ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុ​ន​នៅ​​សៀមរាប​​នឹងធ្វើ​តាម​ការ​គ្រោងទុក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​ចក្រភព​ខ្មែរ​ដែល​គ្រោង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ខេត្តសៀមរាប នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក ក្រោម​បរិបទ​ថ្មី ដែល​ទម្រង់​នៃ​ការរៀបចំ​អាច​ខុស​ពី​ឆ្នាំ​មុន​ៗ ដោយសារ​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​ចក្រភព​ខ្មែរ​ដែល​គ្រោង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ខេត្តសៀមរាប នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក ក្រោម​បរិបទ​ថ្មី ដែល​ទម្រង់​នៃ​ការរៀបចំ​អាច​ខុស​ពី​ឆ្នាំ​មុន​ៗ ដោយសារ​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត នឹង​កាត់​បន្ថយ​ចំនួន​អ្នកចូលរួម និង​កម្មវិធី​ធំ​ៗ​មួយ​ចំនួន ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​បញ្ជាក់​ថា លោក​កំពុង​រិះរក​វិធានការ​ធ្វើ​យ៉ាងណា​ឲ្យ​ព្រឹត្តិ​ការណ៍​កីឡា​ទេសចរណ៍​មួយ​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​សុវត្ថិភាព ។ លោក​បញ្ជាក់​ថា យើង​រៀបចំ ប៉ុន្តែ​រៀបចំ​តាម​របៀប​ថ្មី និង​កាត់​បន្ថយ​កម្មវិធី​ពី​៦០​ទៅ​៧០​ភាគរយ ។

ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ចូលរួម​បង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កម្ពុជា​​កំពុង​ទទួល​រង​រលក​ឆ្លង​ទី​ពីរ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​៣ វិច្ឆិកា​។

លោក វ៉ា​ត់ ចំរើន បាន​ពន្យល់​ថា ការ​រៀបចំ​តាម​របៀប​ថ្មី គឺ​ចង់​សំដៅ​ដល់​ការ​រៀប​ចំ​ដោយ​មាន​ការ​ចាត់វិធានការ​ការពារ និង​គោរព​តាម​វិធាន ឬ​គោលការណ៍​សុវត្ថិភាព​របស់​​ក្រសួង​សុខា​ភិបាល​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ ពោល​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​ចក្រភព​ខ្មែរ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​សុវត្ថិភាព​ខ្ពស់​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​ការ​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ខាងលើ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន ដ្បិត​គណៈកម្មការ​រៀបចំ​ចង់​កំណត់​ចំនួន​អ្នកចូលរួម ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​រៀបចំ និង​គ្រប់គ្រង​។ ប៉ុន្តែ​បើ​តាម​លោក វ៉ា​ត់ ចំរើន ការ​ចុះ​ឈ្មោះ​នឹង​បើក​ឡើង​វិញ​នៅ​ស​ប្តា​ហ៍​ក្រោយ បើសិន​ការ​ធ្វើតេស្តរ​កកូ​វី​ដ​-១៩ របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា អវិជ្ជមាន​ទាំង​លើក​ទី​៣ និង​ទី​៤​។

ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ថវិកា​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​អង្គការ​សប្បុរសធម៌​នានា ។ ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្តសៀមរាប និង​បំផុសស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ស្រលាញ់​​បរិស្ថាន ក៏​ស្ថិត​ក្នុង​គោលបំណង​របស់​ព្រឹត្តិការណ៍​នេះ​ដែរ​។

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ធំ​ៗ​ចំនួន​ពីរ​ត្រូវ​បាន​លុប​ចោល ។ ព្រឹត្តិការណ៍​ទាំងនោះ​រួម​មាន ការ​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​ភ្នំពេញ និង​ការ​រត់ប្រណាំង​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​អង្គរ​នៅ​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ