឹកចូលទៅប្រទេសវៀតណាម ដើម្បីស៊ីឈ្នួលអូសប្រេងឱ្យវៀតណាមយកមកលក់ឱ្យប្រជាពលរដ្ឋខ្មែររាល់យប់ តែចំពោះជនរងគ្រោះមិនដឹងថា ហែលទឹកទៅធ្វើអ្វីទេ គឺស្លៀកខោខ្លី ខ្លួនទទេ ។ រីឯសមត្ថកិច្ចនិយាយថា នឹងស្រាវជ្រាវបន្តទៀត ក៏ប៉ុន្តែពិបាកដោយសពជនរងគ្រោះនៅក្នុងទឹកដីវៀតណាម ។ ក្រោយពីការពិនិត្យសាកសពរួច សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ការសម្លាប់នេះធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕





ចែករំលែកព័តមាននេះ