ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ដោយ​ខ្យល់​កន្ត្រាក់​​​នៅ​ស្រុក​មុខ​កំពូល​ទទួល​អំណោយ​កាក​បាទ​ក្រហម

8 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី៣១ ​ឧសភា ​​២០១៥ ប្រតិភូសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដឹកនាំ​ដោយ​លោក ម៉ៅ ភិ​រុណ ប្រធានកិត្តិយស​សាខា លោក ជាវ តា​យ ប្រធានគណៈ​កម្ម​ធិ​ការ​សាខា

ខេត្ត​កណ្តាល​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី៣១ ​ឧសភា ​​២០១៥ ប្រតិភូសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដឹកនាំ​ដោយ​លោក ម៉ៅ ភិ​រុណ ប្រធានកិត្តិយស​សាខា លោក ជាវ តា​យ ប្រធានគណៈ​កម្ម​ធិ​ការ​សាខា រួម​ទាំង​លោក លោកស្រី​ក្នុង​ជួររាជរដ្ឋាភិបាល គណៈ​អភិបាលខេត្ត អស់លោក លោកស្រី​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជា​ច្រើន​រូប​ទៀត បានអញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ថវិកាចំនួន២៥លាន​រៀលទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដល់​លំនៅ​ឋាន​ផ្ទាល់ចំនួន៨៧គ្រួសារ នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ដែល​បាន​ទទួល​រង​ផល​ប៉ះពាល់ដោយសារ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ និង​ប៉ើង​ដំបូលចំនួន​៨៧ខ្នង​កាលពី​រសៀលម៉ោង៣ និង៣០នាទី ថ្ងៃ​ទី៣០ ​ឧសភា ​២០១៥ ​។

ក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល និង​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្តែង​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ លោក ម៉ៅ ភិ​រុណ និង លោក​ជាវ តា​យ បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំងអស់​ដោយក្តី​នឹករឭក ។

​លោក​ជាវ តា​យ ប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​បញ្ជា​ក់​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋដែល​​​រង​គ្រោះ​ទាំងអស់​ថា ថវិកា​ដែល​សាខាបាន​យក​មក​ឧបត្ថម្ភ​ជូន​នា​ពេល​នេះ គឺ​មួយ​ផ្នែក​បាន​មក​ពី​ការ​ចូលរួម​របស់​សប្បុរសជន​តាម​រយៈ​ការ​ខិតខំ​អំពាវនាវ​របស់អាជ្ញាធរ​ខេត្ត ហើយ​មួយ​ផ្នែក​ទៀត​ គឺ​បាន​មក​ពី​ការ​ចូលរួម​របស់​សប្បុរសជន​នានាក្នុង​មិ​ទ្ទីង​ខួប​ទី​១៥២ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃ​ទី០៣ ​ឧសភា ​​២០១៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ។

សូម​បញ្ជាក់​ជូន​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង៨៧គ្រួសារ មាន​លំនៅឋា​ន​រលំ​​ដល់​ដី​ចំនួន២៤ខ្នង និង​ប៉ើង​ដំបូល​សរុប​ចំនួន៦៣ខ្នង ។ ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដល់​លំនៅឋាន​ផ្ទាល់ ប្រតិភូ​សាខា​ខេត្តបាន​ឧបត្ថម្ភ​អំណោយ​ជា​ថវិកា​ជូន​មាន​ទឹកប្រាក់​សរុប​ចំនួន ២៥.០០០.000រៀល (​ម្ភៃ​ប្រាំ​លាន​រៀល​) ៕​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព